អានតួអត្ថបទ
ការវាយប្រហារលើ​វិមានកាពីតូល

ប៉ូលិស​ម្នាក់​ស្លាប់ នៅក្នុង​ហេតុការណ៍​ចាក់សម្លាប់ នៅមុខ​វិមានកាពីតូល

៣ខែ​ក្រោយ ការសម្រុកចូល​លុកលុយ របស់​ក្រុមគាំទ្រ លោកដូណាល់ ត្រាំ វិមាន​កាពីតូល​អាមេរិក បាន​រង​ការវាយប្រហារ​សាជាថ្មី។ នៅថ្ងៃ​សុក្រ​ម្សិលមិញ បុរសជាតិ​អាមេរិកាំង​ម្នាក់​បាន​បើករថយន្ត បុក និង​ចាក់​សម្លាប់ មន្រ្តីប៉ូលិស ដែល​យាម​ច្រកចូល​វិមាន​កាពីតូល។ តាម​ប្រធាន​ប៉ូលិស​កាពីតូល ប៉ូលិស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់ ចំណែក ជនដៃដល់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ភ្លាមៗ នៅ​កន្លែង​កើតហេតុ។

ប៉ូលិស​កាពីតូលពិនិត្យ​រថយន្ត​របស់​ជនដៃដល់​ដែល​បានបើកឡាន បុក និង​ចាក់សម្លាប់​ប៉ូលិស​យាមកាពីតូល ថ្ងៃសុក្រទី ២ មេសា ២០២១
ប៉ូលិស​កាពីតូលពិនិត្យ​រថយន្ត​របស់​ជនដៃដល់​ដែល​បានបើកឡាន បុក និង​ចាក់សម្លាប់​ប៉ូលិស​យាមកាពីតូល ថ្ងៃសុក្រទី ២ មេសា ២០២១ AP - J. Scott Applewhite
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល​តែ​៣ខែ វិមានកាពីតូល​រងការវាយប្រហារ​ដល់ទៅ​២ដង។ កាលពីដើមខែ​មករា​កន្លងទៅ វិមានកាពីតូល ធ្លាប់​ត្រូវ​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ ​ភាគច្រើន​ជា​ក្រុមស្តាំនិយមជ្រុល និង​ក្រុមគាំទ្រ សាសន៍​ស្បែកស សម្រុក​ចូល​លុកលុយ ពេញ​អគារ។ ប៉ុន្តែ ការវាយប្រហារ​នៅថ្ងៃ​សុក្រ ហាក់​មិន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមជ្រុលនិយម គាំទ្រ សាសន៍​ស្បែកស​នោះទេ។

នៅថ្ងៃសុក្រ ប៉ូលិស​មិនបាន​បង្ហាញ អត្តសញ្ញាណ​ជនដៃដល់​ដែល​បាន​បើកឡាន​បុក និង​ចាក់សម្លាប់​ប៉ូលិស​យាម​វិមានកាពីតូល ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកាំង​បាន​សរសេរ​ថា ឧក្រិដ្ឋជន ជា ជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ អាយុ ២៥ឆ្នាំ ដែល​ធ្លាប់​ប្រើថ្នាំញៀន ហើយ​និង​ធ្លាប់ មាន​សមានចិត្ត​គាំទ្រ មេដឹកនាំ​ចលនា ជាតិអ៊ីស្លាម នៅ​អាមេរិក ដែល​ឧស្សាហ៍​រងការរិះគន់​ថា មានជំហរ ប្រឆាំង​ជនជាតិ​ជ្វីហ្វ។

តាម​ប្រធាន​ប៉ូលិស វ៉ាស៊ីនតោន ការវាយប្រហារ​លើកនេះ អាចមិនមែន ជា​ការវាយប្រហារ​ភេរវកម្ម ប៉ុន្តែ ប៉ូលិស​នៅតែ​បន្ត ការស៊ើបអង្កេត​តទៅទៀត។

ការវាយប្រហារ ដោយបើកឡាន​បុក និង​ចាក់សម្លាប់​ប៉ូលិស​យាមវិមាន​កាពីតូល កើតឡើង​នៅពេល​ដែល សមាជិក​សភា អាមេរិក សម្រាក​វិស្សមកាល ប៉ុន្តែ វិមានកាពីតូល នៅ​តែ​មាន​បុគ្គលិក និង​អ្នកកាសែត បន្ត​ធ្វើការ នៅរសៀល​ថ្ងៃ វាយប្រហារ​របស់ ឃាតករ កាលពីថ្ងៃ​សុក្រ។ សម្រាប់​ប្រធាន​ប៉ូលិស​កាពីតូល លោកស្រី Yogananda Pittman ប៉ូលិស​កាពីតូល​ឆ្លងកាត់​ពេលវេលា​ដ៏លំបាក ចាប់តាំង​ពី មាន​ព្រឹត្តិការណ៍ សម្រុកចូល​វិមាន​កាពីតូល កាលពី​ថ្ងៃទី ៦​មករា។ ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​ដែល​អ្នកជួបផ្ទាល់ ​នៅ​រន្ធត់ចិត្ត ខ្លាំង​នៅឡើយ។

នៅក្នុង​សេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី ចូ បៃដិន បាន​និយាយថា លោក​ស្លុតចិត្ត ដោយសារ​ហេតុការណ៍ កាលពី​ថ្ងៃ​សុក្រ។ ប្រធានាធិបតី អាមេរិក​បាន​បន្ថែមថា វិមាន​កាពីតូល​កំពុង​ជួប​ការលំបាក មិនថា សម្រាប់​អ្នកដែល​ធ្វើការ និង​អ្នកដែល​មាននាទី​យាម​វិមាន​កាពីតូល។ ប្រធានាធិបតី អាមេរិក​​បាន​បញ្ជា​ឲ្យគេ​ទម្លាក់ទង់ជាតិ​មកនៅពាក់កណ្តាល​ដង នៅសេតវិមាន ចំណែក លោកស្រីណាន់ស៊ី ប៉េឡូស៊ី បាន​បញ្ជា​ឲ្យ​គេ​ដូចគ្នានេះដែរ នៅ​វិមាន​កាពីតូល ដើម្បី រំលឹកគុណដល់​មន្រ្តី​ប៉ូលិស ដែល​បាន​ពលីជីវិត ក្នុង​បុព្វហេតុ​ការពារ វិមាន​កាពីតូល នៅ​ថ្ងៃម្សិលមិញ។

នៅក្រោយ ការសម្រុកចូល លុកលុយ​របស់​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ ដែល​បាន​សម្លាប់​មនុស្ស ៥នាក់ និង​ចាប់ខ្លួន មនុស្ស ជាង ៣០០នាក់ សន្តិសុខ នៅ វិមានកាពីតូល ត្រូវ​បាន​ពង្រឹង បន្ថែម ជាមួយ លួសបន្លា ជញ្ជាំងថ្ម ខ្ពស់ៗ និង​វត្តមាន​របស់​ឆ្មាំការពារ​ជាតិ នៅ​ជុំវិញ​អគារ​កាពីតូល។ ប៉ុន្តែ​ការវាយប្រហារ នៅថ្ងៃ​ម្សិលមិញ ស​បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​ស្ថិតក្រោម​ការយាម ពង្រឹង សន្តិសុខ ជាងមុខ កាពីតូល ដែល​ជា​ស្ថាប័ន ច្បាប់ កំពូល​របស់​អាមេរិក នៅតែអាច​រងការវាយប្រហារ គ្រប់ពេលវេលា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ