អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-នុយក្លេអ៊ែរ

នុយក្លេអ៊ែរ៖ អាមេរិកនិងរុស្ស៊ី ផ្តើមចរចា បន្ត​សុពលភាព​​សន្ធិសញ្ញា​​New Start​

សន្ធិសញ្ញា​ New Start ស្តីពីការគ្រប់គ្រងចំនួនអាវុធនុយក្លេអ៊ែរ រវាងអាមេរិក និងរុស្ស៊ី នឹងត្រូវចប់សុពលភាព ​នៅដើមឆ្នាំ២០២១ខាងមុខនេះ។ បន្ទាប់ពីបានជាប់គាំង អស់ជាច្រើនខែ ភាគីទាំង២បានយល់ព្រមត្រលប់មករក​តុចរចា នៅថ្ងៃចន្ទទី​២២មិថុនានេះ នៅឯ​ទីក្រុងវីយែន ​ប្រទេសអូទ្រីស ដើម្បីស្វែងរកការស្រុះស្រួល បន្តសុពលភាពនៃការសន្ធិសញ្ញានេះ។ តែយ៉ាងណាគេមិនសូវជាសង្ឃឹមទេ ថាភាគីទាំង២ នឹងអាចរកចំណុចប្រសព្វបន្តអនុវត្ត​សន្ធិសញ្ញានេះ។ អាមេរិកបានទាមទារឲ្យចិនត្រូវចូលរួមក្នុងសន្ធិសញ្ញានេះដែរ។

គណៈប្រតិភូអាមេរិក​ដឹកនាំដោយ​លោក​  Marshall Billingslea ទៅដល់​ទីក្រុង​វីយែន ថ្ងៃទី​២២មិថុនា ២០២០
គណៈប្រតិភូអាមេរិក​ដឹកនាំដោយ​លោក​ Marshall Billingslea ទៅដល់​ទីក្រុង​វីយែន ថ្ងៃទី​២២មិថុនា ២០២០ REUTERS - LEONHARD FOEGER
ផ្សាយពាណិជ្ជកម្ម

លោក Marshall Billingslea តំណាងឲ្យប្រធានាធិបតីអាេមរិក និងលោក Sergueï Riabkov អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានបើកការចរចា នៅព្រឹកថ្ងៃចន្ទ ទី២២មិថុនា ដើម្បី​បន្តសុពលភាព នៃសន្ធិសញ្ញា​គ្រប់គ្រងចំនួនអាវុធនុយក្លេអ៊ែរ ឈ្មោះថា New Start។

ចុះហត្ថលេខាកាលពីឆ្នាំ២០១០ New Start គឺជាសន្ធិសញ្ញា​ ដែលរុស្ស៊ីនិងអាមេរិក​ បាន​យល់ព្រមគ្នា គ្រប់គ្រងចំនួន​អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ដោយអនុឡោមទៅតាមសន្ធិសញ្ញា មិនរីកសាយភាពអាវុធនុយក្លេអ៊ែរ ចុះនៅឆ្នាំ១៩៦៨។ មហាអំណាចនុយក្លេអ៊ែរទាំងពីរ បានសន្យាកាត់បន្ថយ អាវុធបាញ់បង្ហោះនុយក្លេអ៊ែរយុទ្ធសាស្ត្រ​ ឲ្យនៅត្រឹម​៧០០គ្រឿង និងក្បាលគ្រាប់នុយក្លេអ៊ែរ នៅត្រឹម១៥៥០គ្រាប់។

គួរបញ្ជាក់ថា ភាគីរុស្ស៊ីបានរន្ធាន់បើកការចរចាជាថ្មី តាំងតែពីចុងឆ្នាំ២០១៩ តែភាគីអាមេរិក បាន​បង្អែរបង្អង់​ ដោយអះអាងថាចង់​ឲ្យចិនចូលរួមដែរ។ កាលពីថ្ងៃសុក្រកន្លងទៅ លោក Robert Wood តំណាងសហរដ្ឋអាេមរិក ប្រចាំនៅសន្និសីទកាត់បន្ថយអាវុធទីក្រុងហ្សឺណែវ បានលើក​ឡើង​តាម​ទូរទស្សន% CBS ថាអាេមរិកបារម្ភ ព្រោះថាចិនបាននឹងកំពុងសំរុកបង្កើនសមត្ថភាពនុយក្លេអ៊ែរ ហើយក្នុងរវ​ាង១០ឆ្នាំទៀត ចំនួនអាវុធរបស់​ចិននឹងកើនទ្វេរដង។

លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Interfax កាលពីថ្ងៃសៅរ៍ថា ភាគីរុស្ស៊ីសង្ឃឹមថា ការចរចាបន្តសន្ធិសញ្ញា​ New Start នេះ នឹងធ្វើទៅដោយត្រឹមត្រូវ ហើយឆ្លើយតបនឹងស្ថានភាពជាក់ស្តែង។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយរបស់ វិទ្យាស្ថាន Sipri នៅទីក្រុងស្តុកខូម បានឲ្យដឹងថា ៩០%នៃចំនួនអាវុធនុយក្លេអ៊ែរសរុប គឺជារបស់រុស្ស៊ី និងអាមេរិក។ តួលេខឆ្នាំ២០២០ រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន​៦៣៧៥គ្រាប់ សហរដ្ឋអាមេរិកមាន៥៨០០គ្រាប់ ចិនមាន​៣២០គ្រាប់ បារាំងមាន​២៩០គ្រាប់ និងអង់គ្លេសមាន​២១៥គ្រាប់។

លោក Song Zhongping អ្នកជំនាញផ្នែក​សព្វាវុធនៅចិន បានលើកឡើងថា ចិនគ្មានថ្ងៃចូលរួមចរចា កាត់បន្ថយចំនួននុយក្លេអ៊ែរ ជាមួយរុស្ស៊ីនិងអាមេរិកនោះទេ ព្រោះសមត្ថភាពចិននៅទាបជាងគេឆ្ងាយ​។ ទំហំដែលចិនចង់បានគឺ ប្រហែលជាចំនួន២០០០គ្រាប់។

ដោយឡែក លោក Daryl Kimnball ប្រធាន Arms Control Association នៅអាេមរិក បានលើកឡើងថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានយកចិនធ្វើជាលេសតែប៉ុណ្ណោះ ព្រោះថាធាតុពិត អាេមរិកគ្មានចេតនាចង់បន្តសន្ធិសញ្ញា New Start ទេ។ តាំងតែពីលោកដូណាល់ ត្រាំចូលកាន់តំណែងមក អាមេរិកបានលប់ចោល ឬដកចេញទាំងអស់ នូវកិច្ចព្រមព្រៀងទាំងឡាយណា ដែលចងជើង ដាក់កំហិតមកលើអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ