អានតួអត្ថបទ
កូវីដ១៩-ម៉ាស់

កូវីដ១៩ ៖ អាមេរិកជាប់ចោទថា​ទៅកាត់​មុខដណ្តើមទិញម៉ាស់ពីគេ

ប្រឈម​នឹង​សេចក្តី​ត្រូវ​ការ​ផ្នែកម៉ាស់​ដ៏​ទំហំ​មហិមា នៅ​លើ​ពិភពលោក  ម៉ាស់​ ដែល​ជារបស់មាន​តម្លៃ​ថោក​សោះ​ពី​មុន ត្រូវ​ប៉ាន់កាន់​តែ​ខ្លាំង​ឡើងៗ។ ក្រៅ​អំពី​ណែនាំ​​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​លក្ខណៈទូទៅ សហរដ្ឋ​អាមេរិក​ដែលកំពុង​រង​គ្រោះ​ដោយកូវីដ១៩យ៉ាងខ្លាំង​នា​ពេលនេះ បាន​ប្រកាស​ហាម​មិន​ក្រុមហ៊ុន​ផលិតម៉ាស់ នាំ​ចេញ​ផលិតផល​ទៅ​លក់​នៅ​ក្រៅ​ស្រុក និង​ទំនង​ជា​បាន​ទៅ​កាង​ដេញ​ថ្លៃ​ដណ្តើមទិញ​ម៉ាស់​ពី​គេទៀត។

ម៉ាស​ដែល​បារាំង​បញ្ជា​ទិញ​ចិន​បានមក​ដល់​អាកាសយានដ្ឋាន​ក្រុង​ប៉ារីស ថ្ងៃទី ៣០មីនា ២០២០
ម៉ាស​ដែល​បារាំង​បញ្ជា​ទិញ​ចិន​បានមក​ដល់​អាកាសយានដ្ឋាន​ក្រុង​ប៉ារីស ថ្ងៃទី ៣០មីនា ២០២០ © AFP/François Nascimbeni
ផ្សាយពាណិជ្ជកម្ម

ដោយ​មានយោង​ច្បាប់​ការពារ​ជាតិ​ “Defense Production Act" ដែលផ្តល់​អំណាចពិសេស​ដល់​រដ្ឋាភិបាល​ក្នុង​ពេល​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​ រដ្ឋបាល​លោកដូណាល់ត្រាំ ​បាន​ចេញសេចក្តីថ្លែងការណ៍ ហាម​មិន​ឱ្យ​មានការនាំ​ចេញ​ផលិតផល ​ម៉ាសN៩៥ ​ចេញ​ទៅលក់​នៅ​​ក្រៅ​ស្រុក​ទៀត​ទេ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោកប្រធានាធិបតី​ ​សេចក្តី​សម្រេច​នេះ​ គឺ​ជា​វិធានការ​ថ្មី​សំដៅ​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ម៉ាស់ផង និង​ទប់​ស្កាត់​ការ​នាំ​ចេញ​​បរិក្ខារចាំ​បាច់​ សម្រាប់​​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ការរីករាលដាល​នៃ​ជំងឺកូវីដ១៩ ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន។

ហាមមិន​ឱ្យ​លក់​ចេញ​ហើយ អាមេរិក​ត្រូវ​ស្វែង​រក​ការ​នាំ​ចូលម៉ាស់​ពី​ប្រទេសក្រៅ​ទៀត​ ដើម្បី​អាច​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​កាន់​តែ​ធំធេងៗ​ជា​លំដាប់របស់​ខ្លួន។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​ថា​មិន​បានទៅកាត់​មុខ​ដណ្តើម​ទិញ​ម៉ាស់​ចិន​ពី​ប្រទេស​ផ្សេង​ៗ​ ដូច​យ៉ាង​បារាំង ឬ​អាល្លឺម៉ង់​ ទេ។

សូមរំលឹក​ថា តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​សំឡេង​អ្នក​នយោបាយ​បារាំង​ជា​ច្រើន បាន​ធ្វើការ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​បាន​ពង្វាង​យន្តហោះ​ដឹក​ម៉ាស់​ដែល​បារាំងបញ្ជា​​ទិញ​ពី​ចិន ឱ្យ​តម្រង់​ទិស​ទៅ​សហរដ្ឋ​អាមេរិក​វិញ​។ បើ​តាម​អ្នក​ទទួល​ត្រូវ​បារាំង អាមេរិក​បាន​ដំឡើង​ថ្លៃ​ម៉ាស់​និង​បង់់់លុយ​សុទ្ធភាព​ទិញ​ម៉ាស​ចិន​កាត់​មុខ​បារាំង។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី​កាណាដា បាន​បង្ហាញ​ភាព​ ​សង្ស័យដូច​គ្នា​ថា​ម៉ាស់​ដែលកាណាដា​បាន​បញ្ជា​ទិញ​ពីចិន​ មិន​បានគ្រប់​ចំនួន​ទេ ដោយ​ទំនង​ជា​ត្រូវ​អាមេរិក​កាត់​មុខ​យក​ខ្លះ។ នៅ​ថ្ងៃ​សៅរ៍ទី​៤មេសា​នេះ​ទៀត អាល្លឺម៉ង់​បាន​ធ្វើ​ការចោទ​ប្រកាន់​ដោយ​ចំៗ​តែម្តង​ថា រដ្ឋាភិបាល​លោក​ដូណាល់​ត្រាំ ជា​ចោរ​ទំនើប​សម័យ​ថ្មី។ កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ ម៉ាស់​ជាង​២០ម៉ឺន​ដែល​អាល្លឺម៉ង់​បញ្ជា​ទិញនិង​បង់ថ្លៃរួច​ ត្រូវ​បាន​រិប​អូស​​យក​នៅអាកាសយានដ្ឋានអន្តរជាតិ​​ក្រុង​​បាកកក។ ប៊ែរឡាំង​មិន​បានបញ្ជាក់​ថា​ម៉ាស់​នោះធ្វើដំណើរ​មកពីណា​ទើប​ត្រូវ​ចាប់​នៅ​ថៃទេ តែ​បើ​តាមសារព័ត៌មាន​អាល្លឺម៉ង់​ ម៉ាស់ទាំងនោះ​ទំនង​ជាផលិត​នៅ​ចិន ដោយ​ក្រុមហ៊ុន​អាមេរិក។

ម៉ាស់​និង​បរិក្ខារ​ការពារ​មេរោគ ​ជា​អាវុធ​ដ៏ចាំបាច់​​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ​១៩ ប៉ុន្តែ​សហរដ្ឋ​អាមេរិកក៏​ដូច​បណ្តា​ប្រទេស​​ជា​ច្រើន​​នៅ​អឺរ៉ុប មាន​​ម៉ាស់និង​សម្ភារៈ​ការពារ​ទល់​នឹង​មេរោគកូរ៉ូណាថ្មី ក្នុង​ស្តុក​តិច​តួច​​ខ្លាំងណាស់ ឬ​អាច​និយាយ​បាន​ថា​កំពុង​ខ្វះម៉ាស់​ខ្លាំងណាស់។ ហេតុដូច្នេះ​ហើយ​បាន​ជា​ ប្រទេស​ទាំងនេះ នាំ​គ្នា​​​រិះរកគ្រប់​មធ្យោបាយដណ្តើមគ្នា​​​ទិញ​ម៉ាស់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ