អានតួអត្ថបទ
ធនាគារពិភពលោក-Covid-១៩

ធនាគារពិភពលោក៖កូវីដ-១៩ អាចបង្កឲ្យមានអ្នកក្រីក្រខ្លាំងបន្ថែមចំនួន ១០០លាននាក់

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ សីហា ធនាគារពិភពលោក​បាន​ព្រមាន​ពី​ការ​អាច​មាន​អ្នកក្រីក្រ​ខ្លាំង​ចំនួន ១០០លាននាក់​បន្ថែម​ទៀត​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ-១៩។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​ធនាគារពិភពលោក លោក​ដេវីដ ម៉ាល់ផាស់​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ AFP។ តាម​លោក​ម៉ាល់ផាស់ តួលេខ ១០០លាននាក់​នេះ​អាច​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ប្រសិន​បើ​វិបត្តិ​កូវីដ-១៩ កាន់​តែ​ធ្ងន់ធ្ងរ ឬ​អូសបន្លាយ​ពេល​យូរ។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ព្យាករ​លើក​មុន ធនាគារពិភពលោក​បាន​តួលេខ​ត្រឹម​តែ ៦០លាននាក់​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​ព្រមាន​ពី​កំណើន​អ្នកក្រីក្រ​ខ្លាំង ធនាគារពិភពលោក​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​ម្ចាស់បំណុល​កាត់​បន្ថយ​ប្រាក់បំណុល​ពី​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាជាង​ពន្យារ​ពេល​សងប្រាក់បំណុល។

ប្រធានធនាគារពិភពលោក លោក David Malpass
ប្រធានធនាគារពិភពលោក លោក David Malpass AFP/Archivos
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ធនាគារពិភពលោក​ចង់​ឃើញ និង​ចង់​បាន គឺ​ការ​កាត់​បន្ថយ​ប្រាក់បំណុល​ជាជាង​លើក​ពេល​សងប្រាក់បំណុល ព្រោះ​ភាព​ងាយ​រងគ្រោះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រាក់បំណុល​មាន​កម្រិត​ខ្ពស់។ គួរ​រម្លឹក​ថា​ក្នុង​ខែ​មេសា​កន្លង​ទៅ ក្រុម​ប្រទេស G២០ បាន​សម្រេច​ព្យួរ​ការ​សងបំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រខ្លាំង​ចំនួន ៧៦ប្រទេស​រហូត​ដល់​ដំណាច់​ឆ្នាំ ២០២០។ តែ​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ក៏​ដូច​ជា​ធនាគារពិភលោក​បាន​អំពាវនាវ​ឲ្យ​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ ២០២១។ G២០ នឹង​ផ្តល់​ចម្លើយ​ពី​ពេល​នេះ​ទៅ​ខែ​តុលា​ខាង​មុខ​ដែល​ជា​ខែ​បើក​កិច្ចប្រជុំ​ថ្មី។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​ធនាគារពិភពលោក លោក​ដេវីដ ម៉ាល់ផាស់​បាន​យល់​ឃើញ​ថា វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។

មិន​ទាន់​គ្រប់គ្រាន់ ព្រោះ​ខណៈ​ដែល​សេដ្ឋកិច្ច​សកល​ធ្លាក់​ចុះ និង​ក្នុង​ពេល​ដែល​ក្រុម​ប្រទេស​ក្រីក្រខ្លាំង​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ជួយ​ពលរដ្ឋ​ខ្លួន​ឯង​ផង ក្រុម​ប្រទេស​ទាំង​នេះ​នឹង​រឹត​តែ​ពិបាក​រក​លុយ​ដើម្បី​សង​បំណុល​គេ។ ដូច្នេះ​សម្រាប់​លោក​ម៉ាល់ផាស់ ការ​កាត់​បន្ថយ​ប្រាក់បំណុល​ពី​ប្រទេស​ក្រីក្រ​ខ្លាំង​ជា​រឿង​ចាំ​បាច់​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន តែ​ចំនួន​ទឹកប្រាក់​នៃ​ការ​កាត់បន្ថយ​បំណុល​នេះ​នឹង​ត្រូវ​ពិនិត្យមើល​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​នីមួយៗ។ គួរ​បញ្ជាក់​ថា​កន្លង​មក ធនាគារពិភពលោក​ធ្លាប់​បាន​ទម្លាក់​លុយ​ចំនួន ១៦០ ០០០លានដុល្លារ​ដើម្បី​ជួយ​បន្ទាន់​ប្រមាណ​ជា ១០០ប្រទេស ក្នុង​នោះ​មាន ២១ ០០០លានដុល្លារ​នៅ​ដំណាច់​ខែ​មិថុនា​កន្លង​ទៅ។

ក្រៅ​ពី​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​ម្ចាស់បំណុល​ពន្យារ​ពេល​សង​បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង លោក​ម៉ាល់ផាស់​ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ដូច​គ្នា​នេះ​ចំពោះ​ម្ចាស់បំណុល​ដែល​ជា​ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន។ ធនាគារពិភពលោក​យល់​ឃើញ​ថា មាន​តែ​ការ​កាត់បន្ថយ និង​ការ​ពន្យារ​ពេល​សង​បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ទេ​ទើប​គេ​អាច​ជួយ​ប្រទេស​ទាំង​នេះ​ឲ្យ​ងើប​ឡើង​នៅ​ក្នុង​សម័យ​កូវីដ-១៩។ កូវីដ-១៩ ដែល​បាន និង​កំពុង​បង្ក​ឲ្យ​មាន​អ្នក​ក្រក្រី​ខ្លាំង​រស់​ជាមួយ​នឹង​ចំណូល​តិច​ជាង ១,៩ដុល្លារ​ក្នុង​មួយ​ថ្ងៃ​កើន​ឡើង​ជា​លំដាប់។ ធនាគារពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា​ក្នុង​ឆ្នាំ ២០១៥ មាន​មនុស្ស​ប្រមាណ ៧៣៤លាននាក់ ឬ​ស្មើ​នឹង ១០% នៃ​ពលរដ្ឋ​សរុប​ក្នុង​លោក​មាន​ស្ថានភាព​ក្រីក្រី​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ