អានតួអត្ថបទ
កូវីដ១៩-សេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុថាសេដ្ឋកិច្ចពិភពលោកដើរថយខ្លាំងហួសការស្មាន និងពិបាកព្យាករឱ្យប្រាកដ

ដោយហេតុ​កូវីដ១៩ ពិភពលោក​ត្រូ​វខាតបង់​សេដ្ឋកិច្ច​អស់​ជាង ១២០០០លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១។ ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរមិន​ដូច​វិបត្តិ​ដទៃ អាក្រក់​ជាង​ការគិត និងអាច​​​ងើប​ឡើង​វិញ​យ៉ាង​យឺតជាទី​​បំផុត។ នេះ​បើ​តាម​ការ​អះអាង​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ដោយ​បាន​ព្យាករ ​ទៀត​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​ដើរ​ថយក្រោយខ្លាំង ដល់​ទៅ​៤,៩%​មិន​មែន​ត្រឹម​3%​ដូច​ការ​ព្យាករ​កាលពី​ខែ​មេសា២០២០​ឡើង។

មូលនិធិរូបិយវត្ថុថាសេដ្ឋកិច្ចពិភពលោកដើរថយខ្លាំងហួសការស្មាន និងពិបាកព្យាករឱ្យប្រាកដ
មូលនិធិរូបិយវត្ថុថាសេដ្ឋកិច្ចពិភពលោកដើរថយខ្លាំងហួសការស្មាន និងពិបាកព្យាករឱ្យប្រាកដ RFI Hausa
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍ចុងក្រោយ​ស្តីពី​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២៤​មិថុនា ២០២០ មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បានព្យាករថា បើ​យោល​ទៅ​លើ​​ស្ថានភាព​វិវឌ្ឍន៍​របស់​កូវីដ១៩​នាពេ​ល​បច្ចុប្បន្ន​ និងស្ថានភាព​សេដ្ឋកិច្ច​ចាប់​ដំណើរឡើងវិញ​ជា​បណ្តើរៗ​នៅ​ឆមាស​ទី​ពីរ សេដ្ឋកិច្ចពិភពលោកនឹង​ដើរ​ថយក្រោយ​ខ្លាំង ដល់​ទៅ​៤,៩% ប៉ុន្តែ​ការព្យាករ​នេះ​ មិន​ជាក់លាក់យក​តែ​មែនទែន។ ហេតុដូច្នេះហើយ​បាន​ជា​​​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ចផ្តោត​លើ​សម្មតិកម្ម​​ពីរ ៖ ទីមួយ អ្នក​ជំនាញ​ឧបមា​ថា ពិភពលោក​នឹង​មានរលក​រាតត្បាត​កូវីដ​១៩​ជា​លើក​ទី​ពីរ នៅ​ដើមឆ្នាំ​២០២១។ សេណារីយោ​ទីពីរ​ គឺ​សេដ្ឋកិច្ច​ចាប់​កំរើក​ឡើង​វិញ និង​លឿន​ជាង​ការ​គិត​នា​ពេល​នេះ។

ប្រសិន​បើ​ពិភពលោក​ពិត​ជា​រងការរាតត្បាត​កូវីដ១៩​ជា​លើក​ទី​ពីរ នៅ​ដើម​ឆ្នាំ​ក្រោយ​មែន នោះនឹង​មាន​ការ​បិទខ្ទប់​បង្ឃាំង​ប្រជាពលរដ្ឋ​ជា​ថ្មី​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង ប៉ុន្តែ​ផលប៉ះពាល់​សេដ្ឋកិច្ចនឹង​មិន​ធ្ងន់ធ្ងរខ្លាំង​ដូច​ការ​វិធានការ​បិទ​ខ្ទប់​ដំបូង​ទេ។ ដោយ​​ធ្លាប់​​បាន​ឆ្លង​កាត់​​បទពិសោធន៍ម្តង​ហើយ ប្រទេសនីមួយៗ​ទំនង​ជា​អាច​នឹងជ្រើសរើស​ធ្វើ​ចត្តាឡីស័ក​ដោយ​ផ្នែកៗ ​​​បិទ​បង្ឃាំង​តែ​ពលរដ្ឋ​ងាយ​រងគ្រោះ​ឬ​ប្រជាជន​មួយ​ក្រុម​ណាមួយ​ច្បាស់លាស់ ជាជាងសម្រេច​​បិទ​បង្ឃាំង​ប្រជាជន​ទាំងស្រុង។ ​ក្នុង​សេណារីយោបែបនេះ ​សកម្មភាព​សេដ្ឋកិច្ច​ឆ្នាំ​២០២១​នឹង​មាន​កំណើន​ទាប​ខ្លាំង ត្រឹម​តែ​ប្រមាណ​០,៥% ប៉ុណ្ណោះ ទល់​នឹង​៥,៤%​បើប្រៀប​ទៅនឹង​ការព្យាករ​ស្ថានភាព​ដូច​បច្ចុប្បន្ន។

ផ្ទុយ​ទៅ​វិញ ​បើ​សេដ្ឋកិច្ច​អាច​ចាប់ដំណើរការឡើង​វិញ នៅ​ឆមាស​ទីពីរ លឿន​លើស​ពីគ្រោង​ទុក​ ព្រោះ​ប្រទេស​លើក​ការ​បិទ​ខ្ទប់​មាន​ប្រសិទ្ធភាព (​ប្រជាពលរដ្ឋ​គោរព​គម្លាត​សុវត្ថិភាព​សុខភាព ធ្វើ​តេស្ត​វិភាគ​រក​អ្នក​កូវីដ​បាន​ច្រើន​ ដាក់​អ្នក​មាន​កូវីដ១៩​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​...) ដែល​ជំរុញ​ឱ្យ​ប្រជាជន​ឆាប់​​មានទំនុក​ចិត្ត​ ក្រុមហ៊ុន​ឆាប់​ត្រលប់​មក​ដំណើរ​ជា​ធម្មតា​ឡើង​វិញ។ ក្នុងសម្មតិកម្ម មូលនិធិ​រូបិយវត្ថុប៉ាន់ស្មាន​ថា ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​នឹង​ត្រូវ​កាត់បន្ថយ​បាន​កន្លះពិន្ទុ ពោល​គឺ​ថយ​តែ​៤,៥%​ ហើយ​នឹង​ហក់​ស្ទុះ​ឡើង​វិញ​នៅ​ឆ្នាំ​២០២១ ក្នុង​កំរិត​លើស​ពី​៣%។

ប៉ុន្តែ​មូលនិធិ​រូបិយវត្ថុ​បាន​សន្និដ្ឋាន​បញ្ចប់​ថា ការព្យាករ​នេះ​គ្មាន​លក្ខណៈ​ប្រាកដប្រជា​ទេ ជាពិសេស​ការព្យាករ​ក្នុង​សម្មតិកម្មទីមួយ ព្រោះ​រលកទីពីរ​អាច​កើត​ឡើង​បានគ្រប់ពេលវេលា ឬ​អាច​នៅ​មុន​ដំណាច់​ឆ្នាំ​២០២០ផង។ បើ​ការរាតត្បាត​កូវីដ១៩​រលកទីពីរ ផ្ទុះ​ឡើង​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​​ឆ្នាំ​នេះ និង​មិនមែន​នៅដើមឆ្នាំ​២០២១ នោះ​ផលអវិជ្ជមាននៃ​សេដ្ឋកិច្ច​​ឆ្នាំ​២០២០​នឹង​អាក្រក់​ខ្លាំង។ ខ្លាំង​ជាងតួលេខ​នៃ​ការព្យាករពេល​នេះ​ឆ្ងាយណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ