អានតួអត្ថបទ
អាមេរិក-បោះឆ្នោត

លោកដូណាល់ ត្រាំ និង​លោកចូ បៃដិន តឹង​សរសៃ​ក​ដាក់​គ្នា​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​លើក​ទី​១

ការ​ជជែក​ដេញ​ដោល​លើក​ទី​១ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក បាន​ចាប់​ផ្ដើម​ហើយ​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៩​កញ្ញា​​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​នឹង​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣០​កញ្ញាម៉ោង​នៅ​កម្ពុជា។ នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​នេះ វាគ្មិន​ទាំង​ពី​ចាប់​ផ្ដើម​តឹង​សរសៃ​ក​ដាក់​គ្នា​តាំង​ពី​បើក​ក្បាល​ដំបូង ដែល​ជា​ហេតុ​ធ្វើ​​អ្នក​សម្រប​សម្រួល​ការ​ជជែក​ដេញ​ដោលត្រូវ​ប្រឹង​ប្រែង​ទប់​ភាគី​ទាំង​ពីរ​​កុំ​ឲ្យ​ដណ្ដើម​គ្នា​និយាយ និង​ត្រូវ​ស្ដាប់​អ្នក​សម្រប​សម្រួល​។

លោក ចូ បៃដិន បេក្ខជន​ប្រធានាធិបតី​នៃ​​គណបក្ស​ប្រជាធិបតេយ្យ និង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​។
លោក ចូ បៃដិន បេក្ខជន​ប្រធានាធិបតី​នៃ​​គណបក្ស​ប្រជាធិបតេយ្យ និង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​។ Studio Graphique FMM
ផ្សាយពាណិជ្ជកម្ម

រៀបចំ​ឡើង​នៅ​ក្នុង​សាល​ដ៏​ធំ​មួយ​ក្នុង​រដ្ឋ​អូហៃយ៉ូ ការ​ជជែក​ដេញ​ដោល​លើក​ទី​១​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក ចាប់​ផ្ដើម​ដោយ​ប្រធាន​រឿង​ថ្មី​បំផុត​ នោះ​គឺ​ការ​តែងតាំង​លោក​ស្រី អេមី ខូនី បារ៉េត ឲ្យ​ធ្វើ​ជា​ចៅក្រម​តុលាការ​កំពូល​ដោយ​រដ្ឋបាល​លោក​ត្រាំ តាម​ពី​ក្រោយ​ដោយ​ការ​គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​កូវីដ​១៩ បញ្ហា​សេដ្ឋកិច្ច​និង​ការ​បង្កើត​ការងារ បញ្ហា​​រើស​អើង​ពូជ​សាសន៍​នៅ​សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​​ជា​ដើម​។

ចាប់​តាំង​ពី​ក្បាល​ដំបូង​នៃ​ការ​ជជែក​ដេញ​ដោល វាគ្មិន​ទាំង​ពីរ​រូប គឺ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បេក្ខភាព​នៃ​​គណបក្ស​សាធារណរដ្ឋ និង​លោក ចូ បៃដិន បេក្ខភាពនៃ​​គណបក្សប្រជាធិបតេយ្យ បាន​តម្លើង​សរសៃ​ក​ដាក់​គ្នា​ជា​រយៈ​ៗ។ ​

ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា លោក​ត្រាំ​​រមែង​និយាយ​កាត់​សម្ដី​លោកបៃដិន ដោយ​មិន​ផ្ដល់​ឱកាស​ឲ្យ​គូ​បដិបក្ខ​របស់​ខ្លួន​និយាយ​ឲ្យ​ចប់​សេចក្ដី​នោះ​ឡើយ​។ លោក​ត្រាំ បាន​ហៅ​លោក​បៃដិន ថា​ជា​មនុស្ស​មិន​សូវ​ឆ្លាត និង​មិន​បាន​ធ្វើ​អ្វី​សោះ​ក្នុង​រយៈពេល​៤៧​ឆ្នាំ ពោល​គឺ​ចាប់​តាំង​ពី​ពេល​ដែល​លោក​បៃដិន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​នៅ​ឆ្នាំ១៩៧៣។ រី​ឯ លោក បៃដិន ដែល​ត្រូវ​បាន​លោកត្រាំនិយាយ​កាត់​សម្ដី​ជា​ញឹកញាប់​នោះ បាន​ហៅ​លោក​ត្រាំ ថា​ជា​ត្លុក​កំប្លែង និយាយ​កុហក និង​ថែម​ទាំង​ប្រាប់​ឲ្យ​លោក​ត្រាំ​បិទ​មាត់​ឈប់​និយាយ​ថែម​ទៀត​។

សម្រាប់​ការ​ជជែក​ដេញ​ដោល​លើក​ទី១​នេះ លោក គ្រីស វ៉ាឡេស ជា​អ្នក​សម្រប​សម្រួល​និង​ជា​អ្នក​កាសែត​ដ៏​ល្បី​ផង​នោះ ត្រូវ​ជួប​ប្រទះ​ការ​ប្រឈម​ខ្លាំង​ក្នុង​ការ​ទប់​ភាគី​ទាំង​ពីរ ជា​ពិសេស​គឺ​លោក​ត្រាំ​តែ​ម្ដង កុំ​ឲ្យ​ចេះ​តែ​ដណ្ដើម​លោក​បៃដិន​និយាយ ហើយ​ត្រូវ​ស្ដាប់​អ្នក​សម្រប​សម្រួល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ