អានតួអត្ថបទ
វ៉េណាស៊ុយអេឡា បារាំង

បារាំងបដិសេធ​ការចោទ​របស់​វ៉េណេស៊ុយអេឡា ដែល​ថា​លោករ្ហាន់ ហ្កៃដូ​​ ពួនសំងំ​ក្នុង​ស្ថានទូត

នៅវ៉េណេស៊ុយអេឡា រដ្ឋាភិបាលលោក​ម៉ាឌូរ៉ូ កំពុងតាមចាប់ខ្លួន លោក រ្ហាន់ ហ្កៃដូ មេចលនាប្រឆាំង ដែលជាប់ចោទ ពីបទឃុបឃិតជាមួយបរទេស ធ្វើរដ្ឋប្រហាររំលំរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។ រដ្ឋមន្ត្រីការបរទេស​វ៉េណេស៊ុយអេឡា បានអះអាង​ថា លោក រ្ហាន់ ហ្កៃដូ កំពុងតែពួនសំងំលាក់ខ្លួន នៅក្នុង​អាគារស្ថានទូតបារាំង ក្នុងរដ្ឋធានីការ៉ាកាស។ ការលើកឡើងនេះ ត្រូវបានក្រសួងការបរទេស​បារាំង ឆ្លើយបដិសេធ នៅ​សុក្រទី​៥មិថុនា។

ស្ថានទូតបារាំង នៅទីក្រុងការ៉ាកាស រដ្ឋធានីវ៉េណេស៊ុយអេឡា ថ្ងៃទី៥ មិថុនា ២០២០
ស្ថានទូតបារាំង នៅទីក្រុងការ៉ាកាស រដ្ឋធានីវ៉េណេស៊ុយអេឡា ថ្ងៃទី៥ មិថុនា ២០២០ AFP - FEDERICO PARRA
ផ្សាយពាណិជ្ជកម្ម

« ទេ លោករ្ហ័ន ហ្កៃដូ មិនមានវត្តមានលាក់ខ្លួន សំងំនៅក្នុងអាគារស្ថានទូតបារាំង ក្នុងទីក្រុងការ៉ាកាស ដូចអ្វីដែលរដ្ឋមន្ត្រីក្រសួងការបរទេសវ៉េណេស៊ុយអេឡា លើកឡើងនោះទេ »។ នេះគឺជាការឆ្លើយតប របស់អ្នកនាំពាក្យក្រសួងការបរទេសបារាំង។ ឆ្លើយទៅកាន់​អ្នកកាសែត AFP អ្នកនាំពាក្យក្រសួងការបរទេសបារាំង អះអាងថា ស្ថានទូតបារាំងប្រចាំនៅក្រុងការ៉ាកាស បានបដិសេធ និងឆ្លើយ​ប្រាប់ទៅ​អាជ្ញាធរវ៉េណាស៊ុយអេឡា ជាច្រើនលើកច្រើនសារហើយ ថាលោក រ្ហាន់ ហ្កៃដូ មិនស្ថិតនៅក្នុងបរិវេណនៃស្ថានទូតបារាំងទេ។

សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ទី ៤ មិថុនា លោករដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា Jorge Arreaza  បានអះអាងថា លោករ្ហ័ន ហ្កៃដូ មេចលនាប្រឆាំងនឹងរដ្ឋាភិបាលលោកម៉ាឌូរ៉ូ កំពុងលាក់ខ្លួន​ក្នុងស្ថានទូតបារាំង។ ចំណែកមេក្រុមប្រឆាំងម្នាក់ទៀត ឈ្មោះ Leopoldo Lopez កំពុងសំងំ​លាក់ខ្លួន នៅក្នុងនិវេសនដ្ឋានរបស់លោកអគ្គរាជទូតអេស្ប៉ាញ។ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លើកឡើងថា វាជារឿងអាម៉ាសបំផុតសម្រាប់បារាំង និងអេស្ប៉ាញ ដែលយកស្ថានទូតជាខែល លាក់ជនក្បត់ជាតិទាំងនោះ។

គួរបញ្ជាក់ផងដែរថា លោក​​ រ្ហាន់ ហ្កៃដូ អតីតប្រធានសភា និងជាមេដឹកនាំចលនាប្រឆាំង ត្រូវបាន​រដ្ឋអាជ្ញាវេណេស៊ុយអេឡា ចោទពីបទឃុបឃិត និង​ ធ្វើសកម្មភាពនាំកម្លាំងមកពីបរទេស ចូលមកក្នុងទឹកដី​វ៉េណេស៊ុយអេឡា ដើម្បី​ធ្វើរដ្ឋប្រហារ និងចាប់ខ្លួន​លោក​នីកូឡា ម៉ាឌូរ៉ូ។ រដ្ឋាភិបាល​​វ៉េណេស៊ុយអេឡា អះអាងថា « តែជាសំណាងល្អ ផែនការនេះ បានរលាយ​ក្លាយ​ជាផេះ ដោយសារ​កងទ័ពវ៉េណេស៊ុយអេឡា បាន​ដឹងមុន និងចាំស្ទាក់ចាប់នៅឆ្នេរសមុទ្រ កាលពីថ្ងៃទី​៣ឧសភា »។ យ៉ាងហោចណាស់ មានមនុស្ស​៤៥នាក់ ដែលត្រូវចាប់ខ្លួន ក្នុងនោះ មាន២នាក់ ដែលគេអះអាងថា ជាអតីតទាហានអាមេរិក។​ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកនីកូឡា ម៉ាឌូរ៉ូ បាននិយាយជាសាធារណៈ ថាលោក រ្ហាន់ ហ្កៃដូ ប្រហែលជាកំពុងសំងំលាក់ខ្លួន នៅតាមស្ថានទូរបរទេសណាមួយ។

គួរកត់សំគាល់ដែរថា បារាំង ក៏ដូចជាអេស្ប៉ាញ គឺជាប្រទេសធំៗ ក្នុងចំណោម​ប្រទេសជាង៥០ប្រទែស ដែលបានប្រកាសទទួលស្គាល់​ លោក រ្ហាន់ ហ្កៃដូ ជាប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡា។ សម្រាប់ប្រទេសទាំងនេះ លទ្ធផលបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៨ ដែលបានផ្តល់ជ័យជំនះភ្លូកទឹកភ្លូកដី ទៅឲ្យ​លោកនីកូឡាម៉ាឌូរ៉ូនោះ គឺមិនអាចយកជាការបានទេ​ ព្រោះវាពោរពេញទៅដោយភាពមិនប្រក្រតីក្លែងបន្លំសន្លឹកឆ្នោត។

ថ្មីៗនេះ ក្រសួងការបរទេសបារាំង បានអះអាងថា អាជ្ញាធរវ៉េណេស៊ុយអេឡា បានធ្វើសកម្មភាព​កៀបសង្កត់ ដាក់សំពាធមកលើលោក Romain Nadal អគ្គរដ្ឋទូតបារាំងប្រចាំក្រុងការ៉ាកាស។ តាំងតែពីថ្ងៃទី​២ឧសភាមក និវេសនដ្ឋានរបស់​លោក​អគ្គរដ្ឋទូតបារាំង ត្រូវគេផ្តាច់ភ្លើងអគ្គីសនី និងចរន្តទឹក ហើយនៅលើដងផ្លូវ គឺ​មានទាហានវ៉េណេស៊ុយអេឡា ចាំយាមតាមដានជាប្រចាំ។ កាលពីថ្ងៃទី​១៤ ឧសភា ក្រសួងការបរទេសបារាំង បានកោះអញ្ជើញអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា ប្រចាំក្រុងប៉ារីស មកសាកសួរ ពី​បញ្ហាមិនគប្បី ដែលរំលោភលើ​អភ័យឯកសិទ្ធិការទូតនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ