អានតួអត្ថបទ
IMF-កូវីដ-១៩

កូវីដ-១៩៖ IMF ព្យាករណ៍ពីសេដ្ឋកិច្ចសកលដើរថយក្រោយជាប្រវត្តិសាស្រ្តសម្រាប់ឆ្នាំ ២០២០

នៅ​ថ្ងៃ​អង្គារ ទី១៤ មេសា អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់ IMF បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ ២០២០​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​កូវីដ-១៩។ នៅ​ក្នុង​របាយការណ៍ IMFបាន​ព្យាករណ៍​ពី​សេដ្ឋកិច្ចសកល​ដើរ​ថយក្រោយ​ក្នុង​ឆ្នាំ ២០២០ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ប្រមាណ​ជា ៣%។ ផលវិបាក​សេដ្ឋកិច្ច​សកល​ជា​ប្រវត្តិសាស្រ្ត​នេះ គឺ​ជា​លទ្ធផល​នៃ​វិធានការ​បិទខ្ទប់​មនុស្ស​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណាថ្មី។ ទន្ទឹម​គ្នា​នេះIMFបាន​ព្រមាន​ទុក​ជា​មុន​ថា បើ​វិបត្តិ​កូវីដ-១៩ នៅ​បន្ត​អូស​បន្លាយ​កាន់​តែ​យូរ ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​លោក​នឹង​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង។

A pandemia de coronavírus causará "as piores consequências econômicas desde a Grande Depressão" de 1929, disse quinta-feira a diretora do FMI.
A pandemia de coronavírus causará "as piores consequências econômicas desde a Grande Depressão" de 1929, disse quinta-feira a diretora do FMI. REUTERS - Yuri Gripas
ផ្សាយពាណិជ្ជកម្ម

ការ​ហ៊ាន​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​សកល​ធ្លាក់​ចុះ​ចំនួន ៣% សម្រាប់​ឆ្នាំ ២០២០ ដោយIMF ផ្អែក​លើ​សមត្ថកម្ម​ចំនួន​ពីរ ទី១ ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩អាច​នឹង​បិទបញ្ចប់​នៅ​ដំណាច់​ខែ​មិថុនានិង​ទី២ ការ​លើក​ចេញ​វិញ​នូវ​ការ​បិទ ខ្ទប់​ប្រជាជន​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​អាច​នឹង​ចាប់​ផ្តើម​នៅ​ឆមាសទី២។ ផ្ទុយ​ទៅ​វិញ បើ​វិបត្តិ​កូវីដ-១៩ នៅ​បន្ត​អូសបន្លាយ​យូរ​អង្វែង​ទៅ​មុខ​ទៀត ពិភពលោក​នឹង​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច​ដុនដាប​កាន់​តែ​ខ្លាំង​ក្នុង​ឆ្នាំ ២០២០ និង​អាច​បន្ត​ដល់​ឆ្នាំ ២០២១ ទៀត​ផង។នៅ​ត្រង់​ចំណុច​នេះ មាន​សេណារីយ៉ូ​ចំនួន ៣ ដែល IMFបាន​សំឡឹង​ឃើញ៖

សេណារីយ៉ូ​ទី១ បើ​គេ​មិន​អាច​កំចាត់​ជំងឺ​កូវីដ-១៩ បាន​ជោគជ័យ​នៅ​ដំណាច់​ខែ​មិថុនា និង​បាន​បង្ខំ​ប្រទេស​ជា​ច្រើន​ឲ្យ​បន្ត​ចាត់​វិធានការ​ដូច​យ៉ាង​បិទខ្ទប់​មនុស្ស​មិន​ឲ្យ​ចេញ​ពី​ផ្ទះ បិទ​ហាង​លក់​ទំនិញ​មិន​ចាំ​បាច់ កាត់​បន្ថយ​ចរាចរណ៍​ផ្លូវអាកាស ឬ​ការ​ធ្វើ​ការងារ​នៅ​តាម​ផ្ទះ​នោះ ពិភពលោក​នឹង​ស្គាល់​ផលិតផលសរុប​ក្នុង​ស្រុក​ធ្លាក់​ចុះ​ដល់​ទៅ ៦% ពោល​មិន​មែន ៣% ទេ។ សេណារីយ៉ូ​ទី២ បើ​វិបត្តិ​ជំងឺ​កូវីដ-១៩ ឆ្លង​ចូល​ដល់​ឆ្នាំ ២០២១ តែ​បែរ​ជា​មិន​សូវ​ខ្លាំងក្លា​ដូច​ឆ្នាំ ២០២០ ទេ​នោះ ពិភពលោក​អាច​ស្គាល់​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ប្រមាណ ០,៨% ពោល​មិនមែន ៥,៨%​ទេ។ ចំណែក​សេណារីយ៉ូ​ទី៣ គឺ​ជា​ការ​បូក​បញ្ចូល​គ្នា​រវាង​សេណារីយ៉ូ​ទី១ និង​សេណារីយ៉ូ​ទី២ ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកល​ឆ្នាំ ២០២១ ដើរ​ថយក្រោយ​ក្នុង​អត្រា ២,២% ក្រោម​សូន្យ។

តាម IMF ក្រុម​ប្រទេស​ដែល​រងផល​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​ក្នុង​ឆ្នាំ ២០២០ គឺ​ក្រុម​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​ដែល​ផលិតផល​សរុប​ក្នុង​ស្រុក​អាច​នឹង​ធ្លាក់​ដល់​ទៅ ៧,៥% និង​បន្ត​ដោយ​សហរដ្ឋអាមេរិក​ដែល​អាច​នឹង​ធ្លាក់​ចុះ​ចំនួន ៥,៩%។ ចំណែក​នៅ​តំបន់​អាមេរិកឡាទីន និង​ការ៉ាអ៊ីប ផលិតផលសរុប​ក្នុង​ស្រុក​អាច​នឹង​ធ្លាក់ ៥,២%។ សម្រាប់​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ីកណ្តាល​ត្រូវ​បាន IMF ព្យាករណ៍​ពី​ការ​ធ្លាក់​ចុះ​ផលិតផលសរុប​ក្នុង​ស្រុក​ចំនួន ២,៨%។ ផ្ទុយ​ទៅ​វិញ ប្រទេស​ចិន និង​ឥណ្ឌា​នឹង​អាច​បន្ត​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​តិចតួច​ក្នុង​អត្រា ១,២% សម្រាប់​ចិន និង ១,៩% សម្រាប់​ឥណ្ឌា។ ទាក់ទង​នឹង​ពាណិជ្ជកម្ម​អន្តរជាតិ​ត្រូវ​បាន IMF ព្យាករណ៍​ថា ទំហំ​ដោះដូរ​ទំនិញ និង​សេវា​នឹង​មាន​ការ​ធ្លាក់​ចុះ​ចំនួន ១១% ក្នុង​ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ