អានតួអត្ថបទ

មនុស្ស​​ជាង​១ ០០០ នាក់​​ បាត់ខ្លួន​​ដោយសារ​ភ្លើងឆេះព្រៃ​នៅកាលីហ្វញ៉ា​

មនុស្ស​ចំនួនជាង​១ ០០០ នាក់​ បានបាត់ខ្លួន​ដោយសារតែ​គ្រោះភ្លើងឆេះព្រៃ​ដ៏កំហាច​ នៅភាគខាងជើង​រដ្ឋកាលីហ្វញ៉ា​។ នេះ​បើតាម​ការលើកឡើង​របស់​អាជ្ញាធរ​អាមេរិក​ កាលពី​ថ្ងៃសុក្រ​ទី១៦​ វិច្ឆិកា​ ដោយបាន​បញ្ជាក់បន្ថែម​ថា​ ក្រុមសង្គ្រោះ​ក៏បាន​ស្វែងរកឃើញ​សាកសព​ជនរងគ្រោះ​ចំនួន៨​ នាក់បន្ថែមទៀតផងដែរ​ នាថ្ងៃ​សុក្រ​ម្សិលមិញ​។

ក្រុមពន្លត់អគ្គីភ័យព្យាយាមពន្លត់អណ្តាតភ្លើង ក្នុងតំបន់មួយនៃក្រុងម៉ាលីប៊ូ ក្នុងរដ្ឋកាលីហ្វញ៉ាកាលពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៨ ។
ក្រុមពន្លត់អគ្គីភ័យព្យាយាមពន្លត់អណ្តាតភ្លើង ក្នុងតំបន់មួយនៃក្រុងម៉ាលីប៊ូ ក្នុងរដ្ឋកាលីហ្វញ៉ាកាលពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៨ ។ REUTERS/Gene Blevins
ផ្សាយពាណិជ្ជកម្ម

ចំនួន​ជនរងគ្រោះ​ដែលស្លាប់​ដោយសារ​ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រនីញ៉ា​ បាន​កើនឡើង​រហូតដល់​ចំនួន​៧១នាក់​ហើយ​បើគិតត្រឹម​ថ្ងៃសុក្រ​ម្សិលមិញនេះ​ ពោល​គឺ​រយៈប្រាំបីថ្ងៃ​បន្ទាប់ពី​ភ្លើង​ចាប់ផ្តើមឆេះ​។ បន្ថែមលើនេះទៀ​ត ក្រៅតែពី​បង្កឲ្យមាន​អ្នកបាត់ខ្លួន​រហូតដល់​ចំនួន​ ១​ ០១១​ នាក់​ គ្រោះភ្លើងឆេះព្រៃ​ដ៍កាចសាហាវ​នេះ​ ក៏បាន​បំផ្លាញ​ផ្ទះសម្បែង​រាប់ពាន់ខ្នង​ផងដែរ​។

គ្រោះភ្លើងឆេះព្រៃ​នាពេលនេះ​ ត្រូវបាន​គេចាត់ទុកថា​ជាព្រឹត្ដិការណ៍​ដ៏អាក្រក់បំផុតមួយ​នៅក្នុង​ប្រវត្ដិសាស្ដ្រ​សហរដ្ឋអាមេរិក​ ដែលបានបំផ្លាញ​ផ្ទៃដីចំនួន ​១៤២ ០០០ ហិចតា​។ រហូតមកដល់ពេលេនះ​ មានចំនួនមនុស្ស​សរុបប្រមាណ​ ៤៧​ ០០០​ នាក់​ ត្រូវបាន​គេ​ជម្លៀស​ ហើយ​នាយកដ្ឋានសុខាភិបាលសាធារណៈ​ក៏បាន​ផ្តល់អនុសាសន៍​ ឱ្យ​ពលរដ្ឋ​គ្រប់គ្នា​សម្ងំនៅផ្ទះផងដែរ​ បើគ្មានការចាំបាច់​ ដើម្បី​គេចចេញពីផ្សែងខ្មួលខ្មាញ់​ ដែល​បន្តសាយភា​យពេញបរិយាកាស​។

ទន្ទឹមគ្នានេះ​ លោកប្រធានាធិបតី​ដូណាល់ ត្រាំ​ ក៏គ្រោង​ធ្វើដំណើរ​ទៅកាន់​រដ្ឋកាលីហ្វ័រញ៉ា​នៅថ្ងៃសៅរ៍នេះ​ផងដែរ​ ដើម្បី​ជួប​សួរសុខទុក្ខ​ជនរងគ្រោះ​ និង​ដើម្បីពិនិត្យមើល​ការខូចខាត ​ដែល​បង្កឡើង​ដោយភ្លើងឆេះព្រៃ​។

គួរជម្រាបថា​ ភ្លើងឆេះព្រៃ​ដ៏ធំ​ នៅភាគខាងជើង​រដ្ឋកាលីហ្វញ៉ា​ បានចាប់​ឆេះដំបូង​ឡើយ​នៅថ្ងៃទី៨​ ខែវិច្ឆិកា​ ហើយ​រហូតមកដល់ពេលនេះ​ គេនៅមិនទាន់រកឃើញ​ពីមូលហេតុ​ដែលបណ្តាលឲ្យមាន​សោកនាដកម្មនេះ​កើតឡើងនោះទេ​។ អាជ្ញាអាមេរិក​បានឲ្យដឹងថា​ នាពេលនេះ​ ក្រុមអ្នកពាក់ព័ន្ធ​ កំពុង​ដុតដៃដុតជើង​ស្វែងរក​ពីមូលហេតុ​ពិតប្រាកដ​ នៅពីក្រោយ​គ្រោះមហន្តរាយ​នេះ​។

តែទោះជាយ៉ាងណាក្តី​ ជនរងគ្រោះ​ជាច្រើននាក់​ បានដាក់ពាក្យបណ្តឹង​ប្រឆាំងនឹង​ក្រុមហ៊ុន​អគ្គិសនីមួយ​ ហើយ​បានចោទប្រកាន់ថា​ ភ្លើងឆេះព្រៃ​បានចាប់ផ្តើម​ នៅពេលដែល​ខ្សែភ្លើង​របស់ក្រុមហ៊ុននេះ​ផ្ទុះឆេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ