អានតួអត្ថបទ
សហរដ្ឋអាមេរិក-ព្រះចន្ទ

ក្រឹត្យ​ថ្មី៖ លោក​ត្រាំ​ជំរុញ​ឲ្យ​អាមេរិក​រុករក​រ៉ែ​លើ​ឋាន​ព្រះចន្ទ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ថ្ងៃ​ចន្ទ​ទី​០៦​មេសាដើម​សប្ដាហ៍នេះ បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ថ្មី​មួយ ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​រុក​រក​រ៉ែ​នៅ​លើ​ឋាន​ព្រះចន្ទ​។ ព្រះចន្ទ​​ដែល​មាន​ចម្ងាយជាង​៣៨​ម៉ឺន​គីឡូម៉ែត្រ​ពី​ភព​ផែន​ដី​។ តាម​រយៈ​ក្រឹត្យ​ថ្មី​នេះ សហរដ្ឋអាមេរិក​ពុំ​បាន​ចាត់​ទុក​ទី​អវកាស​ជា​កម្មសិទ្ធិ​រួម​ឡើយ​។

អវកាសយានិក​អាមេរិក លោក Buzz Aldrin នៅ​លើ​ឋាន​ព្រះ​ចន្ទ ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​១៩៦៩។
អវកាសយានិក​អាមេរិក លោក Buzz Aldrin នៅ​លើ​ឋាន​ព្រះ​ចន្ទ ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​១៩៦៩។ NASA/AFP/File
ផ្សាយពាណិជ្ជកម្ម

មិន​ត្រឹម​តែ​មិន​ចាត់​ទុក​ទី​អវកាស​ជា​កម្មសិទ្ធិ​រួម​ទេ ក្រឹត្យ​ថ្មី​របស់លោក​ត្រាំថែម​ទាំង​សង្កត់​ធ្ងន់​ថា អាមេរិក​នឹងជំទាស់​​រាល់​ការ​ប៉ុនប៉ង​ទាំង​ឡាយ​ណា ដែល​ចង់​ប្រើ​ប្រាស់​ច្បាប់​អន្ដរជាតិ​ដើម្បីរារាំង​បង្អាក់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការជីក​រុក​រក​រ៉ែ​លើភព​​ព្រះ​ចន្ទ ភព​ព្រះអង្គារ និង​ទី​អវកាស​ផ្សេង​ទៀត​។

ក្រឹត្យ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ចន្ទ​ទី​០៦​មេសាលើក​ឡើង​ថា អាមេរិក​គួរ​តែ​មាន​សិទ្ធិ​រុក​រក​និង​ប្រើ​ប្រាស់​ធនធាន​ដែល​មាន​នៅ​ទី​អវកាស ដោយ​សារ​តែ​អាមេរិក​ពុំ​មែន​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ស្ដី​ពី​ព្រះ​ចន្ទ​ឡើយ​។ សន្ធិសញ្ញា​ស្ដី​ពី​ព្រះ​ចន្ទចែង​ថា រាល់​សកម្មភាព​នៅ​ទី​អវកាស ត្រូវ​តែ​អនុលោម​ទៅ​តាម​ច្បាប់​អន្ដរជាតិ​។ នៅ​ឆ្នាំ​២០១៥ សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ប្រើ​ប្រាស់​ធនធាន​ពី​ព្រះ​ចន្ទ​និង​អាចម៍​ផ្កាយ​ដទៃ​ទៀត​។

សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​បេសកកម្ម Apollo កាល​ពី​៥០​ឆ្នាំ​មុន អាមេរិក​កំពុង​ត្រៀម​បេសកកម្ម​ថ្មី​មួយ​ទៀត​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០២៤​ ក្រោម​​គម្រោង​ឈ្មោះ Artemis​។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា បេសកកម្ម Artemis នឹង​អាច​ស្វែង​រក​ឃើញ​នូវ​​របក​គំហើញ​​​សំខាន់​ៗ​​អំពី​ធនធាន​ដែល​គេ​អាច​ប្រើ​សម្រាប់​ផ្គត់ផ្គង់​ថាមពល ឬ​សម្រាប់​គោលដៅ​ផ្សេង​ទៀត​។

ជា​ការ​​កត់​សម្គាល់ដែរ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហា​អំណាច​ត្រួត​ត្រា​អវកាស ដើម្បី​ការពារ​ប្រយោជន៍​អាមេរិក ក៏​ដូច​ជា​ទប់ទល់​ទៅ​នឹង​ការ​លូត​ឡើង​លើ​លំហ​អវកាស​របស់​ចិន​និង​រុស្ស៊ី​ដែល​ជា​គូ​ប្រជែង​។ សម្រាប់​ប្រធានាធិបតី​អាមេរិក​រូប​នេះ អវកាស​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ ដូច​សមរភូមិ​លើ​ដី លើ​សមុទ្រ និង​លើ​អាកាស​ដែរ​។ លោកត្រាំ​បាន​ចុះ​ហត្ថលេខា​បង្កើត​​​កងទ័ព​អវកាស​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៩​ តាម​រយៈ​ច្បាប់​ថវិកា​ការពារ​ជាតិ​ឆ្នាំ​២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ