អានតួអត្ថបទ
អាហ្សង់ទីន-បាល់ទាត់

អាហ្សង់ទីន​ កាន់ទុក្ខ​ជាតិ ចំពោះ​មរណភាព​របស់ស្តេច​បាល់​ទាត់ ម៉ារ៉ាដូណា

កំពូលតារា​បាល់​ទាត់ ម៉ារ៉ាដូណា បាន​ចូលមរណភាព ដោយរោគ​គាំង​បេះដូង នៅ​ថ្ងៃ​ទី ២៥​វិច្ឆិកា ២០២០ ក្នុង​វ័យ​៦០​ឆ្នាំ។ សាក​សព​របស់​លោក ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​នៅ​វិមានប្រធានាធិបតី នាក្រុង​​ Buenos Aires។ ពលរដ្ឋ​អាហ្សង់ទីន​ជា​ច្រើន​ម៉ឺន​នាក់​បាន​នាំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ​កំពូល​តារាបាល់​ទាត់ នៅ​តាម​ផ្លូវ ​ទីសាធារណៈ​ផ្សេង​នៃ​រដ្ឋធានី។ ពិភពលោក​ក៏បាន​ចូល​រួម​សោក​ស្តាយ​និង​កាន់ទុក្ខជាមួយ​អាហ្សង់ទីន​ដែរ ចំពោះ​ការ​បាត់​បង់រូប​​កីឡាករ​ដ៏​ប៉ិនប្រសព្វ​គ្មានពីរ​នេះ។

លោក Diego Maradona នៅ​ម៉ិចស៊ិក ថ្ងៃទី ២២ ឧសភា ១៩៨៦
លោក Diego Maradona នៅ​ម៉ិចស៊ិក ថ្ងៃទី ២២ ឧសភា ១៩៨៦ JORGE DURAN AFP/Archives
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាហ្សង់ទីន​បាន​ចេញ​ក្រិត្យ​កាន់​ទុក្ខ​ជាតិ​ រយៈ​ពេលបី​ថ្ងៃ និង​រៀប​ចំ​ពិធីគោរព​វិញ្ញាណក្ខន្ធជាតិ​សពលោក ​ ម៉ារ៉ាដូណា ​កំពូលតារាបាល់​ទាត់ ដែល​អាហ្សង់​ទីនខ្លះ​​ចាត់ទុក​ជា​ព្រះ​នោះ នៅ​វិមាន​ប្រធានាធិបតី​តែម្តង នា​ថ្ងៃព្រហស្បតិ៍​ទី ២៦ វិច្ឆិកា២០២០​នេះ។

 

គ្រាន់​តែ​បាន​ទទួល​ដំណឹង​មរណភាព​ភ្លាម អ្នក​សេ្នហា​បាល់​ទាត់​អាហ្សង់​ទីន ស្រី​​ប្រុស ក្មេង​ចាស់ ពាក់​អាវ​យឺត​លេខ​១០​របស់​ម៉ារ៉ាដូណា រាប់​ពាន់ ឬ​ដល់​ម៉ឺន​នាក់​ផង​បាន​នាំ​គ្នា​ទៅ​ជួប​ជុំ​នៅ​ស្តាត​ Bombonera ស្តាត​ដែល​ជាតំណាង​ព្រលឹង​បាល់​ទាត់​របស់​យុវជន​អាហ្សង់ទីន គាំទ្រ​ដោយ​ម៉ារ៉ាដូណា។ រថភ្លើង​ដែល​បើកកាត់​នោះ ក៏​សម្តែង​ការ​គោរព​វិញ្ញាណក្ខន្ធ​​តាម​របៀប​រទេះ​ភ្លើង​ដែរ។ សារ​រំលែក​ទុក្ខ​និងសោកស្តាយ​ បាន​ធ្លាក់​មក​ពី​គ្រប់​ទិសទី​ មិនមែន​តែ​ក្នុង​រង្វង់​ពិភព​អ្នក​កីឡាបាល់​ទាត់​ដូចគ្នាទេ និង​ត្រឹម​ប្រទេស​​អាហ្សង់ទីន​មួយ​ឡើយ។

 

នៅ​អឺរ៉ុប ជា​ពិសេស​នៅក្រុង Naples ប្រទេស​អ៊ីតាលី មានការរៀប​ចំប្រកួត Ligue Europa ​ ដើម្បី​ជា​កិច្ច​ឧទ្ធិសដល់វិញ្ញាណក្ខន្ធ​ ព្រោះ​គឺទីនេះ​ហើយ​ដែល​ម៉ារ៉ាដូណា ​បន្ទាប់​ពី​បានចេញ​ពី​ក្លឹប​បាសឺឡោន បាន​មក​ចូលលេង​នៅ​​ក្លឹប Naples និង​ដែលនាំក្លឹបអ៊ីតាលី​ឱ្យ​ឡើង​ល្បី ព្រមទាំង​​នាំ​រូប​​ម៉ារ៉ាដូណា​​​ខ្លួនឯង​ឱ្យ​ឡើង​ល្បី​ល្បាញ​ដល់​កំពូល​​នៅ​រវាង​ពី​ឆ្នាំ​១៩៨៤-១៩៩១។

កើត​នៅ១៩៦០ ​ក្នុង​សង្កាត់ក្រីក្រ គ្រួសារ​ក្រីក្រ ​ម៉ារ៉ាដូណា​ មានក្តី​ស្រមៃតាំង​ពី​អាយុ​៨ឆ្នាំ​​ចង់​ក្លាយ​ជា​ជើង​ឯក​បាល់​ទាត់​ពិភពលោក​។ ដោយ​សារ​អំណោយ​ទាន​ពី​កំណើតខាង​ពូកែ​ខាងលេង​បាល់ ម៉ារ៉ាដូណា បាន​នាំ​គ្រួសារ​ដែល​មានបងប្អូន​ច្រើន​នាក់ ចេញ​ពី​ភាព​ក្រី​ក្រ បាន​យ៉ាង​ឆាប់​រហ័ស។

 

លោក​បាន​ចូល​ក្នុង​ក្លឹបបាល់ទាត់​ជាតិ ពាក់​អាវ​លេខ​១០ ប្រកួត​បាន​ចំនួន ៩១​លើក​ និង​ទាត់​បាន​៣៤​គ្រាប់ ព្រមទាំង​បាននាំ​អាហ្សង់ទីន​ឱ្យបានក្លាយ​ជា​ជើង​ឯកពិភពលោក​ឆ្នាំ​១៩៨៤។ រូបភាព​ដ៏​ល្អ​ដក់​ជាប់​ក្នុង​ប្រវត្តិ​បាល់​ទាត់​ខ្លាំង​ជាងគេ គឺ​ការ​ទាត់​បញ្ចូល​ទី​ដោយ​ ដៃ​ ក្នុង​ការ​ប្រកួត​វគ្គ​មួយភាគ​បួន​ផ្តាច់​ព្រ័ត្រ​ជាមួយអង់គ្លេស​និង​ការត្រេះ​បាល់​បញ្ជូល​ទី​គ្រាប់​ទី​ពីរ​នៃ​​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ម៉ិចស៊ិក។ ក្រោយ​បរាជ័យ​នៃ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ឆ្នាំ​១៩៩០ ជាមួយ​​អាល្លឺម៉ង់​ លោកម៉ារ៉ាដូណា ត្រូវ​បាន​គេ​បណ្តេញ​ពី​បាល់ទាត់​នៅ​ឆ្នាំ​១៩៩៤ ដោយ​វិជ្ជមាន​គ្រឿង​ញៀន។

 

ពូកែ ត្រេះ បណ្តើរ​ ទាត់​​និង​បញ្ជា​បាល់​យ៉ាង​ប៉ិនប្រសព្វ​គ្មានគូប្រៀប ម៉ារ៉ាដូណា មិន​ត្រឹម​តែ​ជា​កីឡាករ​បាល់​ទាត់​ដ៏​អស្ចារ្យ​ទេ តែ​ថែម​ទាំង​មាន​ទេពកោសកល្យ​អាច​ទាក់ទាញ​ប្រជាប្រិយភាព ចែករំលែក​ជំនក់​ចិត្ត​ផ្នែក​បាល់ទាត់ និង​ទំនាក់ទំនងល្អ​​ជាមួយ​មេដឹកនាំ​​បែប​កុម្មុយនិស្ត​ជា​ច្រើន​ទៀត​មាន​ជា​អាទិ៍​ជាមួយ​មេដឹកនាំ​គុយបា ហ្វីដែល កាស្ត្រូ ឬ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា អ៊ុយហ្គោ ឆាវេស តែ​ក៏​មាន​រឿង​អាស្រូវ​ច្រើន​ជាពិសេស​ទាក់ទង​នឹងការ​ប្រើ​ថ្នាំ​ញៀន។

 

​សុខភាពរបស់​​លោក​ម៉ារ៉ាដូណា បានធ្លាក់​ដុនដាបតាំង​ពី​​ប៉ុន្មាន​ថ្ងៃមក​ហើយ​ដោយត្រូវ​ឆ្លងកាត់​ការ​វះកាត់​ខួរក្បាល​ ប៉ុន្តែ​នៅ​ទី​បំផុត លោក ម៉ារ៉ាដូណា បានស្លាប់​ដោយ​រោគ​គាំងបេះដូង​និង​ហើម​សួត នៅ​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ ត្រូវ​នឹង​ម៉ោង​បី​ម៉ោង​សកល ថ្ងៃទី ២៥​វិច្ឆិកា ២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ