អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ចាប់ផ្តើម​បើក​យុទ្ធនាការ​ទប់ស្កាត់​មេរោគ​អេបូឡា​តាម​ច្រក​ព្រលាន​យន្តហោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍​ទី១១​តុលា​នេះ អជ្ញាធរ​សុខាភិបាល​អាមេរិក​ បាន​ចាត់ឲ្យ​ធ្វើការ​ត្រួត​ពិនិត្យ សួរនាំ និង​ថតស្គែន​ គ្រប់​អ្នក​ដំណើរ​ទាំងអស់​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស ហ្គីណេ លីបេរីយ៉ា និង​សេរ៉ាឡេអូន ចូលមក​ក្នុង​សហរដ្ឋ​អាមេរិក តាម​ច្រក​ព្រលាន​យន្តហោះ Kennedy នៅ​ក្រុង​ញូវយ៉ក។ ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ភាគច្រើន​ នៅតែ​មាន​ភាព​ស្រពិច​ស្រពិល​អំពី​ប្រសិទ្ធិភាព​នៃ​វិធានការ​នេះ ព្រោះ​គេ​មិន​សង្ឃឹម​ថា​ វា​នឹង​អាច​ទប់ស្កាត់​មេរោគ​អេបូឡា​បាន​១០០​ភាគរយ​នោះ​ទេ។

ព្រលានយន្តហោះ John F. Kennedy​ នៅក្រុង ញូយ៉ក
ព្រលានយន្តហោះ John F. Kennedy​ នៅក្រុង ញូយ៉ក
ផ្សាយពាណិជ្ជកម្ម

អេបូឡាគំរាមកំហែងពិភពលោក៖

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ មេរោគ​អេបូឡា​បាន​នឹង​កំពុង​តែ​បន្ត​ការ​គំរាម​កំហែង ដល់​អាយុ​ជីវិត​ប្រជាជន មិន​ត្រឹមតែ​នៅ​បណ្តា​ប្រទេស​នៅ​ខាងលិច​ទ្វីប​អាហ្រ្វិក​ទេ ពោល​គឺ​ទូទាំង​ពិភពលោក​ទាំងមូល​តែម្តង។ មាន​ប្រទេស​ជាច្រើន​បាន​ចាត់​វិធានការ​ផ្សេងៗ​ ដើម្បី​ទប់ស្កាត់​មិនឲ្យ​មេរោគ​នេះ​ឆ្លង​ចូល​មក​ប្រទេស​គេ។ ជាក់ស្តែង​សហរដ្ឋ​អាមេរិក​ពេល​នេះ ដែល​បាន​ចាត់​វិធានការ​យ៉ាង​តឹងតែង​នៅ​ព្រលាន​យន្តហោះ​ក្រុង​ញូវយ៉ក។

ជា​ការ​ពិត​ណាស់ ពិភពលោក​ទាំងមូល​កំពុងតែ​ជ្រូល​ច្របល់ ភ័យខ្លាច​ការ​រីក​រាលដាល​នៃ​មេរោគ​អេបូឡា​ដ៏​កាច​សាហាវ​នេះ ឆ្លង​រីក​រាលដាល​ទូទាំង​ពិភពលោក ព្រោះ​ថា​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិនទាន់​រកឃើញ​ថ្នាំ​ព្យាបាល​​ដែល​មាន​ប្រសិទ្ធិភាព​ដើម្បី​កំចាត់​មេរោគ​នេះ​នៅឡើយ​ទេ។ វិធី​តែមួយ​គត់​ដែល​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​នេះ គឺ​បញ្ឈប់​កុំឲ្យ​មេរោគ​នេះ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ ដូច្នេះ​ហើយ​ទើប​ពេល​នេះ សហរដ្ឋ​អាមេរិក បាន​ចាត់​វិធានការ​ ចាប់​ពី​ថ្ងៃ​នេះទៅ ឲ្យ​មាន​ការ​ត្រូត​ពិនិត្យ​យ៉ាង​តឹងតែង​ ទៅ​លើ​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​ មក​ពី​ប្រទេស​បី នៅ​អាហ្រ្វិក​ខាងលិច ដែល​មាន​អ្នក​ជំងឺ​​អេបូឡា​ច្រើន​ជាងគេ​បំផុត គឺ ប្រទេស ហ្គីណេ លីបេរីយ៉ា និង​សេរ៉ាឡេអូន។

ក្តាប់​ឲ្យបាន​អ្នក​ដំណើរ​ដែល​គួរ​ឲ្យ​សង្ស័យ​ ថា​មាន​ផ្ទុក​មេរោគ​អេបូឡា ចូល​មក​ក្នុង​សហរដ្ឋ​អាមរិក៖
សូម​បញ្ជាក់​ថា​រហូត​មកដល់​ថ្ងៃ​នេះ មាន​អ្នក​ជំងឺ​ ៤០០០​នាក់​ហើយ​ដែល​បាន​ស្លាប់។ វិធាន​ការ​របស់​អជ្ញាធរ​សុខាភិបាល​អាមេរិក គឺ​ថា ត្រួត​ពិនិត្យ លើអ្នក​ដំណើរ​ប្រហែល​ជា​១៦០នាក់​ក្នុង​មួយថ្ងៃៗ ដែល​មក​ពី​ប្រទេស​ទាំង​បី​នោះ។ អ្នក​ដំណើរ​ទាំង​នោះ ត្រូវ​ឆ្លើយ​សំណួរ​យ៉ាង​ល្អិតល្អន់ ស្តីពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ នៅ​ក្នុង​ប្រទេស​ទាំង​នោះ ថា​តើ​ធ្លាប់​បាន​ប៉ះពាល់ រឺ​នៅក្បែរ​អ្នក​ជំងឺ​អេបូឡា​ដែរ​រឺទេ។ អ្នក​ដំណើរ​ទាំងអស់​នោះ នឹង​ត្រូវ​ឆ្លងកាត់​ក្នុង​ម៉ាស៊ីន​ថតស្គែន ដើម្បី​ស្ទាបស្ទង់​ពី​កំដៅ​ក្នុង​ខ្លួន។

ក្នុង​ករណី​មាន​ការ​សង្ស័យ ឧទាហរណ៍​ថា អ្នក​ដំណើរ​ណាម្នាក់​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​អេបូឡា រឺ​ក៏​អ្នក​ដំណើរ​នោះ​ មាន​អការៈ​ក្តៅខ្លួន​ខ្លាំង គេ​នឹង​បញ្ជូន​ឲ្យ​ទៅ​នៅ​ក្នុង​បន្ទប់​ពិសេស​មួយ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម ហើយ​ក្នុង​ពេល​រងចាំ​នេះ អ្នក​ដំណើរ​ដែល​គេ​សង្ស័យ​ ត្រូវ​នៅ​ក្នុង​នោះ ហើយ​មិន​ឲ្យ​ជួប​ជាមួយ​មនុស្ស​ខាងក្រៅ​ទេ។ ប៉ុន្តែ ​តាម​ការ​ប៉ាន់​ស្មាន​​មើល​ទៅ អ្នក​ដំណើរ​ដែល​អាច​ឲ្យគេ​សង្ស័យ​នោះ​ មាន​តិចតួច​ណាស់ ព្រោះ​ថា តាម​ធម្មតា បើសិន​ជា​អ្នក​ដំណើរ​ម្នាក់​បាន​ឆ្លង​​មេរោគ​អេបូឡា មនុស្ស​នោះ​មិនមែន​ក្តៅ​ខ្លួន​រឺ​ឈឺ​​ភ្លាមៗ​នោះ​ទេ រោគ​សញ្ញា​មេរោគ​អេបូឡា​នឹង នឹង​ចេញ​មក​មួយ​អាទិត្យ រឺ​ដប់​ថ្ងៃ​ក្រោយ​ឯណោះ។

វិធានការ​ត្រូត​ពិនិត្យ​តាម​ព្រលាន​យន្តហោះ អាច​ទប់ស្កាត់​មេរោគ​អេបូឡា​បាន​១០០​ភាគរយ ដែរ​​រឺទេ?
ទោះបី​ជា​យ៉ាងណា​ ការ​ត្រូត​ពិនិត្យ​នៅ​ច្រក​ព្រលាន​យន្តហោះ​ លើ​អ្នក​ដំណើរ​មក​ពី​ប្រទេស​ដែល​មាន​មេរោគអេបូឡា វា​មិន​សូវ​ជា​មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ ក្នុង​ការ​រាំងខ្ទប់​មេរោគ​នេះ មិនឲ្យ​ចូល​មក​ក្នុង​ទឹកដី​របស់​ប្រទេស​និមួយៗ។

ទីមួយ​ដោយ​ហេតុ​ថា មនុស្ស​ដែល​មាន​មេរោគ​នេះ​ក្នុង​ខ្លួន មិនមែន​មាន​រោគ​សញ្ញា​ចេញ​ភ្លាមៗ​នោះទេ។ ជួន​កាល​មួយ​អាទិត្យ ទៅ​១០​ថ្ងៃ​ឯណោះ​ទើប​ដឹង។ ហើយ​ល្គិក​ណា មិន​ទាន់​មាន​រោគ​សញ្ញា​ចេញ​មក​ខាងក្រៅ គេ​មិន​អាច​ជោះឈាម​មើល​បានទេ។ រោគ​សញ្ញា​ដែល​អាច​កត់​សម្គាល់​បាន​ គឺ​ក្តៅខ្លួន​ខ្លាំង ហើយ​ពេល​ខ្លះ​បើ​ដល់​ដំណាក់​កាល​ធ្ងន់ អ្នក​ជំងឺ​អាច​ហូរ​ឈាម​តាម​ភ្នែក រឺ​តាម​ច្រមុះ និង​មាន​រាករូស​ទៀត​ផង។ មួយ​វិញ​ទៀត បើ​ម៉ាស៊ីន​ស្គែន​ ថត​បាន​អ្នក​ដំណើរ​មួយ​ចំនួន​ដែល​ក្តៅខ្លួន ហើយ​សង្ស័យ​ថា​មាន​មេរោគ​អេបូឡា តែ​តាម​ការ​ពិត ពេល​ខ្លះ អ្នក​ដំណើរ​គាត់​ក្តៅ​ខ្លួន​ធម្មតា ដោយ​សារ​គ្រុន រឺ​មាន​ជំងឺ​ផ្សេងៗ​ទៀត​ក៏​ថា​បាន។ វា​មិនមែន​ឲ្យ​តែ​ក្តៅ​ខ្លួន សុទ្ធសឹង​តែ​អេបូឡា​ទាំងអស់​នោះ​ទេ។

មូលហេតុ​មួយ​ចំនួន​ទៀត ដែល​អាច​ឲ្យ​យើង​យល់​ថា វិធានការ​នៅ​តាម​ព្រលាន​យន្តហោះ​មិនសូវ​ជាមាន​ប្រសិទ្ធិភាព គឺ​ទាក់ទង​ទៅ​នឹង​ភាព​ស្មោះត្រង់​របស់​អ្នក​ដំណើរ​ក្នុង​ការ​ឆ្លើយ​សំណួរ។ គេ​មិន​ប្រាកដ​ថា អ្នក​ដំណើរ​ទាំងអស់​ឆ្លើយ​ការពិត​ ថា​ខ្លួន​គេ​បាន​ប៉ះពាល់​ ​រឺ​នៅ​ក្បែរ​អ្នក​ជំងឺ​អេបូឡា​នោះ​ទេ ព្រោះ​ថា​ជួនកាល​ គ្នា​ខ្លាច​ត្រូវ​គេ​ឃាត់ទុក រឺ​ក៏​បញ្ជូន​ទៅ​ទី​កន្លែង​ផ្សេងៗ។ មួយវិញទៀត ដូច​ក្នុង​ករណី​ជំងឺ​ផ្តាសាយបក្សី អញ្ចឹង អ្នក​ដំណើរ​ខ្លះ​គាត់ ក្តៅខ្លួន ហើយ​គាត់​លេប​ថ្នាំ​ Tylenol​ ដើម្បី​បន្ថយ​កំដៅ។ ដូច្នេះ​ម៉ាស៊ីន​ស្គែន​ ថត​អត់​ឃើញ​អី​ទាំង​អស់។

ចំនុច​មួយ​ទៀត​នោះ គឺ​ការ​កំណត់​ក្រុម​អ្នក​ដំណើរ​ ​ដែល​មក​ពី​ប្រទេស​ទាំងបី​នៅ​អាហ្រ្វិក​ខាងលិច។ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​តែ​២​ទេ​   ដែល​មាន​ជើង​ហោះហើរ​ផ្ទាល់​មក​ដល់​អាមេរិក។ យើង​កុំ​ភ្លេច​ថា មាន​អ្នក​ដំណើរ​មួយ​ចំនួន​ធំ​ទៀត​ ដែល​ឈប់​នៅ​បណ្តា​ប្រទេស​ផ្សេងៗ មុន​នឹង​បន្ត​ដំណើរ​មកដល់​អាមេរិក។ ដូច្នេះ វា​ពិបាក​ណាស់​ ក្នុង​ការ​តាមដាន​ថា​ អ្នក​ដំណើរ​ណា​មក​ពី​ណា។ ចង់​កំចាត់​មេរោគ​នេះ ឲ្យ​សាបសូន្យ ទាល់តែ​គ្រប់គ្រង់​ឲ្យ​បាន នូវ​ការ​ឆ្លង​រាលដាល​របស់​វា នៅ​ក្នុង​ប្រទេស​ប្រភព​ដើម​វា​នៅ​អាហ្វ្រិក មិនមែន​មក​បិទ​ទ្វា​ព្រំដែន​ មិនឲ្យ​មនុស្ស​ចេញ​ចូល ទើប​ថា​ទប់ស្កាត់​បាន​នោះ​ទេ។

ការពារ​ប្រសើរ​ជាង​ព្យាបាល៖
ប៉ុន្តែ​យ៉ាងណា​ក៏ដោយ វិធានការ​ត្រួត​ពិនិត្យ​តាម​ព្រលាន​យន្តហោះ ជា​វិធី​សាស្រ្ត​មួយ​ដែរ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេបូឡា​ មិនឲ្យ​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​និមួយៗ ថ្វីត្បិត​តែ​វា​មិនសូវ​ជា​មាន​ប្រសិទ្ធិភាព​១០០​ភាគរយ​ក៏​ដោយ។ វិធានការ​នេះ អាច​ជួយ​ឲ្យ​អាជ្ញាធរ​ក្តោប​យក​ព័ត៌មាន​ទូទៅ​របស់​អ្នក​ដំណើរ ហើយ​ធ្វើ​ការ​តាមដាន​តទៅ​មុខ ក្រែង​មាន​រោគ​សញ្ញា​ស្តែង​ចេញ​ឡើង ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ធ្វើ​អន្តរាគមន៍​ ឲ្យ​ទាន់​ពេល​វេលា។ ដូចគ្នាដែរ ព្រលាន​យន្តហោះ និង​ស្ថានីយ៍​រថភ្លើង​មួយ​ចំនួន​នៅ​អង់គ្លេស ក៏​នឹង​ចាប់ផ្តើម ធ្វើការ​ត្រូត​ពិនិត្យ​ និងថត​ស្គែន​ដែរ។ ដូច​ពាក្យ​ចាស់​ខ្មែរ​យើង​និយាយ​មិនខិសទេ​គឺ ​ការពារ ប្រសើរ​ជាង​ព្យាបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ