អានតួអត្ថបទ
ហ្វេសប៊ុក

ក្រុមហ៊ុនច្រើនធ្វើពហិការមិនផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដើម្បីប្រឆាំងនឹងការរើសអើងពូជសាសន៍

ក្រុមហ៊ុន​ម៉ាកល្បីៗ ជិត​២០០ ដូច​ជា​ក្រុមហ៊ុនកូកាកូឡា ឡឺវីស ឬ​ស្តារបឺក ឬហ្វដ Coca-Cola, Levis, Starbucks … បាន​ធ្វើ​ពិហិការ​នៅ​ពេល​នេះ មិន​ផ្សាយ​ពាណិជ្ជកម្ម​ នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទេ។ ជា​ការ​ធ្វើ​ពហិការ​ដើម្បីដាក់​គំនាប​លើ​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​មិន​ចាត់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ស្អប់ខ្ពើម​រើសអើង​ពូជសាសន៍​នៅ​លើ​បណ្តាញ​។ ចលនា​នេះបាន​ធ្វើតម្លៃ​ភាគ​ហ៊ុន​​ហ្វេសប៊ុកដាំ​ក្បាល​ចុះ​ជា​ខ្លាំង ​ប៉ុន្តែ​ទំនង​ជា​មាន​ឥទ្ធិពល​តិច​តួច​ណាស់​ក្នុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​​ប្តូរ​ផ្លាស់​ជំហរ​។

ក្រុមហ៊ុន​កាន់​តែ​ច្រើនធ្វើពហិការ​មិន​ផ្សាយពាណិជ្ជកម្ម​លើ​បណ្តាញ ហ្វេសប៊ុក
ក្រុមហ៊ុន​កាន់​តែ​ច្រើនធ្វើពហិការ​មិន​ផ្សាយពាណិជ្ជកម្ម​លើ​បណ្តាញ ហ្វេសប៊ុក AFP/File
ផ្សាយពាណិជ្ជកម្ម

អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគមការពារ​សិទ្ធិ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ជា​ច្រើន ព្រមទាំង​​​អង្គការ​ប្រយុទ្ធ​ប្រឆាំងនឹងការ​ស្អប់​ខ្ពើមអ៊ីស្រាអែល បាន​អំពាវនាវ​ហៅក្រុមហ៊ុន​ទាំង​ឡាយ​ឱ្យ​បង្ហួត​ប្រាក់​ចំណូលពេញ​មួយ​ខែ​កក្កដា​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក តាមរយៈ​ការ​ធ្វើ​ពហិការ​មិន​ផ្សាយ​ពាណិជ្ជកម្ម​លើ​ទំព័រ​ហ្វេសប៊ុក។ គឺ​ជា​ការ​ធ្វើ​ពហិការ​ គឺ​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ហ្វេសប៊ុក​​ដែល​ធ្វើ​គថ្លង់​ឬ​បដិសេធ​មិន​ព្រម​សើរើ​វិធាន​ផ្ទៃក្នុង​នៃ​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ឬ​ចេញវិធានការថ្មី​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​បង្ហោះ​ពាក្យ​សំដី​បែបញុះញង់​ស្អប់​ខ្ពើម​គ្នា​និង​បែប​ប្រកាន់​ពូជសាសន៍។

ឆ្លើយ​តប​នឹង​ការ​អំពាវនាវនេះ ក្រុមហ៊ុន​កាន់​តែ​ច្រើន ខ្លះ​ទាមទារ​ឱ្យបន្ត​​​ធ្វើ​យុទ្ធនាការ​ ខ្លះ​ប្រកាស​ផ្អាកឈប់​ផ្សាយ​ពាណិជ្ជកម្ម​តាម​បណ្តាញ​ហ្វេសប៊ុក​តែ​ម្តង។ គ្រាន់​តែក្រុមហ៊ុន​ម៉ាកល្បីៗ​បាន​មក​ចូល​រួមធ្វើ​ពហិការភ្លាម ភាគហ៊ុនរបស់​ក្រុមហ៊ុន​ហ្វេសប៊ុក​បានដាំ​ក្បាល​ធ្លាក់​ខាត​បង់​អស់ ៥០ពាន់​លាន​ដុល្លារនៅ​ថ្ងៃ​សុក្រទី ២៦​មិថុនា ២០២០ និង​ងើប​ឡើង​វិញ​បាន​១០ពាន់​លាន​ដុល្លារវិញ​​នៅ​ថ្ងៃ​ចន្ទ​ទី ២៩មិថុនាម្សិលមិញ។

សូម​បញ្ជាក់​ថា ម្ចាស់​ក្រុមហ៊ុន​​ហ្វេសប៊ុក​ ធ្លាប់​ចេញមុខ​ការពារខ្លួន​ចំពោះភាព​​ធូររលុង​ជ្រុល​ ​បណ្តោយ​ឱ្យ​ពាក្យ​សំដី​បែប​ស្អប់​ខ្ពើម​និង​រើង​អើង​​ពូជសាសន៍​បង្ហោះ​​ពេញ​ប្រព័ន្ធ​ពី​សំណាក់​អ្នក​ប្រើប្រាស់​សាមញ្ញ​ផង អ្នក​នយោបាយ​ផង ​ក្រោមហេតុផល​នៃ​គោលការណ៍​ការពារសេរីភាព​នៃ​ការបញ្ចេញ​មតិ។ ប៉ុន្តែនៅចំពោះមុខ​​គំនាបកាន់​តែខ្លាំង និងការ​ធ្វើ​ពហិការ​​ប៉ះពាល់ដល់ចំណូល ដែល​គេ​មិនអាច​វាស់​វែ​ង​អំពី​ផលវិបាក​​បាន ហ្វេសប៊ុក​បាន​ប្រកាសធ្វើ​សម្បទាន​ខ្លះ​ កាលពី​ថ្ងៃ​សុក្រ ដោយ​សន្យា​ថា​នឹងដក​ចេញ​នូវ​រាល់គ្រប់ទម្រង់​នៃការ​ផ្សាយ​ពាណិជ្ជកម្មដែលញុះញង់​ឱ្យ​មានការ​ស្អប់​ខ្ពើមគ្នា ហើយ​ចំពោះ​សារ​នយោបាយ​​​បង្កប់​អត្ថន័យរើសអើង​ពូជសាសន៍​ឬ​ស្អប់​ខ្ពើម​គ្នា​អាច​នឹង​ត្រូវ​បិទ ដូច​អ្វី​ដែល​ទ្វីតទ័រ​ធ្វើ។

ក្រុម​អង្គការសមាគម ​មិន​ស្កប់ចិត្ត​នឹង​ចំណាត់ការ​ថ្មី​របស់​ហ្វេសប៊ុកទេ និង​សន្យា​បន្ត​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​នេះ​ទៀត។ តែ​ ​​ហ្វេសប៊ុក​មាន​អ្នក​ប្រើ​ប្រាស់​ដល់​ទៅ​ជាង​ពីរពាន់​៦រយ​លាននាក់ តើ​ក្រុមហ៊ុន​ម៉ាកធំៗ ទ្រាំ​មិន​ទិញ​ពាណិជ្ជកម្ម​ដែល​អាច​​ទាក់ទាញ​អតិថិជន​ដ៏ច្រើន​បំផុត​នេះ​បាន​យូរ​ប៉ុនណាទៅ ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ