អានតួអត្ថបទ
សហរដ្ឋអាមេរិក កូវីដ១៩ អង្គការសុខភាព​ពិភពលោក

លោកដូណាល់ត្រាំ​ ចោទប្រកាន់​​​អង្គការ​សុខភាព​ពិភពលោក ថាគ្មាន​សមត្ថភាព​និង​កាន់ជើង​ចិន

សហរដ្ឋអាេមរិក កំពុងប្រឈមនឹងការឆ្លងរាលដាល និងស្លាប់មនុស្សជាច្រើនពាន់នាក់ ដោយសារ​មេរោគកូវីដ១៩។​ ប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ លោកប្រធានាធិបតីដូណាល់ ត្រាំ បានសរសេរ នៅលើទំព័រTwitter កាលពីថ្ងៃអង្គារទី​៧មេសា ដោយបានចោទប្រកាន់ ប្រើពាក្យធ្ងន់ៗ ទៅលើអង្គការសុខភាពពិភពលោក។ លោកដូណាល់ ត្រាំ បានចោទអង្គការនេះ ថាគ្មានសមត្ថភាពធ្វើការ ផ្តល់អនុសាសន៍ខុស ហើយកាន់ជើងចិន។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាព​ពិភពលោក ពេលធ្វើ​សន្និសីទកាសែត ស្តីពីមេរោគកូវីដ១៩ នៅក្រុងហ្សឺណែវ ថ្ងៃទី ១៦ មីនា ២០២០
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាព​ពិភពលោក ពេលធ្វើ​សន្និសីទកាសែត ស្តីពីមេរោគកូវីដ១៩ នៅក្រុងហ្សឺណែវ ថ្ងៃទី ១៦ មីនា ២០២០ VIA REUTERS - Christopher Black/WHO
ផ្សាយពាណិជ្ជកម្ម

ប្រឈមជាមួយនឹងស្ថានភាពកាន់តែដុនដាប បណ្តាលមកពីការឆ្លងរាលដាល នៃមេរោគកូវីដ១៩ ដែលរដ្ឋាភិបាលអាមេរិក មិនអាចទប់ឈ្នះ លោក ដូណាល់ ត្រាំបានងាកមកនិយាយស្តីបន្ទោស ទៅលើអង្គការ​សុខភាពភិភពលោក។

ដូចសព្វ​មួយដង លោកដូណាល់ ត្រាំ បានប្រើទំព័រTwitter របស់លោកសរសេរចោទប្រកាន់អង្គការ​សុខភាព​ពិភពលោក។ លោកដូណាល់ ​ត្រាំ បានសរសេរថា៖ អង្គការសុខភាពពិភពលោក ពិតជាធ្វើការអន់ គ្មានសមត្ថភាពសោះ។ លោកដូណាល់ ត្រាំបន្ថែមថា៖ មិនដឹងជាមានមូលហេតុអ្វីទេ អង្គការនេះ ទទួលប្រាក់វិភាគទានមួយភាគធំ ​ពីសហរដ្ឋអាេមរិក តែអង្គការនេះ បែរជាកាន់ជើងចិន គិតតែពីប្រយោជន៍ចិនទៅវិញ។ យើង នឹងពិនិត្យមើលឲ្យបានស៊ីជំរៅ ថាហេតុអ្វីបានជាអង្គការ​សុខភាពពិភពលោកនេះ មានទំនោរទៅខាងចិនដូច្នេះ

លោកដូណាក់ ត្រាំ បានចោទសួរថា៖ ហេតុអ្វីបានជាអង្គការនេះ ផ្តល់អនុសាសន៍ខុស តាំងតែពីដំបូង ទាក់ទិននឹងការឆ្លងរាលដាលមេរោគកូវីដ១៩? លោកបន្ថែមថា៖ សំណាងល្អហើយ ដែល​លោកមិនស្តាប់តាមអង្គការនេះ ហើយបានសម្រេច​ បិទការធ្វើដំណើរចូលសហរដ្ឋអាមេរិក ពីប្រទេសចិន បានទាន់ពេលវេលា។

ជាការពិតមែន នៅថ្ងៃទី៣១ខែមករា ក្នុងអំឡុងពេល​ដែលការឆ្លងរាលដាលមេរោគកូវីដ១៩ កំពុងផ្ទុះឡើងខ្លាំងនៅក្រុងវូហាន​ និងខេត្តហ៊ូពេប្រទេសចិន អង្គការសុខភាពពិភពលោក បានលើកចេញជាអនុសាសន៍ទៅប្រទេសទាំងអស់ថា មិនចាំបាច់ បិទព្រំដែន​ ការធ្វើដំណើរចេញចូល ជាមួយប្រទេសចិនទេ។​ ក៏ប៉ុន្តែ នៅថ្ងៃដដែលនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចធ្វើផ្ទុយពីអនុសាសន៍នេះ ដោយបាន​ហាមឃាត់ការធ្វើដំណើរមកពីប្រទេសចិន។

គួរកត់សំគាល់ថា មានមតិមួយចំនួន បានលើកឡើងពីភាពយឺតយ៉ាវ ក្នុងការសម្រេចចេញវិធានការ ឬអនុសាសន៍ របស់អង្គការសុខភាពពិភពលោក ទាក់ទិននឹងការឆ្លងរាលដាលនៃមេរោគកូវីដ១៩នេះ។​ កាលពីសប្តាហ៍កន្លងទៅ លោកMarco Rubio សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណៈរដ្ឋ បានទាមទារឲ្យលោក Tedros Adhanom Ghebreyesus ចុះចេញពីតំណែង អគ្គនាយកនៃអង្គការ​សុខភាព​ពិភពលោក។ តែយ៉ាងណាក៏ដោយ សំណេរចោទប្រកាន់ធ្ងន់ៗ ទៅលើអង្គការសុខភាពពិភពលោក​ ពីសំណាក់លោកដូណាល់ ត្រាំ នេះគឺមិនខុសពីសម្តីនិយាយជាន់កែងឯងនោះទេ ព្រោះថាតាំងតែ​ពីដំបូង លោកដូណាល់ ត្រាំ ក៏បានមើលស្រាលមេរោគកូវីដ​១៩នេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ