អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត

អាមេរិកបញ្ជាក់ជាថ្មីពីការគាំទ្រអារ៉ាប៊ីសាអូឌីតប្រឈមនឹងឥរិយាបទប្រកបដោយគ្រោះថ្នាក់របស់អ៊ីរ៉ង់

ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ថ្ងៃ​ព្រហស្បតិ៍ ទី២០ កុម្ភៈ​ដែល​ជា​ថ្ងៃ​ទី២ នៃ​ទស្សនកិច្ច លោក​ប៉ុមប៉េអូ​បាន​ជួប​សន្ទនា​ជាមួយ​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាម៉ាន និង​បាន​ទៅ​ជួប​សំណេះសំណាល​ជាមួយ​កងទ័ព​អាមេរិក​ដែល​ឈរ​ជើង​លើ​ទឹកដី​អារ៉ាប៊ីសាអូឌីត។ វត្តមាន​ប្រមុខ​ការទូត​អាមេរិក​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សត្រូវ​ស៊ីសាច់ ហុតឈាម​របស់​ប្រទេស​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាមេរិក និង​អ៊ីរ៉ង់​បាន​ស្គាល់​ភាព​តានតឹង​ដល់​កំពូល​រវាង​គ្នា​កាល​ពី​ជាង ១ខែ​មុន​នេះ។ តើ​ទស្សនកិច្ច​របស់​លោក​ប៉ុមប៉េអូ​នៅ​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​មាន​គោលដៅ​អ្វី​ខ្លះ?។

ជំនួប​រវាងប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ និង​ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតសាម៉ាន​ក្នុង​ទីក្រុង​រីយ៉ាដ ថ្ងៃទី២០ កុម្ភៈ ២០២០
ជំនួប​រវាងប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ និង​ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតសាម៉ាន​ក្នុង​ទីក្រុង​រីយ៉ាដ ថ្ងៃទី២០ កុម្ភៈ ២០២០ Reuters
ផ្សាយពាណិជ្ជកម្ម

គោលដៅ​នៃ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​ក្នុង​ទឹកដី​សម្ព័ន្ធមិត្ត​អារ៉ាប់​នៅ​ដើមបូព៌ា​មួយ​នេះ​មិនមែន​សំដៅ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់ ឬ​ជួយ​សម្រុះសម្រួល​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ទេ តែ​ដើម្បី​គូសបញ្ជាក់​ពី​ទំនាក់ទំនង​យូរលង់​រវាង​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​វ៉ាស៊ីតោន។ ទន្ទឹម​គ្នា​នេះ អាមេរិក​ចង់​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ការពារ​អារ៉ាប៊ីសាអូឌីត​ប្រឈម​នឹង​ឥរិយាបទ​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ ជំហរ​ទាំង​នេះ​របស់​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រសួង​ការបរទេស​អាមេរិក​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២០ កុម្ភៈ។

« ដើម្បី​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ និង​តាម​សំណើ​របស់​អារ៉ាប៊ីសាអូឌីត អាមេរិក​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មីស៊ីល និង​យន្តហោះចម្បាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​ដើម្បី​ការពារ​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​ប្រឈម​ទប់​នឹង​ការ​វាយប្រហារ​នា​ពេល​ខាង​មុខ » នេះ​ជា​ខ្លឹមសារ​ដែល​មាន​សរសេរ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន។ គួរ​រម្លឹក​ថា អាមេរិក​បាន​បញ្ជូន​កម្លាំង​យោធា​បន្ថែម​ទៅ​កាន់​មជ្ឈិមបូព៌ា ពិសេស​ទៅ​អារ៉ាប៊ីសាអូឌីត បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ដែល​អាមេរិក​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អ៊ីរ៉ង់។

បន្ទាប់​មក​នៅ​ជាង ១ខែ​មុន ពោល​ក្រោយ​ពី​អាមេរិក​បាន​បាញ់​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ក្នុង​ថ្ងៃទី៣ មករា និង​បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​គ្រាប់មីស៊ីល​ទៅ​លើ​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់​មក ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេហេរ៉ង់​បាន​ឡើង​ដល់​កំពូល។ ក្រៅ​ពី​បង្ហាញ​ជំហរ​គាំទ្រ និង​ការពារ​អារ៉ាប៊ីសាអូឌីត​នៅ​ចំពោះ​មុខ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ប្រមុខ​ការទូត​អាមេរិក​ក៏​គ្រោង​លើក​ទៅ​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត​ពី​បញ្ហា​សេដ្ឋកិច្ច និង​សិទ្ធិមនុស្ស។ សិទ្ធិមនុស្ស​ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ការ​បង្ក្រាប​លើ​ក្រុម​សកម្មជន និង​ក្រុម​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ