អានតួអត្ថបទ

លោកដូណាល់ត្រាំ នៅតែ​ថា ភ្លើងឆេះព្រៃ គ្មានជាប់ទាក់ទង​នឹង​ការប្រែប្រួលអាកាសធាតុ

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ច្រានចោល​ការបារម្ភ​ដែលថា ភ្លើងឆេះព្រៃ នៅ​រដ្ឋ​ភាគខាងលិច​អាមេរិក​ជា​កើតឡើង ដោយសារ​ការប្រែប្រួល​អាកាសធាតុ។ កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​ដំណើរទស្សនកិច្ច​ប៉ុន្មានម៉ោង នៅទីក្រុង​Sacramento ក្នុង​រដ្ឋ​កាលីហ្វ័ញ៉ា ដែល​រង​ឆេះបំផ្លាញ​ខូចខាត ដោយសារ​ភ្លើងឆេះព្រៃ លោកដូណាល់ ត្រាំ បានអះអាង សាជាថ្មី​ថា ការគ្រប់គ្រងព្រៃឈើ មិនល្អ ជា​ដើមហេតុ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះព្រៃ នៅ​ភាគ​ខាងលិច​អាមេរិក។

នៅថ្ងៃទី ១៤​កញ្ញា លោកដូណាល់​ត្រាំ ស្តាប់​អភិបាលរដ្ឋ​កាលីហ្វ័រញ៉ា លោក Gavin Newsomនៅពេល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​Sacramento ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​កំពុងរងបំផ្លាញ​ដោយសារ​ភ្លើងឆេះព្រៃ តាំង​ពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ ២០២០
នៅថ្ងៃទី ១៤​កញ្ញា លោកដូណាល់​ត្រាំ ស្តាប់​អភិបាលរដ្ឋ​កាលីហ្វ័រញ៉ា លោក Gavin Newsomនៅពេល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​Sacramento ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​កំពុងរងបំផ្លាញ​ដោយសារ​ភ្លើងឆេះព្រៃ តាំង​ពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ ២០២០ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

រង​ការរិះគន់​ដែលថា លោកនៅស្ងៀម នៅក្នុង​ពេល​រដ្ឋ​ភាគខាងលិច​ចំនួន ៣​កំពុង​រង​ឆេះបំផ្លាញ ដោយសារ​ភ្លើងឆេះព្រៃ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឆ្លៀត​ពេល​ប៉ុន្មានម៉ោង នៃ​ពេលវេលា​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​រងគ្រោះ​ខ្លាំង​ជាងគេ ទាំង​ខាងបាត់បង់​ជីវិតមនុស្ស ព្រៃឈើ និង​សំណង់ អគារ។

ភ្លើងឆេះព្រៃ ដែល​នៅតែ​សកម្ម​ខ្លាំង នៅតាមបណ្តា​រដ្ឋ​ឆ្នេរអាមេរិក បាន​បំផ្លាញ​ដីព្រៃ​សរុប ប្រមាណ​២លាន​ហិចតា ក្នុង​រដ្ឋកាលីហ្វ័ញ៉ា អូរីហ្កិន និង​វ៉ាស៊ីនតោន និង​បាន​សម្លាប់មនុស្ស​យ៉ាងតិច ៣៥នាក់។ ប្រជាជន​អាមេរិកាំង រាប់​សែននាក់ ត្រូវ​ជម្លៀស​ចេញជា​បន្ទាន់​ពីផ្ទះសម្បែង។ នៅរដ្ឋ​កាលីហ្វ័រញ៉ា អគ្គិភ័យ​លេបត្របាក់​បំផ្លាញ ដីព្រៃឈើ ជាង ៣លាន​អារ ដែល​ជា​ចំនួន​ដ៏ច្រើន​មិនធ្លាប់មានពីមុនមក ចំណែក សំណង់អគារ​ជាង ៤ម៉ឺន​ត្រូវ​ឆេះ​បំផ្លាញ​ក្លាយជាផេះ។

នៅថ្ងៃ​ចន្ទ លោកដូណាល់ ត្រាំ មិនបាន​ធ្វើដំណើរ​ផ្ទាល់ ទៅដល់​កន្លែងត្រូវ​ភ្លើងឆេះ ដូច​កាលឆ្នាំ​មុននោះទេ។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ស្តីពី​តួនាទី​របស់​ការប្រែប្រួល​អាកាសធាតុ ក្នុង​រឿង​ភ្លើងឆេះព្រៃ​លើកនេះ លោកដូណាល់ ត្រាំ បាន​បញ្ជាក់​ការអះអាង​របស់​លោក​សាជាថ្មីថា គឺ​ការគ្រប់គ្រង​ព្រៃឈើ​មិនល្អ ដែល​ធ្វើ​ឲ្យ​មានភ្លើងឆេះព្រៃ។

“នៅពេល​ដើមឈើ​ដួលរលំ លើ​ដី ប្រហែល ១៨ខែ ដើមឈើ​នឹងស្ងួត ដូចជា​ឈើគូស​អីចឹង។ វាអាច​ផ្ទុះឆេះឡើង” នេះជា​ប្រសាសន៍​របស់​លោកដូណាល់ ត្រាំ។

នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក អភិបាលរដ្ឋ​កាលីហ្វ័រញ៉ា មកពី​គណបក្ស​ប្រឆាំង បាន​ទទួល​ស្គាល់​ថា លោក​ពិតជា​បាន​ធ្វើ​ការងារ​តិចតួច នៅក្នុង​រឿងគ្រប់គ្រង​ព្រៃឈើ ប៉ុន្តែ លោកបាន​រំលឹកថា ៥៧%​នៃ​​ព្រៃឈើ​ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋសហព័ន្ធ ពោល​គឺ​រដ្ឋបាល​លោកដូណាល់ ត្រាំតែម្តង។

យ៉ាងណាក៏ដោយ អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា លោក Gavin Newsom នៅតែ​បញ្ជាក់​ថា គេ​មាន​ភស្តុតាង​ដែល​ថា ភ្លើងឆេះព្រៃ​កើតឡើង ដោយសារ ការប្រែប្រួល​អាកាសធាតុ។ “អាកាសធាតុ​កាន់តែ​ក្តៅខ្លាំង ចំណែក​ស្ងួត គឺ​កាន់តែ​ស្ងួតខ្លាំង។ លោកដូណាល់ ត្រាំ ដែល​មិនសូវ​ជឿ​លើ​ការអះអាង​របស់​អ្នកវិទ្យាសាស្រ្ត ទាក់ទង​នឹងផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ បាន​និយាយ​ប្រាប់​អ្នកកាសែត ឲ្យរង់ចាំ​មើលថា “អាកាសធាតុ​នឹង​ចុះត្រជាក់ជាងមុន”។

នៅក្នុង​កាលៈទេសៈ​ដែល​ភ្លើងឆេះព្រៃ ដែល​ខ្លាំងក្លា​ដូចជា​ភ្លើងឆេះ​កាល ការប្រែប្រួល​អាកាសធាតុ​បានក្លាយ​ជា​ប្រធានបទ​សំខាន់​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតីអាមេរិក។ នៅថ្ងៃ​ចន្ទ លោកចូ បៃដិន បេក្ខជន​ប្រធានាធិបតី​ដែល​ជា​គូប្រជែង​របស់​លោកដូណាល់ ត្រាំ បាន​អំពាវនាវ​ប្រជាជន​ឲ្យបោះឆ្នោត​ឲ្យ​ប្រធានាធិបតី​ដែល​គិតគូរ ខ្វល់​ពីបញ្ហា​ប្រែប្រួលអាកាសធាតុ។ លោកបាន​ព្រមានថា បើសិន​អាមេរិក​មាន​ប្រធានាធិបតី​ដែល​បដិសេធ​មិនទទួលស្គាល់ ផលវិបាក​នៃ​ការប្រែប្រួលអាកាសធាតុ ក្នុង​រយៈពេល ៤ឆ្នាំ​ទៅមុខ​ទៀត នោះ ថា “តើ​ផ្ទះសម្បែង​ប៉ុន្មាន​ខ្នងទៀត ដែល​ត្រូវ​ដុតបំផ្លាញ ដោយសារ​ភ្លើងឆេះព្រៃនោះ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ