អានតួអត្ថបទ
ប្រេស៊ីល-ភ្លើង​ឆេះព្រៃ​អាម៉ាហ្សូន

ភ្លើង​ឆេះព្រៃ​អាម៉ាហ្សូន​នៅខែ​កក្កដា​កន្លង​ទៅ​កើនឡើង​ជិត​៣០%​បើ​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ

រូបភាព​ផ្កាយរណប​បាន​បង្ហាញ​កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ​នេះ​ថា​ ភ្លើងឆេះព្រៃ​អាម៉ាហ្សូន​នៅ​ប្រេស៊ីល​កាលពីខែ​កក្កដា​កន្លង​ទៅនេះ​កើនឡើង​ ២៨ %​ បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​ទៅមិញ​។ រូបភាព​ភ្លើង​ឆេះព្រៃ​បាន​បង្កឲ្យមាន​ការ​ភ័យខ្លាច​ជាខ្លាំង​ថា​ ព្រៃ​ដ៏ធំ​បំផុត​នៅលើ​ពិភពលោក​អាច​នឹង​ត្រូវ​បំផ្លាញ​ដោយ​ភ្លើងឆេះ​នៅឆ្នាំ​ ២០២០​នេះ​។

ភ្លើងផ្សែងហុយចេញពីអណ្តាតភ្លើងនៅក្នុងតំបន់មួយនៃព្រៃអាម៉ាហ្សូនក្បែរទីក្រុង Porto Velho រដ្ឋ Rondonia ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩។
ភ្លើងផ្សែងហុយចេញពីអណ្តាតភ្លើងនៅក្នុងតំបន់មួយនៃព្រៃអាម៉ាហ្សូនក្បែរទីក្រុង Porto Velho រដ្ឋ Rondonia ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩។ REUTERS - Bruno Kelly
ផ្សាយពាណិជ្ជកម្ម

ភ្លើងឆេះព្រៃ​មាន​ចំនួន​ ៦ ៨០៣ កន្លែង​នៅក្នុង​តំបន់​អាម៉ាហ្សូន​នៅខែ​កក្កដា​ឆ្នាំ​ ២០២០ នេះ​ កើនឡើងពី​ចំនួន​ ៥ ៣១៨​ កន្លែង​ក្នុង​ឆ្នាំ​ ២០១៩​។ នេះ​បើ​តាម​ទីភ្នាក់ងារ​អវកាសជាតិ​ប្រេស៊ីល​ (INPE)​។

តួលេខខាង​លើ​បង្ហាញថា​ បញ្ហា​ភ្លើងឆេះ​ព្រៃ​អាម៉ាហ្សូន​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ ​២០១៩​ ដែលគេ​គិតថា​ជាឆ្នាំ​មាន​គ្រោះភ្លើង​ឆេះព្រៃ​ដ៏ធ្ងន់ធ្ងរ​ខ្លាំងបំផុត​មួយ​ទៅទៀត​។ ការណ៍នេះ​ បាន​ធ្វើឲ្យ​មានការ​រំជួលចិត្ត​និង​ផ្ទុះកំហឹង​នៅ​ទូទាំង​ពិភពលោក​។

បញ្ហានេះ​ បាន​ដាក់​សម្ពាធ​លើ​ប្រទេសប្រេស៊ីល​ដែល​កាន់កាប់​តំបន់​ព្រៃអាម៉ាហ្សូន​ប្រមាណ ៦០% ឲ្យ​ចាត់វិធានការ​បន្ថែមទៀត​ដើម្បី​ការពារ​ព្រៃឈើ​ដែល​ជាសួត​ដកដង្ហើម​របស់​ផែនដី​ និង​ដែល​គេ​ចាត់ទុកថា​ជា​អាវុធ​ក្នុងការ​ទប់ទល់​នឹង​ផលប៉ះពាល់​បង្កឡើងដោយ​ការ​ប្រែប្រួល​អាកាសធាតុ​។

គួរជ្រាបថា​ ឆ្លើងឆេះព្រៃ​នៅ​តំបន់​អាម៉ាហ្សូន​ភាគច្រើន​ត្រូវបាន​គេ​រាយការណ៍​ថា​កើតចេញ​ពីការ​ ឈូសឆាយ​កាប់ឆ្ការ​ដុតបំផ្លាញ​ព្រៃ​ខុសច្បាប់​ដើម្បី​យកដី​ធ្វើ​កសិកម្ម​ ចិញ្ចឹមសត្វ​ និងដើម្បី​ជីកយក រ៉ែ​។

ក្រុមសកម្មជន​ការពារបរិស្ថាន​ បាន​ចោទប្រកាន់​ប្រធានាធិបតី​ប្រេស៊ីល​លោក ហ្សាអៀរ ​បុលសូណារ៉ូ​ ថាជា​ជនសង្ស័យ​ក្នុងការ​លើកទឹកចិត្ត​ដល់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ ពីព្រោះតែ​នៅគ្រាកន្លងមក​ លោក​ធ្លាប់​អំពាវនាវ​ឲ្យមានការ​បើកផ្លូវ​ចំពោះ​សកម្មភាពកាប់ឆ្ការព្រៃដើម្បី​ធ្វើកសិកម្ម​ និង​ឧស្សាហកម្ម​។

ក្រោយ​ទទួល​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ លោក​ បុលសូណារ៉ូ​ បាន​សម្រេច​បញ្ជូន​កងទ័ព ដើម្បីជួយ​ពន្លត់ភ្លើង​និង​បាន​ប្រកាសផ្អាក​សកម្មភាព​កាប់ឆ្ការព្រៃ។ តែទោះជា​បែបនេះក្តី​ សកម្មជន​បរិស្ថាន​បាន​លើកឡើងថា​ ចំណាត់ការ​នេះ​មិន​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​​ឬសគល់​នៃ​បញ្ហានោះទេ​។

ទាក់ទងរឿងនេះ ក្រុម​បរិស្ថាន​ Greenpeace​ បាន​គូសបញ្ជាក់ថា​ ភ្លើងឆេះព្រៃ​បានកើនឡើង​រហូតដល់​ ៧៧ % ទៅលើដី​ជនជាតិដើម​ភាគតិច​ និង​ ៥០ %​ លើ​តំបន់ដីព្រៃ​ការពារ​ចាប់ពី​ខែកក្កដា​ ឆ្នាំ ២០១៩​ មក​។ តួលេខនេះ​បង្ហាញយ៉ាងច្បាស់​ថា​សកម្មភាព​កាប់ព្រៃ​ទន្ទ្រាន​យកដី​ខុសច្បាប់​កំពុងកាន់តែខ្លាំង​ឡើង​នៅក្នុង​តំបន់ទាំងនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ