អានតួអត្ថបទ

អាមេរិក​នៅតែ​បន្ត​អនុញ្ញាតឲ្យ​មាន​ជើងហោះហើរ​របស់​យន្តហោះ​ប៊ូអ៊ីង​ ៧៣៧ MAX​

សហរដ្ឋអាមេរិក​បាន​និយាយថា​ វា​គ្មានហេតុផលអ្វី​ដែល​ត្រូវ​ផ្អាក​ចរាចរណ៍​ហោះហើរ​របស់​យន្តហោះ​ប៊ូអ៊ីង​ ៧៣៧ MAX ឡើយ​ ទោះបី​យន្តហោះ​ប្រភេទនេះ​ចំនួនពីរ​រួចមកហើយ​ បានធ្លាក់​ក្នុងចន្លោះពេលតែ​រវាង ៤ ខែ​ និង​បើទោះបីជា​ប្រទេស​ជាច្រើន​ ស្ទើរតែ​ទាំងអស់​ទៅហើយ​នៅក្នុង​ពិភពលោក​ បាន​ផ្អាក​ការហោះហើរ​យ៉ាងណាក្តី​។

យន្តហោះប៊ូអ៊ីង 737 Max 8 របស់អាមេរិក ហោះពី Miami មកកាន់ទីក្រុងញ៉ូវយក នាថ្ងៃទី១២ មីនា ឆ្នាំ២០១៩។
យន្តហោះប៊ូអ៊ីង 737 Max 8 របស់អាមេរិក ហោះពី Miami មកកាន់ទីក្រុងញ៉ូវយក នាថ្ងៃទី១២ មីនា ឆ្នាំ២០១៩។ REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

ទោះបីជា​មាន​ការធានាអះអាង​ ពី​អាមេរិក​ដែល​ជា​ម្ចាស់​អ្នកផលិត​យន្តហោះ​ប៊ូអ៊ីង​ ៧៣៧ MAX យ៉ាងណាក្តី​ ក៏​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ប្រភេទ​នេះ​បន្តបន្ទាប់គ្នា​ ធ្វើឲ្យ​ប្រទេស​ជាច្រើន​នាំគ្នា​ភ័យបារម្ភ​ និង​សម្រេចផ្អាក​ការហោះហើរ​នូវ​ជើងយន្តហោះប្រភេទនេះ​។

ជាក់ស្តែង​ បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ដូចជា​ អង់គ្លេស​ បារាំង​ រួមជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ទៀត​មាន​ជាអាទិ៍​ ឥណា្ឌ​ ចិន​ សិង្ហបុរី​ និងវៀតណាម​ជាដើម​ នាំគ្នាផ្អាក​ ឬហាម​មិនឲ្យជើងយន្តហោះ​ប្រភេទ​ ៧៣៧ MAX ហោះហើរ​ឆ្លងកាត់​ដែន​អាកាស​របស់ខ្លួនឡើយ​។

តែទោះបីជា​ ប្រទេស​ស្ទើរតែ​ទូទាំង​ពិភពលោក​ចាត់វិធានការ​បែបនេះក្តី​ សហរដ្ឋអាមេរិក​នៅតែ​បដិសេធ​មិនធ្វើដូច្នោះឡើយ​។ ទាក់ទងរឿងនេះដែរ​ ប្រធានផ្នែក​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​ ហៅកាត់ថា​ (FAA) បាន​បញ្ជាក់ថា​កាលពីថ្ងៃអង្គារ​ម្សិលមិញថា​ តាមការត្រួតពិនិត្យ​ ប្រព័ន្ធបច្ចេកទេស​ដែល​មានបំពាក់​នៅលើ​យន្តហោះ​ ៧៣៧ MAX មិនមាន​បញ្ហា​ដូច​ការសង្ស័យឡើយ​ ហើយថា​យន្តហោះ​មានសុវត្តិភាព​ល្អ​។

ជាមួយគ្នានេះ​ ប្រធានផ្នែក​កម្មវិធី​សុវត្ថិភាព​ និង​សន្តិសុខ​អាកាសចរណ៍​នៅឯ​សាកលវិទ្យាល័យ​ភាគខាងត្បូង​រដ្ឋកាលីហ្វ័រញ៉ា​ លោក Thomas Anthony បាន​និយាយថា​ មូលហេតុ​ដែល​ធ្វើឲ្យ​ធ្លាក់យន្តហោះប៊ូអ៊ីង​ វាមិនមែន​ត្រឹមតែជា​បញ្ហាម៉ាស៊ីន​ ឬ​ប្រព័ន្ធកម្មវិធី​របស់​យន្តហោះឡើយ​ ហើយ​លោកជឿថា​ គ្រោះថ្នាក់ផ្ទួនៗ​ បាន​ធ្វើឲ្យ​គេកាន់តែ​ចោទជាសំណួរ​ និងសង្ស័យកាន់តែខ្លាំង​ផងដែរ​ អំពី​សុវត្ថិភាព​របស់​យន្តហោះប៊ូអ៊ីង​ ៧៣៧ MAX ​​។

គួរជម្រាបជូនថា​ ចំណាត់ការ​ផ្អាក​ការហោះហើរ​យន្តហោះប៊ូអ៊ីង​ ៧៣៧ MAX ​របស់​ប្រទេសនានា​កាន់តែច្រើនឡើងៗ​ ធ្វើឲ្យក្រុ​មហ៊ុន​ប៊ូអ៊ីង​របស់​អាមេរិក​ ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំជាងគេ​កំពុងតែ​រងសម្ពាធ​ជាខ្លាំង​។

គេ​នៅមិនទាន់ដឹង​នៅឡើយទេថា​ តើ​និន្នាការ​ផ្អាកជើង​ហោះហើរនេះ​នឹងបន្ត​ ឬបញ្ចប់ទៅ​នៅពេលណានោះ​ ប៉ុន្តែ​គេដឹងថា​បច្ចុប្បន្ននេះ​មានយន្តហោះ​ប្រភេទប៊ូអ៊ីង​៧៣៧ MAX ៨​ ចំនួន​ ៣៥០​ ដែល​ត្រូវបានផលិត​ និង​ដាក់ឲ្យដំណើរ​នៅទូទាំង​ពិភពលោក​។

ពាក់ព័ន្ធរឿងនេះដែរ​ កាលពីម្សិលមិញនេះ​ ប្រធានាធិបតីអាមេរិកដូណាល់​ ត្រាំ​បានសរសេរ​នៅលើ​បណ្តាញសង្គម​ Twitter ថា​ យន្តហោះ​បានក្លាយទៅជា​យានជំនិះ​មួយ​ក៏គួរ​ឲ្យបារម្ភ​ក្នុងការ​ធ្វើដំណើរ​។ មិនតែប៉ុណ្ណោះ​ លោកត្រាំ​ ថែមទាំងបាន​និយាយតាម​ទូរស័ព្ទ​អំពី​យន្តហោះ​ ប៊ូអ៊ីង​ ៧៣៧ MAX​ ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ប៊ូអ៊ីង​ទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ