អានតួអត្ថបទ
អាមេរិក-បច្ចេកវិទ្យា

អាមេរិក​​ បាញ់​សាកល្បង​​ដោយ​ជោគជ័យ​​មីស៊ីល​ល្បឿន​លឿន​​ជាង​សំឡេង​

សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២០ មីនា បានប្រកាសអំពីជោគជ័យរបស់ខ្លួន ក្នុងការសាកល្បង មីស៊ីលល្បឿនលឿនបំផុតមួយ។ មីស៊ីលទំនើបថ្មីនេះ មានសមត្ថភាពប្រកប​ដោយសក្តានុពលខ្ពស់ ក្នុងការយកឈ្នះប្រព័ន្ធខែល​ការពារ​មីស៊ីលរបស់គូសត្រូវ។ ក្រៅពីអាមេរិក ប្រទេសមហាអំណាចពិភពលោកដ៏ទៃទៀត មានជាអាទិ៍ ចិន និងរុស្ស៊ី ក៏បាននិងកំពុងចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ វិនិយោគលើមីស៊ីល​ល្បឿនលឿនជាងសំឡេងផងដែរ។

 មីស៊ីលល្បឿនលឿនរបស់អាមេរិកក្នុងពេលធ្វើតេស្តសាកល្បង។
មីស៊ីលល្បឿនលឿនរបស់អាមេរិកក្នុងពេលធ្វើតេស្តសាកល្បង។ AFP - OSCAR SOSA
ផ្សាយពាណិជ្ជកម្ម

ការសាកល្បងខាងលើនេះ  គឺជាការធ្វើតេស្តសាកល្បង លើមីស៊ីលមួយដែលអាចហោះ​បានក្នុងល្បឿនយ៉ាងលឿនជាទីបំផុត ពោលគឺលឿនជាងសំឡេងរហូតដល់ទៅចំនួន ៥ ដង។ នេះបើតាមការបញ្ជាក់អះអាង ពីមន្ទីរបញ្ចកោណអាមេរិក។

ការសាកល្បងខាងលើ បានចាប់ធ្វើឡើងក្រោយពីកងទ័ពជើងគោក និងកងទ័ព​ជើងទឹក​អាមេរិក រួមគ្នាពិសោធលើគំរូមីស៊ីលមួយ កាលពីខែតុលា ឆ្នាំ ២០១៧។ ការពិសោធ កាល​ណោះ បង្ហាញថា មីស៊ីល អាចមានសមត្ថភាពហោះក្នុងល្បឿនដ៏លឿនខ្លាំងបាន។

លោកចននី វ៉ុហ្វ (Johnny R. Wolfe) នាយកកម្មវិធីអាវុធយុទ្ធសាស្ត្រអាមេរិក បាន​និយាយ​ថា មន្ទីរបញ្ចកោណ បានបញ្ចប់ការសិក្សានិងរៀបចំមីស៊ីលរួចរាល់ហើយ។ មួយវិញទៀត នាខណៈនេះ គេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅដំណាក់កាលបន្ទាប់ទៀត ពោលគឺធ្វើការអភិវឌ្ឍន៍សមត្ថភាពវាយប្រហាររបស់មីស៊ីល។ លោកចននី វ៉ុហ្វ បន្ថែម។

គួរគូសបញ្ជាក់ជូនថា ក្រៅតែពីអាចយកឈ្នះលើប្រព័ន្ធខែលការពារមីស៊ីល មីស៊ីល​ល្បឿនលឿន ក៏មានសមត្ថភាពផ្ទុកសព្វាវុធបានក្នុងចំនួនដ៏ច្រើនផងដែរ។ មួយវិញទៀត មិនខុសពី​សហរដ្ឋអាមេរិកនោះទេ ប្រទេសមហាអំណាចពិភពលោកដទៃទៀត មានដូចជារុស្ស៊ី និងចិនជាដើម បាននិងកំពុងចំណាយថវិកាជាច្រើន ដើម្បីវិនិយោគលើការផលិតមីស៊ីលល្បឿនលឿននេះ។

ជាក់ស្តែង ប្រទេសរុស្ស៊ី កាលពីខែធ្នូ ឆ្នាំ ២០១៩ បានប្រកាសអំពីការដាក់ឲ្យដំណើរការនូវមីស៊ីលល្បឿនលឿន Avangard របស់ខ្លួន។ ការណ៍នេះ ធ្វើឲ្យរុស្ស៊ី ក្លាយទៅប្រទេសដំបូង​គេបង្អស់ ដែលមានបច្ចេកវិទ្យាមីស៊ីលចុងក្រោយគេក្នុងដៃ។ មន្ត្រីរុស្ស៊ី បានអះអាងថា នៅក្នុងពេលសាកល្បង មីស៊ីលរបស់ខ្លួន អាចហោះដល់ល្បឿនរហូតដល់ ៣៣ ០០០ គីឡូម៉ែត្រ ក្នុងរយៈពេលមួយម៉ោង។

បើនិយាយពីចិនវិញ ខណៈពេលេនះ ចិន ក៏កំពុងបោះទុនវិនិយោគមិនចាញ់គេប៉ុន្មានដែរ ក្នុង​គម្រោង​អភិវឌ្ឍន៍អាវុធយុទ្ធភណ្ឌរបស់ខ្លួន។ កាលពីខែតុលា ឆ្នាំទៅមិញនេះ ចិន បាន​បង្ហាញនូវមីស៊ីលល្បឿនលឿនរបស់ខ្លួនប្រភេទ DF-17 នៅក្នុងពេលដើរព្យុហយាត្រា​កងទ័ព​ជាតិទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ