អានតួអត្ថបទ
ជប៉ុន-សហរដ្ឋ​អាមេរិក

នាយករដ្ឋមន្ត្រី​ជប៉ុនជា​ប្រមុខ​ដឹកនាំ​បរទេស​ដែល​ប្រធានាធិបតី​អាមេរិក​ទទួល​ជួប​មុន​គេ​

បន្ទាប់​ពី​បាន​លើក​ពេល​ម្តងជាពីរដង នៅ​ទីបំផុត លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា ​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​អញ្ជើញ​មក​ដល់​ទី​ក្រុង​វ៉ាស៊ីនតោនហើយ ​ហើយ​ត្រូវ​មាន​ជំនួប​ជាមួយ​​​ប្រធានាធិបតី​​​អាមេរិក​ លោក ចូ បៃដិន នៅ​ថ្ងៃ សុក្រ​ទី ១៦ មេសា ២០២១នេះ នៅ​សេតវិមាន។ ​ ​​កិច្ចពិភាក្សាទល់​មុខ​គ្នា មួយ​ទល់​នឹងមួយ រវាង​ប្រមុ​ខ​ដឹកនាំ​ទាំង​ពីរ ជា ​ ជា​សារ​បញ្ជាក់​អំពី​ភាព​សំខាន់​នៃសម្ព័ន្ធភាព​យុទ្ធសាស្ត្រ​ដ៏​ស្អិត​ល្មួត​រវាង​​​អាមេរិក​និង​ជប៉ុន សម្រាប់​ប្រឈម​នឹង​ចិន ដែល​កំពុង​ដំឡើង​វត្តមាន​កាន់​តែ​ខ្លាំងលើ​ឆាក​អន្តរជាតិ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្កា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្កា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក AP - 202333+0900
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ទី ១៦​មេសា​នេះ លោកនាយករដ្ឋមន្ត្រី​​ជប៉ុន​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាលបរទេស​​ដំបូង​គេ​បង្អស់ ដែលប្រធានាធិបតី​អាមេរិក​ ចូ បៃដិន បើក​ទ្វារ​ទទួល​ស្វាគមន៍ នៅ​សេតវិមាន។ មាន​ន័យ​ថា​អាមេរិកចូលរួម​ខ្វាយ​ខ្វល់​ជាមួយ​​ជប៉ុន និងផ្តល់​​​អាទិភាពនយោបាយ​​ការទូត​យុទ្ធសាស្ត្រ​ដល់​​តំបន់​អាស៊ី​ខាងកើត ដែល​មានការ​ប្តូរ​ផ្លាស់​យ៉ាង​ខ្លាំង​ក្នុង​មួយ​ទសវត្សរ៍​​ចុងក្រោយមកនេះ។

ជំនួប​ទ្វេភាគី​រវាងលោកស៊ូហ្កា និង​លោក ចូបៃដិន ដែល​ធ្វើ​ឡើង​ក្រោយ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​និង​ការពារ​ជាតិ​អាមេរិក​នៅ​ជប៉ុន ជា​សារ​បញ្ជាក់​កាន់​ច្បាស់​បន្ថែម​ទៀត​ថា អាមេរិក​និង​ជប៉ុន រួម​គ្នា​ជា​ធ្លុង​មួយ​ប្រឈម​នឹង​ប៉េកាំង ដែល​បង្ក​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ ​មិន​ថា​ក្នុងសកម្មភាព​​យោធា ឬ​សកម្មភាព​សិទ្ធិមនុស្ស​នៅ​ហុងកុង​ និង​ស៊ីនជាំងទេ។

ប្រមុខ​ដឹកនាំទាំង​ពីរ​ទំនងជានឹងត្រូវ​ចេញ​សេចក្តី​ថ្លែងការណ៍រួម ស្តី​អំពីបញ្ហា​សន្តិសុខ ដោយ​ត្រូវ​បញ្ជាក់​អះអាង​ថា​តំបន់​ប្រជុំកោះ​សេនកាគុ ជា​ភាសា​ជប៉ុននិង​ស្ថិតក្រោម​រដ្ឋបាល​ជប៉ុន​ ឬ​ទាវយូ ជា​ភាសា​ចិន ដែលទាមទារដែរនោះ ត្រូវ​បាន​ការ​ពារ​ដោយ​សន្ធិសញ្ញា​សន្តិសុខ​អាមេរិក​ជប៉ុន។ ភាគី​ទាំង​ពីរ​ក៏ប្រហែល​ជា​លើក​បញ្ហា​តៃវ៉ាន់​មក​ពិភាក្សា​គ្នា​ដែរ។ អាមេរិក​ចង់​ជំរុញ​ឱ្យ​ជប៉ុន​ព្រមប្រកាស​​គាំទ្រ​សន្តិភាព​និង​ស្ថិរភាព​កោះតៃវ៉ាន់​ ក្នុង​ខណៈ​ដែល​ចិន​កំពុង​សកម្មបង្ហាញ​សាច់​ដុំយោធា​ដាក់តៃវ៉ាន់​កាន់​តែ​ខ្លាំង។​  

ទាក់​ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​វិញ ​ជប៉ុន​អាច​នឹង​មាន​ជំហរ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ និង​មិន​ចង់លូក​លាន់​​បរិហារ​និង​ដាក់​ទណ្ឌកម្ម​ចិនជាមួយ​អាមេរិក​ទេ ព្រោះ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​គ្នា ជប៉ុន​ត្រូវ​ដើរ​តួនាទី​ជា​អន្តរការី នៅ​ពេល​អាមេរិក​និង​ចិន​តាន​តឹង​ដាក់​គ្នា។ ចិន​និង​អាមេរិក​ ជា​ដៃ​គូ​ពាណិជ្ជកម្មលំដាប់ទី​មួយ និង​ទីពីរ​របស់​ជប៉ុន​ ហេតុ​ដូច្នេះហើយ​បានជា​តូក្យូ​ក៏​ត្រូវ​ប្រឹង​សម្អិត​សម្អាងទំនាក់ទំនង​ការ​ទូត​ជា​មួយ​ប៉េកាំង​ដែរ។

ថ្វី​បើ​មាន​ជំហរ​​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​ក្នុង​បញ្ហា​សិទ្ធិមនុស្ស​របស់​ចិន​មែន ប៉ុន្តែ​ប្រមុខ​ដឹកនាំទាំងពីរមានគំនិត​ត្រូវ​គ្នា​ក្នុង​​វិស័យអាកាសធាតុ និងស្ថិរភាព​នៃ​​គ្រឿង​បន្លាស់​បច្ចេកវិទ្យាអេឡិចត្រូវ​កុំឱ្យ​រំពឹង​ខ្លាំង និង​ផ្តុំ​ផលិត​តែ​​​ចិន​ពេក។

ជា​ចុងក្រោយ​ ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ ជា​ឱកាស​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ក្នុង​ការ​ពង្រឹង​ភាព​ជា​មេដឹកនាំ ព្រោះលោក​កំពុង​មាន​ប្រជាប្រិយភាព​ទាប និង​ទន់ខ្សោយ​ណាស់​ដោយ​ហេតុ​ចំណាត់​ការ​​​ទល់ស្កាត់​​​វិបត្តិ​កូវីដ​១៩ និង​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​យឺត​យ៉ាវ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ