អានតួអត្ថបទ

FMI​ផ្តល់​ជំនួយ​បន្ទាន់​ដល់​ប្រទេស​ក្រីក្រ ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​កូវីដ​១៩

៣ថ្ងៃ​ក្រោយ​ប្រកាស​ផ្តល់ប្រាក់កម្ចី ដល់ប្រទេស​ទុយនីស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពី​ថ្ងៃ​ចន្ទម្សិលមិញ​បាន​ប្រកាស​ផ្តល់ជំនួយ បន្ទាន់​សម្រាប់​ឲ្យ​ប្រទេស​ក្រីក្រ​ចំនួន ២៥ អាច​មាន​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។ រួម​គ្នា​ជាមួយ ​ធនាគារ​ពិភពលោក មូលនិធិ​រូបិយវត្ថុអន្តរជាតិ បានអំពាវនាវ​ផងដែរ ដល់ក្រុម​ប្រទេស​អ្នកមាន​ឲ្យ​ឈប់​ទារបំណុល​ពីប្រទេស​ក្រីក្រ នៅក្នុង​អំឡុង កើតមាន​វិបត្តិ​កូវីដ ១៩។ 

ស្លាកសញ្ញា​របស់មូលនិធិរូបិយវត្ថុអន្តរជាតិ
ស្លាកសញ្ញា​របស់មូលនិធិរូបិយវត្ថុអន្តរជាតិ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពីពិភពលោក កើតមាន​ជំងឺ​រាតត្បាត កូវីដ ១៩ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​មានទីស្នាក់ការ​នៅទីក្រុងវ៉ាស៊ីនតោន បាន​ទទួល​ពាក្យ​សុំជំនួយ​ ពី​ប្រទេស​ដ៏​ច្រើន​មិនធ្លាប់មាន។ តាម​IMF ប្រទេស​ជាង ៩០​បាន​ដាក់ពាក្យ​ជំនួយ​បន្ទាន់​ពី​មូលនិធិ រូបិយវត្ថុ អន្តរជាតិ។

ដើម្បី​ជួយ​ប្រទេស​សមាជិក ក្នុង​បរិបទ​នៃជំងឺរាត្បាត​កូវីដ ១៩  មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ តាមរយៈ អគ្គនាយិកា​របស់​ខ្លួន គឺ​លោកស្រី Kristalina Georgieva បាន​ប្រកាស ផ្តល់​ជំនួយ បន្ទាន់​សម្រាប់​ជួយប្រទេស​ក្រីក្រ​ជាងគេ​ក្នុង​លោក ចំនួន ២៥ ដែលនៅក្នុងនោះ ប្រទេស ចំនួន ១៩​ ស្ថិតនៅ​ទ្វីប​អាហ្វ្រិក។ តាម​អគ្គនាយិកា​របស់​IMF ជាមួយ​នឹង​ប្រាក់​ជំនួយ​បន្ទាន់​របស់​IMF ប្រទេស​ក្រីក្រ​នៅតែ​អាច​មានលទ្ធភាព បង់ប្រាក់​បំណុល​ឲ្យ​IMF ក្នុង​រយៈពេល​៦ខែ​ខាងមុខ។ សល់ពីនេះ គេ​នឹងអាច​ប្រើសម្រាប់​ប៉ះប៉ូវ ការខូចខាត​សេដ្ឋកិច្ច​ដោយសារ​កូវីដ ១៩  ក៏ដូចជា​សម្រាប់​ពង្រឹង​ផ្នែក​សុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ ១៩។

ដើម្បី​ទ្រទ្រង់​ជំនួយ​បន្ទាន់​លើកនេះ IMF នឹង​ប្រើ​កញ្ចប់​មូលនិធិ​សម្រាប់​ឆ្លើយតប​នឹង​គ្រោះ​មហន្តរាយ​ ដែល​IMF ធ្លាប់​បាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៥ ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​អេបូឡា​នៅអាហ្វ្រិក។ នៅក្នុង​វិបត្តិ​កូវីដ ១៩ IMF មាន​គោលដៅ ប្រមូល​ឲ្យ​បាន​ថវិកា ១៤០០​លាន​ដុល្លា។ ប៉ុន្តែ បច្ចុប្បន្ននេះ ជាមួយ​នឹង​វិភាគទាន​សំខាន់ៗ​ពី​ប្រទេស​ជប៉ុន អង់គ្លេស និង ចិន ជាដើម កញ្ចប់​មូលនិធិ​សម្រាប់​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​របស់​IMF មាន​ថវិកា ប្រមាណ តែ​៥០០​លាន​ដុល្លារ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ចន្ទ អគ្គនាយិកា​របស់​IMF បាន​ ​អំពាវនាវ​ឲ្យ​បណ្តាប្រទេស​អ្នកមាន ចូលរួម​វិភាគទាន បំពេញ​កញ្ចប់មូលនិធី ដើម្បីធ្វើ​យ៉ាងណា​ឲ្យ​មូលនិធិ​រូបិយវត្ថុ អន្តរជាតិ​អាច​ជួយ​សម្រាល​បំណុល​របស់​បណ្តា​ប្រទេស​ក្រីក្រ ក្នុង​រយៈពេល ២ឆ្នាំ ទៅ​មុខ។

ជួយ​សម្រាល​បំណុល​ ឬ​លុបចោល​បំណុល​ទាំងស្រុង។ ទាំងនេះ ជា​ការដង្ហើយស្រែកសុំ​របស់​បណ្តាប្រទេស​ក្រីក្រ នៅទ្វីបអាហ្វ្រិក ដែល​កំពុង​រងគ្រោះ ដោយសារ វិបត្តិកូវីដ ១៩។ ធនាគារ​ពិភពលោក មូលនិធិ​រូបិយវត្ថុអន្តរជាតិ ធ្លាប់​បាន​អំពាវនាវ​ដល់ក្រុម​ប្រទេស​អ្នកមាន​ឲ្យ​ឈប់​ទារបំណុល​ពីប្រទេស​ក្រីក្រ ពី​ខែ​ឧសភា ខែក្រោយនេះ រហូត​ដល់​ខែ​មិថុនា​ឆ្នាំក្រោយ។ ប្រធានាធិបតី​បារាំង​ផ្ទាល់​ធ្លាប់​បាន​លើកឡើង​ថា បារាំង ក៏ដូចជា​សហភាពអឺរ៉ុប អាច​ជួយ​ប្រទេស​នៅ អាហ្វ្រិក តាមរយៈ​ការលុបចោល​បំណុល។ សូមបញ្ជាក់ដែរថា ការអំពាវនាវ​របស់​ប្រមុខរដ្ឋបារាំង ធ្វើឡើង​ប៉ុន្មាន​ថ្ងៃមុន កិច្ចប្រជុំ​ របស់​ធនាគារ​ពិភពលោក និង មូលនិធិរូបិយវត្ថុ​អន្តរជាតិ ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ១៧​មេសា​ខាងមុខ។

ធនាគារ​ពិភពលោក កាលពី​សប្តាហ៍មុន បានប្រកាស​ពី​ជំនួយ​បន្ទាន់ ប្រមាណ ១៦០ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល ១៥ខែ ដើម្បី​ជួយ​បណ្តា​ប្រទេស​នៅក្នុង​ពិភពលោក ដែល​រងគ្រោះ​ដោយ​វិបត្តិកូវីដ ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ