អានតួអត្ថបទ
អាមេរិក-បោះឆ្នោត

លោក​ចូ​ បៃដិន​ ជ្រើស​រើស​ស្ត្រី​អាមេរិក​ស្បែក​ខ្មៅ​ជា​បេក្ខ​នារី​អនុ​ប្រធានាធិបតី

បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​ លោក​ចូ បៃដិន​ បាន​សម្រេច​តែងតាំង​សមាជិក​ព្រឹទ្ធសភា​អ្នកស្រី​ ខាម៉ាឡា ហារីស (Kamala Harris) ជា​បេក្ខនារី​អនុ​ប្រធានាធិបតី​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ការ​សម្រេច​នេះ​ បាន​ដៅ​កណត់​សម្គាល់​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​បង្អស់មួយ​ សម្រាប់​ស្ត្រី​ស្បែកខ្មៅ​ និង​ស្ត្រី​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ នៅក្នុង​សហរដ្ឋអាមេរិក​។ តើ​អ្នកស្រី​ខាម៉ាឡា​ ហារីស​ ជា​អ្នកណា​?

អ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) បេក្ខនារីអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យអាមេរិក។
អ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris) បេក្ខនារីអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យអាមេរិក។ AP - Paul Sancya
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​របស់​លោកចូ បៃដិន ខាងលើ ​ធ្វើឡើង​ក្រោយការ​ស្វែង​រក​បេក្ខជន​អនុ​ប្រធានាធិបតី​យ៉ាង​ស្វិតស្វាញ​​រយៈពេល​ជាច្រើន​ខែ​ ដើម្បី​អាច​ជ្រើសរើស​បាន​ដៃគូ​ដ៏ល្អស័ក្តិសម​ និង​ដើម្បី​អាច​ប្រកួតប្រជែង​យកឈ្នះ​លោក​ដូណាល់ ត្រាំ​ ក្នុងការ​បោះឆ្នោត​នាខែ​វិច្ឆិកា​ខាងមុខ​។

សេចក្តី​សម្រេចនេះ​ មិន​ត្រឹមតែ​មាន​ឥទ្ធិពលខ្លាំង​ក្នុងការ​ធ្វើយុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​នា​ពេលខាងមុខ​ឆាប់ៗ​នេះប៉ុណ្ណោះទេ​ តែ​វា​ក៏​មានសារៈសំខាន់​ខ្លាំង​ណាស់​ផងដែរ​សម្រាប់​អនាគត​គណបក្ស​ប្រជាធិបតេយ្យ​។

អ្នកស្រី​ខាម៉ាឡា ហារីស​ ដែល​អាចនឹង​ក្លាយជា​អនុប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​អាមេរិក​ ប្រសិន​បើ​ជាប់ឆ្នោត​ គឺជា​មនុស្ស​ស្រីម្នាក់​ដែល​ក្លាហាន​ មិនខ្លាច​នឹង​ប្រកួត​ប្រជែងតតាំង​ជាមួយ​ដៃគូ​ជាបុរស​ និងជា​មន្ត្រី​បម្រើ​ប្រជាជន​ដ៏​ឆ្នើម​ម្នាក់​របស់​ប្រទេស​។ នេះ​ គឺជា​ប្រសាសន៍​របស់​លោកចូ បៃដិន​។ ​ទន្ទឹមគ្នានេះ​ លោក​បៃដិន​ ថា​លោក​ពិតជា​មាន​មោទនភាព​ដែល​ទទួលបាន​អ្នកស្រី​ហារីស​ ជាដៃគូ​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​។

មានវ័យ​ ៥៥ ឆ្នាំ​ អ្នកស្រី​ហារីស​ ដែល​ធ្លាប់បាន​ឈរឈ្មោះ​ប្រកួតប្រជែង​យក​តំណែង​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​នៅឆ្នាំ ២០២០​ តទល់នឹង​លោក​បៃដិន​ បាន​និយាយ​ថា​ អ្នកស្រី​ពិតជា​មាន​កិត្តិយស​ណាស់​ ដែល​ត្រូវបានជ្រើសរើស​ឲ្យក្លាយជា​បេក្ខនារី​អនុប្រធានាធិបតី​។ បន្ថែមលើនេះ​ អ្នកស្រី​ថា​នឹង​ខិតខំ​ធ្វើអ្វីៗ​គ្រប់យ៉ាង​ទាំងអស់​ឲ្យតែ​អាច​ជួយ​លោកចូ បៃដិន ​ឲ្យ​ឈ្នះការបោះឆ្នោត​ប្រធានាធិបតីអាមេរិកបាន​។

គួរ​គូសបញ្ជាក់​ជូនថា​ អ្នកស្រីខាម៉ាឡា ហារីស ដែល​ជាអតីតមេធាវី​រដ្ឋកាលីហ្វ័រញ៉ា​ គឺជា​ស្ត្រី​ស្បែកខ្មៅ​ និង​ស្ត្រី​អាមេរិកាំង​មាន​ជាប់ឈាមជ័រ​ឥណ្ឌា​ដំបូង​គេ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខនារី​អនុប្រធានាធិបតី​របស់​អាមេរិក​។

រហូតមកដល់ពេលនេះដែរ​ អ្នកស្រី​ គឺជា​បេក្ខនារី​អនុប្រធានាធិបតីស្ត្រី​អាមេរិកទី​បី​ហើយ​បន្ទាប់ពី​ឥស្សរជន​នយោបាយ​ស្ត្រី​កំពូលៗ​អាមេរិក​ពីរ​រូប​គឺ​អ្នកស្រី​ហ្សឺរ៉លឌីន ហ្វ្រឺរ៉ារ៉ូ Geraldine Ferraro ដែល​បានជាប់ឈ្មោះជា​បេក្ខនារីអនុ​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​នៅឆ្នាំ​ ១៩៨៤ និង​អ្នកស្រី​ សារ៉ា​ ផាលីន (Sarah Palin) បេក្ខនារី អនុ​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ក្នុងឆ្នាំ​ ២០០៨​។ ដោយឡែក​ អ្នកស្រី​ហ៊ីលឡារី គ្លីនតុន​​ គឺជា​បេក្ខនារី​ប្រធានាធិបតី​ស្ត្រី​អាមេរិក​ដំបូងគេ​ និង​ដែល​បានចាញ់ការ​បោះឆ្នោត​នៅក្រោមដៃ​លោកដូណាល់ ត្រាំ​ កាលពីឆ្នាំ ២០១៦​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ