អានតួអត្ថបទ
សហរដ្ឋអាមេរិក វ៉េណេស៊ុយអេឡា

លោកនីកូឡា ម៉ាឌូរ៉ូ អះអាង​ថាបាន​បង្ក្រាប​ទាន់ពេល នូវ​ផែនការ​​​អាមេរិកដែលចង់​​ចាប់​ខ្លួន​លោក​

លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានប្រកាសតាមបណ្តាញព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍​ ទី​៧ឧសភា ថា ជនជាតិអាេមរិក២នាក់ ដែកសមត្ថកិច្ច​វ៉េណេស៊ុយអេឡា ​ចាប់ឃាត់ខ្លួន កាលពីថ្ងៃចន្ទ​កន្លងទៅ គឺជាអតីតទាហានអាមេរិក។ ការឃាត់ខ្លួននេះ គឺជាការបង្រ្កាបបានទាន់ពេលវេលា នូវផែនការ​ចូលឈ្លានពាន​តាមផ្លូវសមុទ្រ បញ្ជាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើរដ្ឋប្រហារ និងចាប់ខ្លួនលោកម៉ាឌូរ៉ូ។ នេះបើតាមការអះអាង របស់លោក​ម៉ាឌូរ៉ូផ្ទាល់។

លោកនីកូឡា ម៉ាឌូរ៉ូ លើកបង្ហាញលិខិតឆ្លងដែនរបស់អតីតទាហានអាមេរិក២នាក់ ដែលត្រូវបានចាប់ខ្លួូន នៅថ្ងៃចន្ទ ទី៤ឧសភា។
លោកនីកូឡា ម៉ាឌូរ៉ូ លើកបង្ហាញលិខិតឆ្លងដែនរបស់អតីតទាហានអាមេរិក២នាក់ ដែលត្រូវបានចាប់ខ្លួូន នៅថ្ងៃចន្ទ ទី៤ឧសភា។ via REUTERS - MIRAFLORES PALACE
ផ្សាយពាណិជ្ជកម្ម

លោកនីកូឡា ម៉ាឌូរ៉ូ បានចោទទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ថាបានរៀបផែនការ ចូលឈ្លានពានតាមច្រកសមុទ្រ ដើម្បី​ធ្វើរដ្ឋប្រហារ និងចាប់ខ្លួនលោកម៉ាឌូរ៉ូ បញ្ជូនទៅសហរដ្ឋអាមេរិក។ តែជាសំណាងល្អ ផែនការ​នេះ ត្រូវបាន​កងកម្លាំងវ៉េណេស៊ុយអេឡា បង្ក្រាបបានទាន់ពេលវេលា កាល​ពីថ្ងៃអាទិត្យកន្លងទៅ។ មនុស្ស​​ជាង២០នាក់ ដែលសុទ្ធជាកម្លាំងស្នូលនៃប្រតិបត្តិការរបស់អាមេរិកនេះ ត្រូវបាន​ចាប់ខ្លួន​ ដែលក្នុងនោះមាន​២នាក់ ជាអតីតទាហានអាមេរិក។ នេះបើតាមការប្រកាស របស់លោក ម៉ាឌូរ៉ូ។

នៅតាមកញ្ចក់ទូរទស្សន៍ លោក ម៉ាឌូរ៉ូ បានលើកបង្ហាញ​លិខិតឆ្លងដែនរបស់ជនជាតិអាមេរិកទាំង២នាក់ ម្នាក់ឈ្មោះ Luke Denman និងម្នាក់ទៀត ឈ្មោះ Airan Berry  ដែលសុទ្ធតែជាអតីតទាហានអាមេរិក។ លោកម៉ាឌូរ៉ូ ក៏បានលើកបង្ហាញ​ បណ្ណការងារបញ្ជាក់ថាជនទាំង២នេះ ធ្វើការឲ្យ​ក្រុមហ៊ុនសន្តិសុខឯកជនមួយ ឈ្មោះថា Silvercorp USA។ យោងតាមមេធាវីម្នាក់ ឈ្មោះ Josnars Baduel ដែលត្រូវគេចាប់ខ្លួនដែរ បានលើកឡើងថា អតីតទាហានអាមេរិកទាំង២ ធ្លាប់ជាសមាជិកក្នុងក្រុមអង្គរក្សរបស់​លោកដូណាល់ ត្រាំ។

Silvercorp USA គឺជាក្រុម​ហ៊ុន​​​របស់អតីតទាហានអាេមរិកម្នាក់ទៀត ឈ្មោះ Jordan Goudreau។ យោងតាមលោកម៉ាឌូរ៉ូ ក្រុមហ៊ុន​សន្តិុសុខឯកជនឈ្មោះ Silvercorp USA បានចុះកិច្ចសន្យាក្នុងតម្លៃ២១២លានដុល្លារ ជាមួយនឹងក្រុមប្រឆាំងដឹកនាំដោយលោក រ្ហាន់ ហ្កៃដូ ដើម្បីចូលមក​វេណេស៊ុយអេឡា បើកប្រតិបត្តិការ​ចាប់ខ្លួន​លោកប្រធានាធិបតីម៉ាឌូរ៉ូ យកទៅសហរដ្ឋអាមេរិក។

នៅក្នុងវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍ជាតិវ៉េណេស៊ុយអេឡា អតីតទាហានអាមេរិកទាំង២នាក់ បានសារភាពពីផែនការនេះ ហើយអះអាងទៀតថា គឺ លោក Jordan Goudreau ម្ចាស់ក្រុម​ហ៊ុនសន្តិសុខ​​Silvercorp USA បានទទួលបញ្ជាដោយផ្ទាល់ពីលោក ដូណាល់ ត្រាំ។

ដោយឡែក លោក Juan José Rendon អតីតទីប្រឹក្សានយោបាយធ្វើការឲ្យ​លោក រ្ហាន់ ហ្កៃដូ បាន​បញ្ជាក់ប្រាប់ទូរទស្សន៍CNN ថាគឺរូប​លោកជាអ្នក​ចុះកិច្ចសន្យាមួយ ជាមួយនឹងក្រុមហ៊ុន Silvercorp USA មិនមែន​លោក រ្ហាន់ ហ្កៃដូទេ។ តែកិច្ចសន្យានោះ គ្រាន់តែ​ជាកិច្ចសន្យា​ « បើកការពិចារណា​ត្រិះរិះ » ក្នុងការរកវិធីចាប់ខ្លួនលោក​នីកូឡាម៉ាឌូរ៉ូ ហើយ​បន្ទាប់មកទៀត បញ្ជូនខ្លួន​មកសហរដ្ឋអាមេរិក ជាទីដែលតុលាការបានចោទប្រកាន់​លោក ពីបទ ជួញដូរគ្រឿងញៀន។

យ៉ាងណាក៏ដោយ តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបដិសេធដំណឹង និងការចោទប្រកាន់ទាំង។ គេគ្រាន់តែបានអះអាងថា គេកំពុងព្យាយាមស្វែងរកវិធីចរចា ដើម្បី​បញ្ជូន​អតីតទាហានអាមេរិកទាំង២នាក់ ទៅកាន់សហរដ្ឋអាមេរិកវិញ។ ប៉ុន្តែបើយោងតាមការអះអាងរបស់លោកនូកូឡា ម៉ាឌូរ៉ូ អាមេរិកបានកាត់ផ្តាច់ រាល់ផ្លូវទំនាក់ទំនងទាំងអស់ ជាមួយវ៉េណេស៊ុយអេឡា ក្រោយផែនការខ្លួនក្លាយជាផេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ