អានតួអត្ថបទ

អ៊ីរ៉ង់​ប្តឹង​កងទ័ព​អាមេរិក​ដែល​បើក​យន្តហោះចម្បាំង​បៀតបៀន​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ីរ៉ង់

អាជ្ញាធរ​អ៊ីរ៉ង់ កាលពី ថ្ងៃ​សៅរ៍ម្សិលមិញ បាន​ប្រាប់​អ្នកដំណើរ​នៅលើ​យន្តហោះ​អ៊ីរ៉ង់  Mahan Air ថា ពួកគេ​អាច​ប្តឹង​មេបញ្ជាការ​កងទ័ព​អាមេរិក ទៅ​តុលាការ​អ៊ីរ៉ង់ នៅ​បន្ទាប់ពី យន្តហោះ​ចម្បាំង​អាមេរិក ហោះចូល​មកកៀក យ៉ាងគ្រោះថ្នាក់ យន្តហោះដឹក​អ្នកដំណើរ​អ៊ីរ៉ង់ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ។ បញ្ជាការដ្ឋាន​កណ្តាល​អាមេរិក​ដែល​គ្រប់គ្រង​ប្រតិបត្តិការ​អាមេរិក​នៅតំបន់​ដើមបូព៌ា អះអាង​ទៅវិញថា យន្តហោះ​ចម្បាំង​អាមេរិក​បើកប្រតិបត្តិការ​តាមទម្លាប់ នៅក្នុង​ដែនអាកាស​ស៊ីរី ជាទី​ដែល​អាមេរិក​រក្សា​វត្តមានទ័ព​របស់ខ្លួន។

យន្តហោះចម្បាំង​អាមេរិក
យន្តហោះចម្បាំង​អាមេរិក AP - Bullit Marquez
ផ្សាយពាណិជ្ជកម្ម

តាម​អាជ្ញាធរ​អ៊ីរ៉ង់ យន្តហោះ​ចម្បាំង​របស់អាមេរិក​ពីរគ្រឿង​បាន​ហោះ​ចូល​ទៅ​យ៉ាងជិត​យន្តហោះ​ដឹក​អ្នកដំណើរ អ៊ីរ៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ការណ៍នេះ​​បាន​តម្រូវ​ឲ្យ​អ្នកបើកបរ​យន្តហោះ​អ៊ីរ៉ង់ ត្រូវ​ផ្លាស់ប្តូរ ដោយ​ប្រថុចញ៉ុច ដោយ​បញ្ចុះ​រយៈកំពស់​ហោះហើរ ដើម្បី ជៀសវាង ការបើកបុក​ជល់​នឹង​យន្តហោះ​ចម្បាំង​អាមេរិក។

នៅថ្ងៃយប់​ថ្ងៃ​ព្រហស្បតិ៍ ទូរទស្សន៍​អ៊ីរ៉ង់​បាន​បង្ហាញ​វីដេអូ ថតបាន នៅក្នុង​យន្តហោះ ដែល នៅក្នុង​នោះ គេ​ឃើញ អ្នកដំណើរ​បែករបួសក្បាល ដួលក្រាប​ទៅលើ​ដី និង​សំឡេង​ស្រែក​ពេញ​យន្តហោះ។ នៅក្រោយ​ហេតុការណ៍ យន្តហោះ​Mahan Air របស់​អ៊ីរ៉ង់​ដែល​ចាកចេញពី​ទីក្រុង​តេហេរ៉ង់ បាន​ទៅ​ចុះចត​ដោយ​សុវត្ថិភាព នៅទីក្រុង​បីរូត ប្រទេស​លីបង់។ ប៉ុន្តែ សម្រាប់​អាជ្ញាធរ​អ៊ីរ៉ង់ រាល់​អ្នកដំណើរ នៅលើយន្តហោះ អាច​ប្តឹង មេបញ្ជាការ​បែបភេរវនិយម​នៃ​កងទ័ព​អាមេរិក ទៅ​តុលាការ​អ៊ីរ៉ង់ ពីបទ ប្រមាថ បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ពួកគេ។

នៅថ្ងៃ​សុក្រ អាជ្ញាធរ​អ៊ីរ៉ង់ បាន​ដាក់​ពាក្យ​ប្តឹង​អាមេរិក​រួចហើយ ទៅ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ។ អ៊ីរ៉ង់​បាន​អះអាងដែរថា បន្ទាប់ពីនេះ ខ្លួន​នឹង​ដាក់​លិខិត​ប្តឹង​អាមេរិក​បន្ថែមទៀត ទៅក្រុមប្រឹក្សា​សន្តិសុខ និង​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​សុក្រ បញ្ជាការដ្ឋាន​កណ្តាល​របស់​អាមេរិក ដែល​គ្រប់គ្រង​ប្រតិបត្តិការ​អាមេរិក​នៅតំបន់​ដើមបូព៌ា បាន​ពន្យល់វិញ​ថា យន្តហោះ​អាមេរិក​មួយគ្រឿង​ដែល​បើកប្រតិបត្តិការ​ទៅ​តាមទម្លាប់ នៅក្នុង​លំហអាកាស​ស៊ីរី បាន​ហោះ នៅ​ចម្ងាយ ១០០០ម៉ែត្រ​ពី​យន្តហោះ​ដឹកអ្នកដំណើរ​អ៊ីរ៉ង់ ពោល​គឺ​ទៅតាម​បទដ្ឋាន​អន្តរជាតិ។ បន្ទាប់​ពី​កំណត់បាន​ថា យន្តហោះ​អ៊ីរ៉ង់​ជា​យន្តហោះដឹកអ្នកដំណើរ អ្នកបើកយន្តហោះ​ចម្បាំង​អាមេរិក បាន​ដកឃ្លាថយ ដោយ​មិន​បង្កគ្រោះថ្នាក់​អ្វីសោះ ដល់​យន្តហោះ​អ៊ីរ៉ង់​Mahan Air។

សម្រាប់​អនុរដ្ឋមន្រ្តី​យុត្តិធម៌​អ៊ីរ៉ង់ វត្តមាន​របស់​យន្តហោះចម្បាំង​អាមេរិក នៅក្នុង​គន្លង​ហោះហើរ​របស់​យន្តហោះ​ស៊ីវិល ស្តែង​យ៉ាងច្បាស់​ពីការរំលោភ​ដ៏គឃ្លើន​ទៅលើ​ច្បាប់​អន្តរជាតិ ពីសំណាក់​កងទ័ពអាមេរិក។ ការប្រមាថ​របស់​អាមេរិក គឺ​ជាគ្រោះថ្នាក់​គំរាមកំហែង ជីវិត​របស់​មនុស្ស​នៅលើ​យន្តហោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ