អានតួអត្ថបទ

អាមេរិក​រំលឹក​ថ្ងៃ​បិទបញ្ចប់​ទាសភាព ក្នុង​បរិបទ​បាតុកម្ម​ប្រឆាំង​ការរើសអើងពូជសាសន៍

ពិធី​រំលឹកខួប​១៥៥​ឆ្នាំ​នៃ​ថ្ងៃ​បិទបញ្ចប់​របបទាសភាព​នៅអាមេរិក បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​​មួយដែល​សង្គម​អាមេរិក​កំពុង​រងរញ្ជួយ​ដោយ​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ប្រកាន់​ពូជសាសន៍ និង​អំពើហិង្សា​របស់​ប៉ូលិស​ស្បែកស លើ​ជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ។

ទង់សញ្ញាJuneteenth ដែល​គេ​បង្ហូត​សម្រាប់​ប្រារព្ធ​ខួប​​ថ្ងៃ​បិទបញ្ចប់​ទាសភាព​នៅអាមេរិក ថ្ងៃទី​១៧​មិថុនា ២០២០
ទង់សញ្ញាJuneteenth ដែល​គេ​បង្ហូត​សម្រាប់​ប្រារព្ធ​ខួប​​ថ្ងៃ​បិទបញ្ចប់​ទាសភាព​នៅអាមេរិក ថ្ងៃទី​១៧​មិថុនា ២០២០ AP - Nati Harnik
ផ្សាយពាណិជ្ជកម្ម

នៅគ្រប់ទីក្រុង​ក្នុង​សហរដ្ឋអាមេរិក ពី​ញូវយ៉ក រហូត​ដល់​ទីក្រុង ឡូសអង់ជេឡេស ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា ប្រជាជន​អាមេរិកាំង រាប់ម៉ឺននាក់ ចូលរួម​ក្នុង​ក្បួនដង្ហែរ ដើម្បី​រំលឹកខួប​១៥៥​ឆ្នាំ នៃ​ការបិទបញ្ចប់​ទាំងស្រុង របប​ទាសភាព នៅ​សហរដ្ឋអាមេរិក។

កាលពី​១៥៥​ឆ្នាំមុន នៅថ្ងៃ​ទី ១៩​មិថុនា ១៨៦៥ ទាសករ​ស្បែកខ្មៅ នៅ​រដ្ឋតិចសាស់ ជា​ក្រុមទាសករ​ចុងក្រោយ​គេ នៅអាមេរិក ដែល​បាន​ទទួល​ដំណឹង​ថា ពួកគេ​អាច​មានសេរីភាព លែង​ធ្វើ​ជា​ខ្ញុំទាសករ​ឲ្យ​ប្រជាជន​ស្បែកស តទៅទៀត។

នៅឆ្នាំនេះ ថ្ងៃ​បុណ្យ​រំលឹក​ខួប​១៥៥​ឆ្នាំ នៃ​ការបិទបញ្ចប់​ទាសភាព នៅ​អាមេរិក​រៀបចំ​ឡើង នៅក្នុង​បរិបទ​ពិសេស ដែល​សង្គមអាមេរិក​រងអង្រួន​ដោយ​មហាបាតុកម្ម ប្រឆាំង​ការរើសអើង ពូជសាសន៍ នៅពេញទឹកដី​អាមេរិក នៅក្រោយ បុរសអាមេរិកាំង​ស្បែកខ្មៅ George Floyds ស្លាប់​នៅក្នុង​ពេល​ឃាត់ខ្លួន​របស់​ប៉ូលិស​ស្បែកស។

ចាប់តាំង​ពី​ព្រឹកថ្ងៃ​សុក្រ ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ យ៉ាងក្រាសក្រែល នៅជុំវិញ សេតវិមាន ចំណែក ផ្លូវ​ជាច្រើន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន រួម​ទាំង​ទីលាន​Plaza ដែល​ធ្លាប់​មាន​មហាបាតុកម្ម ដើម្បី ប្រឆាំង នឹង​អំពើហិង្សា របស់​ប៉ូលិស ត្រូវ​បាន​បិទខ្ទប់​មិន​ឲ្យ​មានចរាចរណ៍​ចេញចូល។

រង​ការចោទ​ប្រកាន់ថា ជាប្រធានាធិបតី​ដែលបំបែកបំបាក់​ប្រជាជនអាមេរិកាំង លោក​ដូណាល់ ត្រាំ​មិន​ដែល​លើក​និយាយ​ពី​វិបត្តិ​រើសអើង​ពូជសាសន៍ ម្តង​ណា​ទេ ចាប់តាំង​ពីមាន​ផ្ទុះ​បាតុកម្ម​ប្រឆាំង​អំពើហិង្សា របស់​ប៉ូលិស និង​ការរើសអើង​ប្រកាន់​ពូជសាសន៍ នៅអាមេរិក។ លោកដូណាល់ ត្រាំ ថែម​ទាំង​ចាក់សាំង​លើ​ភ្លើង នៅ​ពេល​លោក​ប្រកាស​ផ្តើម​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់លោក នៅ​ថ្ងៃទី ១៩​មិថុនា ចំ​ថ្ងៃ ដែល​អាមេរិក រំលឹក​ខួប​១៥៥​ឆ្នាំ​នៃ ការបិទបញ្ចប់​ទាសភាព។ យុទ្ធនាការ​ឃោសនា​ឆ្នោត​ដំបូង​របស់​លោកដូណាល់ត្រាំ នឹង​ត្រូវចាប់ផ្តើម​ដំបូង នៅ​ទីក្រុង Tulsa ក្នុង​រដ្ឋ​អូក្លាហាម៉ា ជាទី ដែល​ប្រជាជន​អាមេរិកាំង​ស្បែក​ខ្មៅ ប្រមាណ ៣០០​នាក់ ត្រូវ​បាន​ជនជាតិ​ស្បែកស សម្លាប់រង្គាល កាលពី​៩៩​ឆ្នាំមុន។

ទោះមាន​ចលនា​ទាមទារ​សិទ្ធិ​ពលរដ្ឋ នៅ​ទសវត្សរ៍ ឆ្នាំ ១៩៦០ ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ ដែល​មានចំនួន​១៣ភាគរយ នៅអាមេរិក ត្រូវ​បាន​គេ​បំភ្លេច​ចោល ក្នុង​សង្គម​ដ៏រីកចម្រើន​របស់​អាមេរិក។ មានជីវភាពក្រីក្រ គ្មានអ្នកតំណាង​របស់ខ្លួន នៅក្នុង​ថ្នាក់ដឹកនាំ​នយោបាយ ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ ភាគច្រើន រងគ្រោះ​នឹង​ការរើសអើង និងត្រូវ​ប្រឈម​នឹង​ការចាប់ឃុំខ្លួន ជាង​ប្រជាជន​ទូទៅ។ វិបត្តិកូវីដ​បានធ្វើ​ឲ្យ​ប្រជាជន​ស្បែកខ្មៅ រងគ្រោះ​មួយជាន់​បន្ថែមទៀត។ វិធានការ​បិទខ្ទប់ សេដ្ឋកិច្ច និង​ប្រទេស ធ្វើ​ឲ្យ​ពួកគេ​ឈរជួរមុខគេ នៅក្នុង​ចំណោម​អ្នក​រងគ្រោះ បាត់បង់​ការងារធ្វើ ឬ​ត្រូវ​រងគ្រោះ​ឆ្លងជំងឺកូវីដ ដោយសារ​ការងារ​ដែល​ប្រឈមខ្លាំង​នឹង​ជំងឺ​រាតត្បាត​មួយនេះ។

តាំង​ពី​ថ្ងៃ​សុក្រ អាជ្ញាធរ​នៅ​ទីក្រុង Tulsa ក្នុង​រដ្ឋ​អូក្លាហាម៉ា ​បាន​ប្រកាស​បម្រាមគោចរណ៍ ដើម្បី​ត្រៀម​ថ្ងៃ​ប្រមូលផ្តុំ យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​លោកដូណាល់ ត្រាំ​ ដែល​ត្រូវ​លើក​មកធ្វើ​នៅ​ថ្ងៃ​សៅរ៍​នេះ​វិញ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ