អានតួអត្ថបទ
កាណាដា

ស្លាប់២នាក់របួស៥នាក់ ដោយឃាតករប្រើដាវ​ នៅក្រុងកេបិក​ប្រទេស​កាណាដា យប់ថ្ងៃ​បុណ្យ​​ហាឡូវីន

នៅ​ទីក្រុង​កេបិក ប្រទេសកាណាដា មានហេតុការណ៍សម្លាប់មនុស្ស​ដោយ​ប្រើដាវ នៅយប់​ថ្ងៃសៅរ៍​ ឈានចូលថ្ងៃអាទិត្យទី​១វិច្ឆិកា ដែលជាថ្ងៃបុណ្យ​ហាឡូវីន។ យ៉ាងហោចណាស់ មនុស្ស​២នាក់ បានសម្លាប់ និង​៥នាក់ទៀតរបួសធ្ងន់​។ ជនដៃដល់ ភេទប្រុសអាយុជាង​២០ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​កាណាដា ចាប់ឃាត់ខ្លួន ប៉ុន្មានម៉ោង ក្រោយ​អំពើ​​ព្រៃផ្សៃនេះ។ រហូតមកទល់ពេលនេះ សមត្ថកិច្ចកាណាដា មិនបានបញ្ជាក់ទេ ថាឃាតករធ្វើអំពើនេះ ក្រោមហេតុផលអ្វី ហើយ​ថាតើវាមានសណ្ឋានជាអំពើភេរវកម្ម​ដែរឬទេ។

រថយន្តសង្រ្គោះ​ នៅខាងមុខវិមាន​រដ្ឋសភាខេត្ត​កេបិក ក្រោយពីមានហេតុការណ៍​ ជនអនាមិក ប្រើដាវសម្លាប់មនុស្ស នៅយប់ថ្ងៃបុណ្យ​ហាឡូវីន ទី​៣១ តុលា ២០២០។
រថយន្តសង្រ្គោះ​ នៅខាងមុខវិមាន​រដ្ឋសភាខេត្ត​កេបិក ក្រោយពីមានហេតុការណ៍​ ជនអនាមិក ប្រើដាវសម្លាប់មនុស្ស នៅយប់ថ្ងៃបុណ្យ​ហាឡូវីន ទី​៣១ តុលា ២០២០។ AFP - JORDAN PROUST
ផ្សាយពាណិជ្ជកម្ម

នៅវេលាម៉ោង​ប្រមាណ ១០​និង​២៨នាទី យប់ថ្ងៃសៅរ៍ទី​៣១តុលា សមត្ថកិច្ច​នគរបាល​ក្រុង​កេបិក បានទទួលដំណឹង​អាសន្នមួយ​ ថាមានមនុស្សច្រើននាក់ បានរងរបួសដោយ​អាវុធមុខស្រួច បង្កឡើងដោយជនម្នាក់ ​នៅក្នុងសង្កាត់បុរាណ​ ក្បែរ​ប្រាសាទFrontenac និងមិនឆ្ងាយ​ប៉ុន្មាន​ពីកំពង់ផែ​ចាស់។ យោងតាមសមត្ថកិច្ចនគរបាល​ក្រុងកេបិក មានមនុស្ស​២នាក់បានស្លាប់ និង​៥នាក់​រងរបួស។ ឃាតករ គឺ​ជា​មនុស្ស​ប្រុស អាយុ​ជាង​២០ ស្លៀកពាក់ឈុតបុរាណ « ​យុគកណ្តាល » និងបាន​ប្រើដាវ​ជា​​អាវុធ។

លោកEtienne Doyon នាយនគរបាល​ក្រុង​កេបិក បានធ្វើសន្និសីទកាសែត ដោយ​បានបញ្ជាក់ថា ឃាតករ ត្រូវបានឃាត់ខ្លួន​ នៅក្បែរកំពង់ផែចាស់​​ នៅវេលាម៉ោង​១រំលងអាធ្រាត្រ ដោយ​ជននេះ បានប្រគល់ខ្លួនតាម​សម្រួល។ បច្ចុប្បន្ន ឃាតករកំពុងស្ថិតនៅមន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យ​សុខភាព។ នគរបាល​កេបិកអះអាងថា អត្តសញ្ញាណរបស់ឃាតករ ត្រូវបាន​គេដឹងច្បាស់ហើយ តែ​សមត្ថកិច្ច សុំមិន​បញ្ចេញ​​ជា​សាធារណៈ​ទេ។

ដោយឡែក កាសែត​កេបិក Le Soleil បានចុះផ្សាយ​ថា ផ្អែកតាមសាក្សី៣នាក់ គឺឃាតករ បានសម្លាប់​ជនរងគ្រោះទីមួយ​ដោយ​អារក នៅក្បែរ​ប្រាសាទFrontenac មុននឹងបន្តដំណើរទៅ​សម្លាប់ជនរងគ្រោះទី​២ និងធ្វើឲ្យ​របួសមនុស្សផ្សេងទៀត នៅក្បែរកំពង់ផែ។ កាសែតដដែលនេះ ចុះ​ផ្សាយ​​ថា ឃាតករកើតនៅឆ្នាំ១៩៩៦ ហើយទំនងជាបាន គ្រោងរៀបចំអំពើនេះ ប្រមាណជាង១ឆ្នាំមក​​ហើយ។

នគរបាលក្រុង​កេបិក បានអំពាវនាវ ឲ្យ​ប្រជាជនសំងំនៅក្នុងផ្ទះ។ ជាសំណាងល្អ នៅយប់​កើតហេតុ សង្កាត់ក្បែរប្រាសាទ Frontenac និងក្បែរកំពង់ផែ ពុំសូវមាន​​មនុស្ស​អ៊ូរអច្រើន ដូចសព្វមួយដងទេ ដោយសារ តែ​មាន​វិធានការ​ ទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ