អានតួអត្ថបទ
សហរដ្ឋអាមេរិក-បច្ចេកវិទ្យា

របាយការណ៍៖ វិស័យ​​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​របស់​អាមេរិក ​មាន​ការវិវឌ្ឍន៍​យឺត

វិស័យ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត របស់សហរដ្ឋអាមេរិក មានការវិវឌ្ឍន៍យឺតយ៉ាវ​ ហើយអាច​នឹងត្រូវចិននាំមុខ។ នេះគឺជាការលើកឡើង នៅក្នុងរបាយការណ៍មួយ​ របស់គណកម្មការ​សន្តិសុខជាតិ​ស្តីពី​បញ្ញាសិប្បនិម្មិត។ របាយការណ៍​អះអាងថា បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតនេះ មាន​សារៈសំខាន់ខ្លាំងណាស់ ទាំងក្នុងវិស័យសេដ្ឋកិច្ច និង​វិស័យ​សន្តិសុខ ហើយ​សហរដ្ឋអាមេរិក ត្រូវតែចំណាយ​ប្រាក់វិនិយោគបន្ថែម។

លោក​ Eric E. Schmidt អតីតអគ្គនាយក Google និយាយនៅក្នុង​អង្គប្រជុំគណកម្មការ​សន្តិសុខ​ជាតិ ស្តីពី​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ វិមានកាពីតូល ថ្ងៃទី ២៣ កុម្ភៈ ២០២១
លោក​ Eric E. Schmidt អតីតអគ្គនាយក Google និយាយនៅក្នុង​អង្គប្រជុំគណកម្មការ​សន្តិសុខ​ជាតិ ស្តីពី​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ វិមានកាពីតូល ថ្ងៃទី ២៣ កុម្ភៈ ២០២១ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

អាមេរិក ពុំទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការ​ការពារខ្លួន ឬ ប្រកួតប្រជែងជាមួយ​គេ ក្នុងវិស័យបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិតទេ។ នេះគឺជាការលើកឡើង របស់គណកម្មការ​​សន្តិសុខជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅថ្ងៃទី​២មីនា។

របាយការណ៍​កម្រាស់ ប្រមាណ​៧៥០ទំព័រនេះ បា​នថ្អូញត្អែរថា អំណាចរដ្ឋបាលរបស់សហរដ្ឋ  អាមេរិក មានការយឺតយ៉ាវណាស់ នៅក្នុង​ការសម្រេចអនុញ្ញាត ផ្តល់ភ្លើងខៀវ ដល់​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនីមួយៗ។ របាយការណ៍​ បាន​អំពាវនាវ ឲ្យ​ចំណាយ​ប្រាក់វិនិយោគ ឲ្យ​បានច្រើនបំផុត មិនថាក្នុងការ​បណ្តុះបណ្តាល​ធនធានមនុស្សក្នុងវិស័យនេះ និង​ទៅ​លើ​គម្រោង​នានា របស់សហគ្រាសបច្ចេកវិទ្យានេះ។ ​គណកម្ម​ការដែលមានសមាជិក​១៥នាក់ មានអ្នកជំនាញ​ បច្ចេកវិទ្យា សាស្ត្រាចារ្យ និងនាយកក្រុមហ៊ុនធំៗ នេះ ក៏បាន​លើកជាអនុសាសន៍ផងដែរ ថាអាមេរិក ត្រូវតែធ្វើយ៉ាងណា ដកខ្លួន​ឲ្យ​មាន​ឯករាជ្យ​ ឈប់រំពឹងលើផលិត​ផល គ្រឿងផ្សំ​​បច្ចេកវិទ្យា​របស់ចិនតទៅទៀត។

លោក Eric Schmidt​ អតីត​អគ្គនាយកក្រុមហ៊ុនGoogle ហើយ​បច្ចុប្បន្នជាប្រធានគណកម្មការនេះ បានលើកឡើងនៅក្នុងលិខិតចំហរមួយថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលឈរលើមូលដ្ឋាននៃការ​ប្រើ​ប្រាស់ទិន្នន័យដ៏ធំមហាសាល គឺជា​ឧបករណ៍ ដ៏មានអំណាច ​និងមាន​​អត្ថប្រយោជន៍​បំផុត សម្រាប់មនុស្សជាតិ។ ក៏ប៉ុន្តែ​ វាក៏ជាឧបករណ៍ សម្រាប់​ឈ្លបយកការណ៍ និងវាយប្រហារផងដែរ តាមរយៈសម្ភារៈ យានដ្រូន​ និង​អាវុធ បំពាក់ដោយ​បញ្ញាសិប្បនិម្មិត។

គណកម្មការសន្តិសុខជាតិស្តីពីបញ្ញាសិប្បនិម្មិត បាន​អះអាងថា ការប្រកួតប្រជែង ដែលអាមេរិក អាចយកឈ្នះបាន គឺដោយ​ស្ថិតនៅលើ​ តម្លៃមនសិកា នៃបច្ចេកវិទ្យារបស់អាមេរិក។ ខណៈដែល ចិនកំពុងតែបោះពួយ​ទៅមុខ ក្នុងវិស័យបច្ចេកវិទ្យានេះ តែមនុស្សជាច្រើនមានការព្រួយ​បារម្ភ និងភ័យខ្លាច​ ចំពោះភាព​គ្មានគុណធម៌ នៃកម្មវត្ថុរបស់ចិន​។ ការដែលចិន ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ដើម្បី​បំរើដល់ការរិតត្បិតសេរីភាពបុគ្គល សិទ្ធិសេរីភាពបញ្ចេញមតិ នៅក្នុងស្រុក និង​ ការឈ្លបយកការណ៍​ក្រៅស្រុកផងនោះ គឺវា​កូន​ជញ្ជីងដែល​ធ្វើឲ្យ​សហរដ្ឋអាមេរិក ត្រូវតែយកមកថ្លឹង ដើម្បីប្រកួតប្រជែង។ បច្ចេកវិទ្យាអាេមរិក អាចនាំមុខបាន ល្គិកណា វា​ផ្តល់អាទិភាព​បម្រើដល់គុណ​ប្រយោជន៍​នៃ​មនុស្សជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ