អានតួអត្ថបទ
អង្គការ​ពាណិជ្ជកម្មពិភពលោក

កំពុងមាន​​វិបត្តិ​កូវីដ អគ្គនាយកអង្គការ​ពាណិជ្ជកម្មពិភពលោកប្រកាស​​លាលែង​ចេញ​ពី​តំណែង ​

ក្នុង​ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ទន់​ជង្គង់​​ដួល​ស្ទើរ​ដល់​ដី ដោយ​សារ​វិបត្តិ​កូរ៉ូណាវីរុស ដំណឹង​ស្តី​ពី​គម្រោង​លាលែង​ចេញ​ពី​តំណែង​របស់​លោកអគ្គ​នាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកជាតិ​ប្រេស៊ីល លោក រ៉ូប៊ែរតូ អាហ្សេវេដូ Roberto Azevedo លាន់​ស្នូរ​ដូច​ផ្ទុះ​​គ្រាប់​បែក។ ​​អង្គការ​ពាណិជ្ជកម្មពិភពលោក​ OMC ឬWTO ត្រូវ​ប្រកាសជា​ផ្លូវការ​ ការ​សុំ​បញ្ចប់​អាណត្តិ​ត្រឹម​តែ​កញ្ញា​ឆ្នាំ​២០២០​ខាងមុខរបស់​លោក អាហ្សេវេដូ នៅ​ក្នុង​ជំនួប​ប្រជុំនារសៀល​​​ថ្ងៃព្រហស្បតិ៍ ​ទី ១៤​ឧសភា។

លោក Roberto Azevedo អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​លាលែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​៣១​សីហា ២០២០
លោក Roberto Azevedo អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​លាលែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​៣១​សីហា ២០២០ AFP
ផ្សាយពាណិជ្ជកម្ម

ពាណិជ្ជកម្ម​អន្តរជាតិ​កំពុង​តែ​រង​​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មិនធ្លាប់​ប្រទះ​​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៣០​មក​ផង ស្រាប់​តែ​មាន​ដំណឹង​ស្តី​ពី​គម្រោង​​លាលែង​ចេញ​ពី​តំណែង​របស់​លោក​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទៀត។ ពិតគ្រោះ​ជាន់​លើ​គ្រោះ​របស់​ស្ថាប័ន​មែន​។ ជា​ផ្លូវការ លោក អាហ្សេវេដូ ​លាលែងដោយ​មូលហេតុ​គ្រួសារ និង​គ្មានមហិច្ឆតានយោបាយ​ទេ។

តាំង​ប៉ុន្មាន​ខែ​មកនេះ អង្គការ​ពាណិជ្ជកម្មពិភពលោកបាន​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ជ្រៅ។ ​សមាជិក​អង្គការ​​មិន​អាច​រំពឹង​លើ​ស្ថាប័ន​ពាណិជ្ជកម្មអន្តរជាតិ​តែ​មួយ​គត់​នេះ​បាន​ទេ នៅពេល​មាន​ជម្លោះរវាង​គ្នា។ ​នាម​ជា​អាជ្ញាកណ្តាល​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​អន្តរជាតិ​ គ្មានចៅក្រម ព្រោះ​សហរដ្ឋ​អាមេរិក​បាន​រារាំង។ ប្រព័ន្ធ​ពាណិជ្ជកម្ម​ លែង​មាន​ស្ថិរភាព ស្ថាប័ន​រងសម្ពាធផង​​​​និង​ការរិះគន់​ឥតឈប់​ទៀត​​ពី​សំណាក់​ប្រធានាធិបតី​​អាមេរិក កិច្ចព្រមព្រៀង​ពាណិជ្ជកម្មជាច្រើន​ត្រូវ​រង​ការ​ជាន់​ឈ្លី។ ជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​តែ​បាន​ត្រឹម​ឈរ​មើល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក-ចិន-សហភាព​អឺរ៉ុប។ វិបត្តិ​កូវីដ១៩​បាន​ផ្ទុះ​ឡើង​ អង្គការ​ត្រូវ​គាំង​ស្តូក​តែ​ម្តង។ ដូច្នេះ​នេះ​ជា​ពេលវេលា​ប្រសើរ​បំផុត ដែល​អង្គការ​ត្រូវ​ស្វែង​រក​មេដឹកនាំ​ថ្មី។ នេះ​ជា​ការ​អះអាង​របស់​លោក អាហ្សេវេដូ ប្រាប់​ទៅ​កាសែត​Valor។

មាន​ប្រវត្តិ​ជា​អ្នក​ការទូត លោក រ៉ូប៊ែរតូ អាហ្សេវេដូ ជាតិ​ប្រេស៊ីល​ បាន​​ក្លាយ​ជា​​​អគ្គនាយក​អង្គការ​ពាណិជ្ជកម្មពិភពលោកជា​លើកដំបូង​ នៅ​ឆ្នាំ​២០០៨ និង​បានជាប់​ឆ្នោតជា​ថ្មី នៅឆ្នាំ​២០១៧​ ។ តាម​ធម្មតា លោក​​ត្រូវ​បញ្ចប់​អាណត្តិ​ ទី​ពីរ​​នៅ​ថ្ងៃទី ៣១សីហា​២០២១។ មុន​នឹង​ក្លាយ​ជា​ប្រមុខ​អង្គការ​ លោក​បាន​សាង​ឈ្មោះ​ជា​អ្នក​ចរចា​ដ៏​​ចំណាន​រហូតនាំ​ប្រេស៊ីល​ឱ្យ​​ឈ្នះ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមរិក និង​សហភាពអឺរ៉ុប​។ ​ភាព​ប៉ិន​ប្រសព្វ​ផ្នែក​ចរចា​ទម្លាយ​ភាពភាព​ទ័លច្រក​ក្នុង​សំណុំ​រឿង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មដែល​ជាប់​គាំង​រាប់​ឆ្នាំ បា​នរុញ​ច្រាន​លោក​ឱ្យ​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​អង្គការ​ពាណិជ្ជកម្មពិភពលោកនេះ។ ប៉ុន្តែ​តាំង​ពី​លោក​ដូណាល់ ត្រាំ​ ឡើង​កាន់អំណាច សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​លើ​អង្គការ​កាន់​តែខ្លាំងឡើងៗ។ ទោះ​បី​ជា​លោក​អាហ្សេវេដូ ព្យាយាម​ចរចា​យ៉ាងណា​ក៏​មិន​អាច​ទប់​ស្កាត់​អាមេរិក​មិន​ឱ្យ​លូក​ដៃ​កាច់​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​បាន។

ចុះតើ​នរណា​នឹង​ក្លាយ​ជា​អគ្គនាយក​ថ្មី​ ? គ្រប់​ចក្ខុ​កំពុង​បង្វែរ​ទៅ​អាហ្វ្រិក។ ព្រោះ​ដើម្បី​កុំ​ឱ្យ​តំណែង​ធ្លាក់លើ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ហើយ​មិន​ត្រូវ​​ធ្លាក់​ទៅ​អាមេរិក​ឬ​ចិន ដែល​កំពុង​មានជម្លោះ​នឹង​គ្នា​ស្រាប់ទេ។ ​នេះ​បើ​តាម​ប្រភព​ការ​ទូត​ជា​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ