អានតួអត្ថបទ
អាមេរិក-អាកាសចរណ៍

ក្រុម​ហ៊ុន​ប៊ូ​អ៊ីង​ស្នើ​ឲ្យ​ផ្អាក​ការ​ហោះ​ហើរ​យន្ត​ហោះ​ប៊ូអ៊ីង​៧៧៧​ ក្រោយ​យន្ត​ហោះ​មួយ​គ្រឿង​ជួប​បញ្ហា​ម៉ាស៊ីន

ប៊ូអ៊ីង​​ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អាមេរិក​ បាន​ផ្តល់​អនុសាសន៍​ឲ្យ​ផ្អាក​ការ​ហោះហើរ​យន្តហោះ​ប្រភេទ​ ៧៧៧​ របស់​ខ្លួន​ចំនួន​រាប់​សិប​គ្រឿង​នៅ​ទូទាំង​ពិភព​លោក​កាលពី​ថ្ងៃអាទិត្យ ​២១ កុម្ភៈម្សិលមិញ​។ វិធានការ​របស់​ក្រុមហ៊ុន​ប៊ូអ៊ីងនេះ​ធ្វើឡើង​ បន្ទាប់ពី​យន្តហោះ​ប្រភេទ​ដូចគ្នា​មួយគ្រឿង​បាន​ជួប​បញ្ហា​ម៉ាស៊ីន​ក្នុង​ពេល​កំពុង​ប្រតិបត្តិការ​នា​ពេល​ថ្មីៗ​នេះ​។

យន្ដហោះប៊ូអ៊ីង ៧៧៧-២០០ER របស់ក្រុមហ៊ុនអាកាសចរណ៍  United Airlines ចេញដំណើរពីអាកាសយានដ្ឋានអន្ដរជាតិអូហារ ក្នុងទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨។
យន្ដហោះប៊ូអ៊ីង ៧៧៧-២០០ER របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ចេញដំណើរពីអាកាសយានដ្ឋានអន្ដរជាតិអូហារ ក្នុងទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨។ REUTERS - Kamil Krzaczynski
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​មួយគ្រឿង​ដែល​បាន​ជួប​បញ្ហា​នោះ គឺជា​យន្តហោះ​ប៊ូអ៊ីង​ ៧៧៧​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ United Airlines​ ដែល​ម៉ាស៊ីន​របស់​វា​ត្រូវ​បាន​ឆាបឆេះ​ និង​បន្ទាប់​មក​ធ្លាក់​ទៅ​លើ​សហគមន៍​ជាយក្រុង​មួយកន្លែង​របស់​អាមេរិក​។ យន្ដហោះនេះ​ មាន​ដឹក​អ្នក​ដំណើរ​ចំនួន​ ២៣១ នាក់​ និង​ត្រូវ​បង្ខំចិត្ត​ហោះត្រឡប់​ទៅ​អាកាសយានដ្ឋាន​ក្រុង​ Denver វិញ​ កាលពី​ថ្ងៃសៅរ៍​ ដោយ​គ្មាន​អ្នក​ដំណើរ​ណាម្នាក់​ត្រូវបាន​គេរាយការណ៍​ថា​រង​របួស​នោះទេ​។

ក្រុមហ៊ុន​អាកាសចរណ៍​ United Airlines និង​ក្រុមហ៊ុន​អាកាសចរណ៍​ធំ ៗពីរ​ផ្សេងទៀត​របស់​ជប៉ុន​ បាន​ប្រកាស​ផ្អាក​ប្រតិបត្តិការ​យន្តហោះ​ចំនួន​ ៦២ គ្រឿង​។ ចំណែក​ ក្រុមហ៊ុន​អាកាស​ចរណ៍​  Korean Air និយាយថា​នឹង​ហាមឃាត់ការ​ហោះហើរ​របស់​ប្រភេទ​យន្តហោះ​ដូចគ្នានេះ​ ចំនួន​ ៦ គ្រឿង​។

សរុបមកនៅទូទាំងពិភពលោក​ យន្តហោះចំនួន​ ១២៨ គ្រឿង​ត្រូវបាន​ក្រុមហ៊ុន​ប៊ូអ៊ីង ផ្តល់​អនុសាសន៍​ឲ្យផ្អាកប្រតិបត្តិការ​ រហូតដល់ក្រុម​អ្នកស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​អាកាសចរណ៍​សហព័ន្ធអាមេរិក​ (FAA) អាច​កំណត់​រកឃើញពី​មូលហេតុ​នៅពីក្រោយ​បញ្ហានេះបាន​​។

គួរជ្រាបថា​ យន្តហោះ​ដែល​ក្រុមហ៊ុនប៊ូអ៊ីង​ ប្រកាសអំពាវនាវ​ឲ្យផ្អាក​ប្រតិបត្តិការ​គឺជា​ប្រភេទ​យន្តហោះ​ប៊ូអ៊ីង​ ៧៧៧ ​ដែល​បំពាក់​ដោយ​ម៉ាស៊ីនប្រភេទ​ (៤០០០-១១២) ផលិតពី​ក្រុមហ៊ុន​ Pratt & Whitney ។ ភ្លាមៗ​បន្ទាប់ពី​មាន​កើត​រឿង​ហេតុ​ខាងលើ​ ខាង​ក្រុមហ៊ុន​ Pratt & Whitney បាននិយាយថា​ខ្លួនបាន​បញ្ជូនក្រុមការងារ​មួយក្រុម​ហើយ​ ឲ្យទៅធ្វើការ​ជាមួយ​នឹង​អ្នក​ស៊ើបអង្កេត​។

គួរជ្រាបដែរថា​ ក្រោយយន្តហោះប៊ូអ៊ីង​ ៧៧៧ មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ United Airlines ជួបបញ្ហាម៉ាស៊ីន​ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ​របស់​អាមេរិក​ (NTSB) បាន​បើក​ការស៊ើបអង្កេត​មួយភ្លាមភ្លែត​។ ការ​រក​ឃើញ​ដំបូង​របស់​ ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹក​ជញ្ជូនជាតិ​អាមេរិក​ បង្ហាញថា​ការ​ខូចខាតភាគច្រើន​បាន​កើតឡើង​ផ្តុំនៅ​ត្រង់​​តែ​ម៉ាស៊ីន​យន្តហោះ​ផ្នែក​ខាងស្តាំ​។​ ចំណែក​តួយន្តហោះវិញ​ រងការខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ