អាមេរិកទាមទារឲ្យកូរ៉េខាងជើងផ្លាស់ប្តូរឥរិយាបថមុននឹងអាចចូលតុចរចា
កាលពីថ្ងៃសុក្រម្សិលមិញនេះ សហរដ្ឋអាមេរិកបានប្រកាសថា កូរ៉េខាងជើងចាំបាច់ធ្វើការផ្លាស់ប្ដូរឥរិយាបថប្រសិនបើគេចង់ចូលរូមតុចរចា។ ការដាក់លក្ខខណ្ឌនេះ ផ្ទុយទៅនឹងការប្រកាសរបស់អាមេរិកខ្លួនឯងដែលបានលើកឡើងកាលពីថ្ងៃអង្គារមុននេះថា អាមេរិកបានត្រៀមរួចជាស្រេចដើម្បីចរចាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៣
កាលពីអង្គារដើមសប្តាហ៍នេះ លោកប្រមុខការទូតរបស់អាមេរិកបានលើកឡើងថា អាមេរិកនឹងចរចាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ក៏ប៉ុន្តែបីថ្ងៃក្រោយមក បន្ទាប់ពីទទូលរងនូវសម្ភាធពីសំណាក់ប្រធានាធិបតីលោកដូណាល់ត្រាំអោយសហរដ្ឋអាមេរិកពង្រឹងជំហរបស់ខ្លួន លោក Rex Tillerson បានធ្វើការប្រកាសសាជាថ្មីម្ដងទៀត តែលើកក្រោយនេះគឺថា កូរ៉េខាងជើងចាំបាច់ត្រូវផ្អាកការគម្រាមនិងសកម្មភាពសាកល្បងនុយក្លេអ៊ែររបស់ខ្លួនជាមុនសិនមុនពេលដែលកិច្ចចរចាចាប់ផ្តើម។ ចំពោះរយៈពេលនៃការផ្អាកការគម្រាមនិងសកម្មភាពនុយក្លេអ៊ែរនោះ លោកប្រមុខការទូតពុំបានកំណត់អោយបានជាក់លាក់នោះទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកបានបន្ថែមទៀតថា អាមេរិកមិនចង់ឲ្យមានសង្គ្រាមជាមួយកូរ៉េខាងជើងនោះទេ តែអាមេរិកនៅតែប្រកាន់យកនូវជំហតាំងពីដើមរបស់ខ្លួន ហើយការដាក់សម្ពាធទៅលើកូរ៉េខាងជើងនឹងមិនត្រូវបានដកចេញនោះទេរហូតដល់ប្រទេសនេះបញ្ឈប់នូវសកម្មភាពអាវុធនុយក្លេអ៊ែររបស់គេ។
គួរបញ្ជាក់ផងដែរថា ការដាក់សម្ពាធនោះគឺមិនមែនធ្វើឡើងតែអាមេរិកមួយនោះទេ ចិនដែលជាមិត្ដរបស់កូរ៉េខាងជើងក៏បានកាត់បន្ថយនូវការផ្គត់ផ្គងប្រេងផងដែរ ដែលនោះបានធ្វើអោយមានការធ្លាក់ចុះនូវស្ថានភាពសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។ ចំណែកឯរុស្សីវិញ មិនបានដាក់សម្ភាធសេដ្ឋកិច្ចទៅលើកូរ៉េខាងជើងនោះទេ បើទោះបីជាមានការស្នើសុំពីសំណាក់សហរដ្ឋអាមេរិកយ៉ាងណាក្តី។ ចាប់តាំងពីឆ្នាំ២០១៦មក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មចំនួនបីលើករួចមកឡើងក្នុងគោលបំណងកាត់បន្ថយចំនូលដែលចូលទៅកាន់កម្មវិធីគម្រោងអាវុធរបស់កូរ៉េខាងជើង។
ចំណែកលោកប្រមុខការទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិវិញ បានលើកឡើងថា កូរ៉េខាងជើងជាប្រទេសស្រលាញ់សន្តិភាព និងជាមហាអំណាចនុយក្លេអ៊ែរប្រកបដោយការទទួលខុសត្រូវ ហើយថា សព្វាវុធនុយក្លេអ៊ែរគឺចាំបាច់ត្រូវតែមានដើម្បីការការពារប្រទេសរបស់ខ្លួន។ តែទោះជាយ៉ាងណាក្តី លោកមិនបាននិយាយធ្វើដែលឆ្លើយតបទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិកឲ្យផ្អាកការសាកល្បងមីស៊ីលនិងនុយក្លេអ៊ែរនោះទេ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៧នេះ កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកទី៦ហើយ ហើយពួកគេក៏បានសាកល្បងនូវអាវុធមីស៊ីលចំនួន២ដងផងដែរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ