អានតួអត្ថបទ

អារ៉ាប៊ីសាអូឌីត​តែងតាំង​ឯកអគ្គ​រាជទូត​ស្ត្រី​ដំបូងគេ​បង្អស់​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​

អារ៉ាប៊ីសាអ៊ូឌីត​ កាលពី​ថ្ងៃសៅរ៍​ទី២៣ កុម្ភៈ​ បាន​តែងតាំង​ក្សត្រិយ៍​ម្នាក់​ ឲ្យ​កាន់​មុខតំណែង​ជា​ឯកអគ្គរាជទូត​ស្ត្រីដំបូងបង្អស់​របស់ខ្លួន​ ប្រចាំ​នៅទីក្រុងវ៉ាស៊ីន​ នៃ​សហរដ្ឋអាមេរិក​។ ជា​ការតែងតាំង​ដ៏​សំខាន់​មួយ​ និង​មិនធ្លាប់​មាន​ពីមុនមក​ ដែល​គេ​ជឿថា​ធ្វើឡើង​ ដើម្បីស្តារ​ចំណង​ទាក់ទង​ រវាង​ប្រទេស​អ្នកមាន​ដោយសារ​ការលក់​ប្រេង​មួយនេះ​ ជាមួយនឹង​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​សហភាពអឺរ៉ុប​។

ព្រះអង្គម្ចាស់ក្សត្រិយ៍ រីម៉ា ប៊ីនប៊េនដា
ព្រះអង្គម្ចាស់ក្សត្រិយ៍ រីម៉ា ប៊ីនប៊េនដា AFP
ផ្សាយពាណិជ្ជកម្ម

ការតែងតាំង​សមាសភាព​ស្ត្រីភេទ​ គឺ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​ រីម៉ា​ ប៊ីនប៊េនដា​ (Rima Bint Bandar) ឲ្យកាន់​មុខតំណែង​ខ្ពស់​ជាពិសេស​ឲ្យកាន់​តំណែង​ជា​ឯកអគ្គរាជទូត​ ត្រូវ​គេ​មើលឃើញថា​ធ្វើឡើង​ដើម្បី​លើកស្ទួយ​មុខមាត់​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែល​រុំព័ទ្ធ​ដោយ​រឿងអាស្រូវ​ឃាតកម្ម​លើ​អ្នកកាសែត​ Khashoggi​។

ពិសេស​ជាងនេះ​ទៅទៀតនោះ​ និន្នាការ​ថ្មី​របស់​អារ៉ាប៊ីសាអូឌីត​នេះ​ ក៏ជា​ចេតនាមួយ​បង្ហាញថា​ប្រទេស​អារ៉ាប៊ីសាអូឌីត​ចង់ស្តារ​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​អាមេរិក​ និង​ប្រទេស​លោកខាងលិច​ដទៃទៀតដែរ​។

ជាក់ស្តែង​ អ្នកជំនាញ​កិច្ចការទូត​សហរដ្ឋអាមេរិក​ម្នាក់​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP​ ថា​ ការតែងតាំង​ស្ត្រី​ឲ្យកាន់​មុខតំណែងខ្ពស់​ ពិតជា​បង្ហាញពី​គោលបំណង​ របស់​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ​ក្នុងការ​ធ្វើឲ្យ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច​វិលមករក​ភាពល្អប្រសើរនឹងគ្នា​ឡើងវិញ​ពិតប្រាកដមែន​។ លោកបន្តថា​ តែទោះជាយ៉ាណាក្តី​ គេ​នៅមិនទាន់ដឹងទេថា​ ប្រទេស​លោកខាងលិច​នឹង​បញ្ចេញប្រតិកម្មអ្វី​ចំពោះ​ចំណាត់ការថ្មី​របស់​អារ៉ាប៊ីសាអូឌីត​នោះទេ​។

សូមជម្រាបជូនថា​ ឯកអគ្គរាជទូត​អាវ៉ាប៊ីសាអូឌីតថ្មី​ ដែល​នឹង​ធ្វើការប្រចាំ​នៅទីក្រុងវ៉ាស៊ីន​ គឺ​ព្រះអង្គម្ចាស់ក្សត្រិយ៍​ រីម៉ា​ ប៊ីនប៊េនដា​ គឺជា​បុត្រី​ របស់​អតីត​មន្ត្រី​ឯកអគ្គរដ្ឋទូត​អារ៉ប៊ីសាអូឌីតម្នាក់​ដែរ​ ប្រចាំ​នៅ​សហរដ្ឋអាមេរិក​។

ក្សតិយ៍អង្គនេះ​ គឺ​ជា​អ្នកគាំទ្រ​យ៉ាងមុតមាំ​ចំពោះ​ការពង្រឹង​ និង​លើកកម្ពស់​សិទ្ធិអំណាច​ស្ត្រី​ នៅ​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​ ដែលជា​ប្រទេស​ធ្លាប់​ទទួល​រងនូវ​ការរិះគន់​យ៉ាងខ្លាំងក្លា​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ ជាការ​រិះគន់​ ចំពោះ​ការចាប់​សកម្មជនស្ត្រី​ដាក់ក្នុង​ពន្ធនាគារ​ ការ​រំលោភបំពានផ្លូវភេទ​ និង​ការធ្វើទារុណកម្មមួ​យចំនួន​ទៅលើ​ស្ត្រី​។

ព្រះនាងម្ចាស់​រីម៉ា​ពីមុន​មក​ធ្លាប់មាន​បទពិសោធន៍​ធ្វើការ​ក្នុងវិស័យ​កីឡា​របស់​អារ៉ាប៊ីសាអូឌីត​។ ជាកន្លែង​ ដែល​អនាគត​ឯកអគ្គរាជ​ទូតស្ត្រី​ដំបូង​គេ​បង្អស់​របស់​អារ៉ាប៊ីសាអូឌីត​ បានដឹកនាំ​យុទ្ធនាការ​ដើម្បី​បង្កើន​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​វិស័យកីឡា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ