អានតួអត្ថបទ
ដូណាល់ ត្រាំ-ស៊ីរី

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖ លោកដូណាល់ ត្រាំ សរសេរ​សំបុត្រ​ផ្ទាល់ខ្លួន ទៅប្រធានាធិបតី​ស៊ីរី

លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន​សរសេរ​សំបុត្រ ផ្ទាល់ខ្លួន មួយច្បាប់ ផ្ញើ​ទៅ​ប្រធានាធិបតី​ស៊ីរី ដើម្បី​និយាយ​ពីករណី​អ្នកកាសែត​ជនជាតិ អាមេរិកាំង Austin Tice ដែល​បាន​បាត់ខ្លួន ក្នុង​ទឹកដី​ស៊ីរី កាលពី​ឆ្នាំ ២០១២។ ដំណឹងនេះ ត្រូវ​បាន​ប្រមុខការបរទេស​អាមេរិក លោក​Mike Pompeo ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្នុង​ឱកាស​ខួប ៨ឆ្នាំ​នៃ​ការបាត់ខ្លួន របស់​អ្នកកាសែត​Austin Tice។

ប្រធានាធិបតី​ស៊ីរី លោក​បាស្ហា អាល់អាសាដ ដែល​នៅតស៊ូ ដឹកនាំ​ប្រទេសស៊ីរី ដែលកំពុង​ញាំញី​ដោយ​សង្រ្គាម​ស៊ីវិល និង​សង្រ្គាម​លូកដៃ​ពីបរទេស​
ប្រធានាធិបតី​ស៊ីរី លោក​បាស្ហា អាល់អាសាដ ដែល​នៅតស៊ូ ដឹកនាំ​ប្រទេសស៊ីរី ដែលកំពុង​ញាំញី​ដោយ​សង្រ្គាម​ស៊ីវិល និង​សង្រ្គាម​លូកដៃ​ពីបរទេស​ REUTERS - Sana Sana
ផ្សាយពាណិជ្ជកម្ម

តាមរដ្ឋមន្រ្តីការបរទេស​អាមេរិក លោកដូណាល់ ត្រាំ បាន​សរសេរ​ផ្ញើ​សំបុត្រ​មួយច្បាប់ ទៅ​ប្រធានាធិបតី ស៊ីរី លោក​បាស្ហា អាល់អាសាដ កាលពី​ខែ​មីនា ដើម្បី​ស្នើ​ឲ្យ​មាន​ការពិភាក្សា​ ផ្ទាល់​ជាមួយ មេដឹកនាំ​ស៊ីរី ពីរឿង​អ្នកកាសែត Austin Tice ដែល​បាន​បាត់ខ្លួន ​នៅ​ទឹកដី​ស៊ីរី កាលពី ៨ឆ្នាំ មុន។

មាន​អាយុ ៣១​ឆ្នាំ នៅក្នុង​ពេល​បាត់ខ្លួន Austin Tice ធ្លាប់​ធ្វើការ​ជា​អ្នកកាសែត ថតរូប ឲ្យ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP កាសែត The Washington Post និង​អង្គការ​ព័ត៌មានអន្តរជាតិ​ផ្សេងទៀត នៅមុន​ពេល​បាត់ខ្លួន នៅ​ច្រកត្រួតពិនិត្យ ក្បែរ​ទីក្រុង​ដាម៉ាស នៅ​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ ២០១២។ មួយខែ​ក្រោយ មាន​រូបភាព​វីដេអូ ដែល​បង្ហាញ​Austin Tice ចាប់ ចងបិទបិទមុខ​ដោយ​ក្រុម​ប្រដាប់អាវុធ មិន​ស្គាល់​មុខ។ ចាប់តាំង​ពីពេលនោះ មក គេ​មិនដឹងថា តើ​អ្នកកាសែត អាមេរិកាំង Austin Tice ស្លាប់ ឬ​ក៏រស់នោះទេ។

នៅខែ​មីនា លោកដូណាល់ ត្រាំ បាន​និយាយ​ថា អាមេរិក បាន​ផ្ញើសំបុត្រ ទៅ​អាជ្ញាធរ​ស៊ីរី ដើម្បី​និយាយ​ពី​ការបាត់ខ្លួន​របស់​អ្នកកាសែត Austin Tice ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ទេ គឺ​លោកផ្ទាល់ ដែល​សរសេរ​នោះ ទៅកាន់​ប្រមុខ​ដឹកនាំ​ស៊ីរី លោក​បាសា្ហ អាល់អាសាធ ដែល​អាមេរិក​បានទាមទារ ចង់​ឲ្យ​ចុះចេញពីតំណែង។ នៅពេលនោះដែរ លោកដូណាល់ ត្រាំ បាននិយាយ​ថា លោក​មិន​បានដឹងទេ​ថា តើ​អ្នកកាសែត Tice នៅមានជីវិត​ដែរឬទេ។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​សុក្រ ទាក់ទង​នឹង​ករណី​បាត់ខ្លួន​របស់​Justin Tice ​ រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​និយាយ​ថា គេមិនត្រូវ​សង្ស័យ​ពី​ការប្តេជ្ញាចិត្ត​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំនោះទេ។ លោកដូណាល់ ត្រាំ ដែលចង់​ឲ្យ​រាល់​ជនជាតិ​អាមេរិកាំង ដែលត្រូវ​គេ​ចាប់ជំរិត ដោយ​ខុសច្បាប់​នៅបរទេស ជាពិសេស អ្នកJustin Tice អាច​ត្រលប់​ចូល​ប្រទេស​វិញ។ សម្រាប់​ប្រមុខការបរទេស​អាមេរិក រដ្ឋបាល​របស់​លោកដូណាល់ ត្រាំ នឹង​ព្យាយាម ជំរុញ ឲ្យ​មានការដោះលែង និងនាំយក​អ្នកកាសែត Tice ត្រលប់មក​អាមេរិកវិញ។

នៅ​ឆ្នាំ​មុន រដ្ឋាភិបាល​អាមេរិក​ជឿថា Austin Tice នៅ​មាន​ជីវិតនៅឡើយ។ នៅ​ឆ្នាំ ២០១៨ អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ផ្តល់​រង្វាន់ ១លាន​ដុល្លារ សម្រាប់​អ្នកដែល​ជួយ​ឲ្យគេ​អាច​ទៅរកឃើញ អ្នកកាសែត​អាមេរិកាំង។ ម្តាយ​របស់​Justin Tice វិញ​ធ្លាប់​អះអាង​កាលពីខែ​មករា កន្លងទៅថា គាត់​បាន​ទទួល​ព័ត៌មាន​គួរ​ឲ្យជឿជាក់ថា កូនប្រុស​របស់​គាត់ កំពុង​នៅរស់ មានជីវិត​នៅឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ