អានតួអត្ថបទ
ស៊ុយអែដ

ស៊ុយអែដ​ បញ្ឈប់​ការ​ស្វែងរក​នាវា​មុជទឹក​បាត​សមុទ្រ

អស់​រយៈពេល​មួយ​សប្តាហ៍​មក​ហើយ ដែល​ប្រទេស​ស៊ុយអែដ​ បាន​ប្រកូក​ប្រកាស រាយ​កម្លាំង​តាម​ស្វែងរក នាវា​មុជទឹក​បាត​​សមុទ្រ នៅ​ក្នុង​ដែន​សមុទ្រ​បាល់ទិក ក្បែរ​ក្រុង​ស្តុកខុម។ ប្រជាជន​ជាច្រើន​បាន​រាយការណ៍​ថា​ បាន​ឃើញ នាវា​មុជទឹក ដែល​ទំនង​អាច​ជា​នាវា​របស់​បរទេស។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ស្វែងរក​មិន​បាន​លទ្ធផល ស៊ុយអែដ​បាន​សម្រេច​បញ្ឈប់​ប្រតិបតិ្តការ​នេះ នៅ​ព្រឹក ថ្ងៃ​សុក្រ​ទី ២៤ តុលា។

នាវាទាហាន​ស៊ុយអែដ កំពុងតាមរុករក​​នាវាមុជទឹក​បាតសមុទ្រ
នាវាទាហាន​ស៊ុយអែដ កំពុងតាមរុករក​​នាវាមុជទឹក​បាតសមុទ្រ ANDERS WIKLUND/AFP
ផ្សាយពាណិជ្ជកម្ម

លោក​អគ្គមេបញ្ជាការ កងទ័ព​ជើងទឹក​ស៊ុយអែដ ដែល​បាន​ដឹកនាំ ក្រុម​បេសកកម្ម​ស្រាវជ្រាវ​រក​នាវា​មុជទឹក​បាត​សមុទ្រ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២៤ តុលា ថា ស៊ុយអែដ នឹង​បញ្ឈប់​ប្រតិបត្តិការ​ស្វែង​រក នាវា​មុជទឹក​បាតសមុទ្រ​តទៅ​ទៀត​ ព្រោះ​ការ​ស្វែងរក​អស់​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក​ហើយ មិន​បាន​រកឃើញ​​អ្វី​ទាំងអស់។

 
សូម​បញ្ជាក់​ថា ព័ត៌មាន​ដែល​បាន​មក​ថា មាន​វត្តមាន​នាវា​មុជទឹក​បាត​សមុទ្រ​បរទេស នៅ​ក្នុង​ដែន​សមុទ្រ​បាល់ទិក​របស់​ប្រទេស​ស៊ុយអែដ គឺ​ត្រូវ​បាន​ផ្តល់ឲ្យ​ ដោយ​យោង​តាម​សម្តី​របស់​ប្រជាជន​សាមញ្ញ ដែល​បាន​អះអាង​ថា​បាន​ឃើញ។ ចំណែក​ក្រុម​យោធា​ដែល​នៅ​យាមកាម​ដែន​សមុទ្រ​ មិន​បាន​ឃើញ​អ្វី​ទាំងអស់។ មាន​ប្រជាជន​ជា​ច្រើន​នាក់ បាន​ទូរស័ព្ទ និង​បាន​ផ្ញើសារ​ទៅកាន់​អាជ្ញាធរ ដើម្បី​ប្រាប់​ថា បាន​ឃើញ​មាន នាវា​មុជទឹក​បាត​សមុទ្រ។ ក្រោយ​ការ​ផ្តល់​ព័ត៌មាន​នេះ អាជ្ញាធរ បាន​ប្រមូល​ផ្តុំ​កម្លាំង ទាហាន​ជាង​២០០នាក់ រួម​ជាមួយ​នាវា ធំៗ​​ជាច្រើន​គ្រឿង ដើម្បី​ស្វែង​រក​ដាន​របស់​នាវា​មុជទឹក​ ដែល​ប្រជាជន​អះអាង​ថា​បាន​ឃើញ។ ប៉ុន្តែ​មួយ​សប្តាហ៍​កន្លង​មក​ហើយ គេ​គ្មាន​រក​ឃើញ​អ្វី​ទាំងអស់។

ទោះ​បី​ជា​យ៉ាងណា កងទ័ព​ជើងទឹក​ស៊ុយអែដ បាន​បញ្ជាក់​ថា បើ​ផ្អែក​តាម​រូបភាព​ដែល​ថត​បាន គឺ​ប្រហែល​ជា​មាន​យ៉ាង​ហោច​ណាស់​ នាវា​មុជទឹក​បាត​សមុទ្រ​មួយ​គ្រឿង​ របស់​ប្រទេស​ផ្សេង ដែល​នៅ​ក្នុង​ដែន​សមុទ្រ​បាល់ទិក​របស់​ស៊ុយអែដ។ ថ្វីត្បិត​តែ​យោធា បញ្ឈប់​ការ​រុករក ប៉ុន្តែ ក្រុម​អ្នក​ជំនាញ នឹង​បន្ត​ធ្វើ​ការ​វិភាគ​ទៅ​លើ​សម្តី នឹង​ព័ត៌មាន​ ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ប្រជាជន​ជាច្រើន​នាក់។ បន្ថែម​ពី​នេះ គេ​នឹង​ចាត់​កម្លាំង​មួយ​ចំនួន​តូច ឲ្យ​នៅ​យាមកាម​ជាប់​លាប់ ដើម្បី​តាមដាន​បន្ត​ទៀត។ យោធា​ស៊ុយអែដ បាន​ឲ្យដឹង​ផងដែរ​ថា ប្រតិបត្តិការ​ស្រាវជ្រាវ​អស់​មួយ​សប្តាហ៍​នេះ បាន​ចំណាយ​ប្រាក់​អស់ ជាង​២លាន២សែន អឺរ៉ូ ឯណោះ។

យ៉ាង​ណា​ក៏ដោយ ហេតុការណ៍​នេះ​បាន​ធ្វើឲ្យ​ស៊ុយអែដ នឹក​ឃើញ​ទៅ​ដល់​អតីតកាល កាល​ពី​ជំនាន់​សង្គ្រាម​ត្រជាក់ ដែល​កាល​នោះ មាន​នាវា​មុជទឹក​បាត​សមុទ្រ​របស់​សូវៀត​ជា​ច្រើន​គ្រឿង បាន​មក​ស៊ើបការណ៍​នៅ​ក្នុង​ដែន​សមុទ្រ​បាល់ទិក​ របស់​ស៊ុយអែដ​ជា​ញឹកញាប់។ ដោយ​ហេតុ​នេះ​ហើយ គ្រាន់​តែ​លេច​ឮ​ដំណឹង​លើក​នេះ​ភ្លាម ​មតិ​ទូទៅ​បាន​គិត​ភ្លាម បើសិន​ជា​មាន​នាវា​មុជទឹក​បាត​សមុទ្រ​មែន គឺ​គ្មាន​នរណា​ក្រៅ​ពី​រុស្ស៊ី​ទេ។ ទន្ទឹម​គ្នា​នេះ រុស្ស៊ី​បាន​ថ្លែង​បដិសេធ​ភ្លាមៗ​ដែរ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ស៊ុយអ៊ែដ បាន​ថ្លែង​ថា ស៊ុយអែដ​​ មិនទាន់​បាន​ចោទ​ប្រកាន់​ប្រទេស​ណាមួយ​នោះ​ទេ ព្រោះ​គេ​មិនទាន់​មាន​ភស្តុតាង​ច្បាស់លាស់ អញ្ចឹង​ អ្នក​មានខ្លួន​ កុំ​អាល​ចេញ​ប្រតិកម្ម​លឿន​ពេក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ