អានតួអត្ថបទ
អាហ្សង់ទីន-សិទ្ធិស្ត្រី

សភាអាហ្សង់ទីន អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យស្ត្រី​មាន​សិទ្ធិ​រំលូតកូន

បើទោះបីជាមានការពុះចែកខ្លាំង ក្នុងចំណោមមតិសាធារណៈ ទីបំផុតសភាខុសហ្ក្រេសអាហ្សង់ទីន បានបោះឆ្នោតយល់ព្រម​ កាលពី​ថ្ងៃទី ២៩ធ្នូលើច្បាប់អនុញ្ញាតឲ្យស្រ្តី អាចរំលូតកូនបាន ក្នុងករណីដែលពរពោះមិនទាន់លើសពី​១៤សប្តាហ៍។ សម្រាប់សកម្មជនការពារសិទ្ធិស្ត្រី នេះគឺជាជ័យជំនះមួយ​ដ៏សំខាន់ ព្រមទាំងជាការបោះជំហានទៅមុខ និងជាគំរូល្អ សម្រាប់ប្រទេសផ្សេងទៀត​នៅក្នុងតំបន់។

សកម្មជនបៃតងដែលគាំទ្រច្បាប់រំលូតកូន ជួបជុំអបអរនៅខាងមុខវិមានសភាជាតិ នៅរដ្ឋធានីប៊ុយណូហ្សែរ ថ្ងៃទី ២៩ ធ្នូ ២០២០
សកម្មជនបៃតងដែលគាំទ្រច្បាប់រំលូតកូន ជួបជុំអបអរនៅខាងមុខវិមានសភាជាតិ នៅរដ្ឋធានីប៊ុយណូហ្សែរ ថ្ងៃទី ២៩ ធ្នូ ២០២០ REUTERS - AGUSTIN MARCARIAN
ផ្សាយពាណិជ្ជកម្ម

អាហ្សង់ទីន បានក្លាយ​ជាប្រទេសមួយ​ដ៏កម្របំផុត នៅតំបន់អាេមរិកខាងត្បូង ដែលបាន​អនុម័តច្បាប់ អនុញ្ញាតឲ្យស្ត្រី មានសិទ្ធិរំលូតកូន។ ការជជែកដេញដោល នៅក្នុងសភារវាងតំណាងរាស្ត្រ បានប្រព្រឹត្តិធ្វើទៅ​ យ៉ាងក្តៅគកុក ប៉ុន្មាន​សប្តាហ៍កន្លងមកនេះ។ នៅសភាជាន់ទាប ច្បាប់​អនុញ្ញាតការរំលូតកូន ត្រូវបាន​បោះឆ្នោតយល់ព្រម ១៣១សម្លេង ទល់នឹង ១១៧សម្លេង។ ចំណែកនៅព្រឹទ្ធសភាវិញ សម្លេងឆ្នោតយល់ព្រម មាន៣៨ ទល់នឹងសម្លេងប្រឆាំង ២៩។

សូមរំលឹកថា កាលពី​ឆ្​នាំ​២០១៨ គម្រោងច្បាប់នេះ ត្រូវបាន​សភា​ទាំង២របស់អាហ្សង់ទីន បោះឆ្នោតបដិសេធ។ ការ​បោះឆ្នោតយល់ព្រមនៅពេលនេះ បានបង្ហាញអំពីការ​វិវឌ្ឍន៍​ផ្លាស់ប្តូរ​ផ្នត់គំនិតជឿនលឿន របស់​អ្នកនយោបាយ​អាហ្សង់ទីន។ លោកស្រី Sandra Lujan ពេទ្យចិត្តសាស្ត្រ និងជាសកម្មជន​គាំទ្រច្បាប់នេះ បានថ្លែងអបអរ ថានេះគឺជាជោគជ័យ នៃការតស៊ូអស់រយៈពេល​ជាច្រើនឆ្នាំ ដើម្បីឲ្យ​ស្ត្រីអាចមានសិទ្ធិ​សម្រេច​ក្នុងការ​រក្សា មិនរក្សាទុកទារក។

គួរកត់សំគាល់ថា ប្រទេសទាំងអស់នៅតំបន់អាមេរិកខាងត្បូង គឺជាប្រទេស​គោរព​សាសនា​​កាតូលិក ដ៏តឹងតែងបំផុត ហើយ​ដែល​ករណី​រំលូតកូន គឺរឿងមួយ​ត្រូវហាមឃាត់ទោះក្នុងករណីណាក៏ដោយ។ នៅអាហ្សង់ទីន កន្លងមកដោយយោងតាមច្បាប់ឆ្នាំ ១៩២១ ស្ត្រីអាចរំលូតកូនបាន តែក្នុងករណីពរពោះ បង្កឡើង​ដោយ​ការរំលោភ​សេពសន្ទវៈ ឬក្នុងករណីដែល​ជីវិតម្តាយ​ប្រឈមគ្រោះថ្នាក់ប៉ុណ្ណោះ។

ក្រុមសកម្មជន​គាំទ្រសិទ្ធិស្ត្រី​នៅអាហ្សង់ទីន បាន​ធ្វើសកម្មភាព​តវ៉ា ជាច្រើនឆ្នាំមកហើយ ដើម្បី​ឲ្យ​ស្ត្រី​មានសិទ្ធិ​រំលូតកូន​ដោយស្របច្បាប់ ដោយឥតគិតថ្លៃ និងដោយ​សុវត្ថិភាព​បំផុត។ អ្នកគាំទ្រច្បាប់នេះអះអាងថា ច្បាប់នេះ មិនមែនជាច្បាប់ដែលនឹងទៅជំរុញ ឲ្យ​ស្ត្រីនាំគ្នារំលូតកូននោះទេ តែជាច្បាប់ដែល​នឹងការពារ​ស្ត្រី ឲ្យ​ទទួលបាន​សេវារំលូតកូន​ដោយ​ត្រឹមត្រូវតាមច្បាប់ មិនលួចលាក់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត។ ការសម្រេចចិត្តរំលូតកូន គឺជាការសម្រេចចិត្ត​ដ៏លំបាក ដែលម្តាយ​គ្រប់រូប មិនមែនចេះតែធ្វើបាន​នោះទេ បើសិនជាពួកគេពុំមានជំរើសទេនោះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ