អានតួអត្ថបទ
ប្រេស៊ីល-Covid-១៩-ព្រៃអាម៉ាហ្សូន

ប្រេស៊ីល៖យុទ្ធនាការកាប់ព្រៃអាម៉ាហ្សូនកំពុងបន្តកើនល្បឿនក្នុងសម័យកូវីដ-១៩

ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ផ្តោត​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​កូវីដ-១៩ ការ​កាប់​ព្រៃឈើ​នៅ​ព្រៃអាម៉ាហ្សូន​ក៏​កំពុង​មាន​ល្បឿន​លឿន​នៅ​ក្នុង​រយៈពេល ៤ខែ​ដើម​ឆ្នាំ ២០២០ នេះ​បើ​ផ្អែក​លើ​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អាវកាសជាតិ​ប្រេស៊ីល​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី៨ ឧសភា។ តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អាវកាសជាតិ​ប្រេស៊ីល មាន​ព្រៃឈើ​ក្នុង​ទំហំដី ១ ២០២គីឡូម៉ែត្រការ៉េ​ត្រូវ​បាន​កាប់បំផ្លាញ​នៅ​ចន្លោះ​ដើម​ខែ​មករា និង​ចុង​ខែ​មេសា​ឆ្នាំ ២០២០។ អ្វី​ដែល​ជា​ក្តីបារម្ភ គឺ​ខ្លាច​តែ​បរិមាណ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃអាម៉ាហ្សូន​ក្នុង​ឆ្នាំ ២០២០ កើត​មាន​ជា​ថ្មី​ដូច​ក្នុង​ឆ្នាំ ២០១៩។

ព្រៃអាម៉ាហ្សូន​កំពុង​បន្ត​កាប់បំផ្លាញ​ក្នុង​ឆ្នាំ ២០២០
ព្រៃអាម៉ាហ្សូន​កំពុង​បន្ត​កាប់បំផ្លាញ​ក្នុង​ឆ្នាំ ២០២០ REUTERS/Bruno Kelly
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​រូបភាព​បាន​មក​ពី​ផ្កាយរណប​ដែល​វិទ្យាស្ថាន​ស្រាវជ្រាវ​អាវកាសជាតិ​ប្រេស៊ីល​បាន​កត់សម្គាល់​ឃើញ​ថា ការ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃអាម៉ាហ្សូន​កំពុង​មាន​ល្បឿន​លឿន ទោះ​បី​ជា​ប្រទេស​ជា​ច្រើន​ក្នុង​លោក​កំពុង​ជាប់ដៃ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ក៏​ដោយ។ ១ ២០២គីឡូម៉ែត្រការ៉េ នេះ​ជា​ទំហំ​ព្រៃឈើ​ដែល​បាន​បាត់បង់​ក្នុង​ចន្លោះ​ដើម​ខែ​មករា និង​ចុង​ខែ​មេសា ឆ្នាំ​២០២០។ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ គិត​ក្នុង​រយៈពេល​ដូច​គ្នា គឺ​មាន​ការ​កើន​ឡើង​ចំនួន ៥៥% នេះ​បើ​ផ្អែក​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អាវកាសជាតិ​ប្រេស៊ីល។ តួលេខ​នេះ​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ជា​ថ្មី​ពី​របៀប​គ្រប់គ្រង​ព្រៃអាម៉ាហ្សូន​ប្រេស៊ីល​ពី​សំណាក់​ប្រធានាធិបតី​ប្រេស៊ីល​លោក​បុលសូណារ៉ូ។

ក្នុង​ឆ្នាំ ២០១៩ ដែល​ជា​ឆ្នាំ​ទី១ នៃ​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​បុលសូណារ៉ូ ការ​កាប់ព្រៃឈើ​នៅ​ព្រៃអាម៉ាហ្សូន​ក្នុង​ទឹកដី​ប្រេស៊ីល​បាន​កើន​ឡើង ៨៥%។ បើ​គិត​ជា​ផ្ទៃដី គឺ​មាន ១០ ១២៣គីឡូម៉ែត្រការ៉េ ពោល​ស្មើ​ជិត​ផ្ទៃក្រឡាដី​របស់​ប្រទេស​លីបង់។ ក្រៅ​ពី​ត្រូវ​បាន​បំផ្លាញ​យ៉ាង​សម្បើម​ដោយ​អគ្គីភ័យ ព្រៃអាម៉ាហ្សូន​ក៏​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ធ្វើ​អាជីកម្ម​ព្រៃឈើ និង​រ៉ែ​ខុស​ច្បាប់ រួម​ទាំង​ការ​កាប់ព្រៃឈើ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម។ គេ​នៅ​ចាំ​បាន​មិន​ភ្លេច​ក្នុង​ឆ្នាំ ២០១៩ លោក​បុលសូណារ៉ូ​ដែល​ជា​អ្នកស្តាំនិយមជ្រុល​បាន​ទទួល​រងការ​រិះគន់​ចាស់ដៃ​ពី​សហគមន៍អន្តរជាតិ​ពី​បទ​មើលស្រាល​លើ​ភ្លើងឆេះព្រៃអាម៉ាហ្សូន​យ៉ាង​សម្បើម​ពី​ខែ​ឧសភា​ដល់​ខែ​តុលា ឆ្នាំ ២០១៩។

អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​សប្តាហ៍​នេះ លោក​បុលសូណារ៉ូ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​កម្លាំងទ័ព​នៅ​ព្រៃអាម៉ាហ្សូន​ដើម្បី​ទប់ស្កាត់​ភ្លើងឆេះព្រៃ និង​ការ​កាប់ព្រៃឈើ​ចាប់​ពី​ថ្ងៃទី១១ ឧសភា។ ទោះ​ជា​យ៉ាង​នេះ​ក្តី សកម្មជន​អង្គការ Greenpeace លោក Romulo Batista បាន​ថ្លែង​ថា អ្វី​ដែល​គេ​ហាក់​កំពុង​រង់ចាំ​ក្នុង​ឆ្នាំ​នេះ គឺ​ទំហំ​ភ្លើងឆេះព្រៃ និង​ការ​កាប់ព្រៃ​ដូច​ក្នុង​ឆ្នាំ ២០១៩។ ជា​មួយ​នឹង​វិបត្តិ​កូវីដ-១៩ ដែល​ប្រេស៊ីល​មាន​អ្នក​ឈឺ​ប្រមាណ ១៥០ ០០០នាក់ និង​អ្នក​ស្លាប់​ជិត ១០ ០០០នាក់​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី៨ ឧសភា យុទ្ធនាការ​ទប់ស្កាត់​ភ្លើងឆេះព្រៃ និង​ការ​កាប់ព្រៃអាម៉ាហ្សូន​ប្រហែល​មិនមែន​ជា​ប្រធានរឿង​អាទិភាព​របស់​លោក​បុលសូណារ៉ូ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ