អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-រុស្ស៊ី

ពហុជាតិ​និយម ៖ រុស្ស៊ី​និង​សហរដ្ឋអាមេរិក​ បញ្ចេញ​ទស្សនៈវិស័យ​ខុស​គ្នា​ស្រលះ

នៅល្ងាច​ថ្ងៃ​សុក្រ​ទី ៧​ឧសភា​ម្សិលមិញ វេទិកា​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ បាន​ក្លាយ​ជា​វេទិកា នៃ​ការ​លាត​ត្រដាង​​ទស្សនៈវិស័យ​ផ្ទុយ​​គ្នា​ស្រលះជុំវិញ​គោលការណ៍​ពហុជាតិ​និយម​ ​ ​។ ប្រមុខ​ការ​ទូត​រុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រូវ បាន​បរិហារ​​នយោបាយ​ពហុជាតិ​និយម​របស់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប ថាមាន​ហានិភ័យ​បង្ក​បង្កើត​ឱ្យ​មានការ​បែក​បាក់​ថ្មី។ ចំណែកប្រមុខ​ការ​ទូត​​អាមេរិក​វិញ​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​​ប្រយុទ្ធ​​ប្រឆាំង​នឹង​ប្រទេស​ណា​ដែល​រំខាន​សណ្តាប់​ធ្នាប់​អន្តរជាតិ តាមរយៈ​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ។

Ngại trưởng Nga trong một cuộc họp báo tại Mátxcơva hôm 05/05/2021.
Ngại trưởng Nga trong một cuộc họp báo tại Mátxcơva hôm 05/05/2021. AFP - ALEXANDER ZEMLIANICHENKO
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិតាម​អនឡាញរៀប​ចំ​ឡើង​ដោយ​ចិន​ រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី​ បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក​ដោយ​ចំៗ​ថា ពហុជាតិ​និយម​ គឺ​ជា​ការងារ​ដែល​ត្រូវ​ធ្វើ​រួម​គ្នា​ជា​សមូហភាព។ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ យើង​ឃើញ​មានការ​ប៉ុនប៉ង​ដាក់​រៀប​ចំសណ្តាប់​ធ្នាប់​អន្តរជាតិ ដោយ​ដាក់បង្ខំ​នូវ​ច្បាប់ថ្មី​មិន​រួម​បញ្ចូល​គ្នា​ទៅ​វិញ។ សហរដ្ឋ​អាមេរិក​ចង់បើក​ “ជំនួប​កំពូល​ប្រជាធិបតេយ្យ” និង​ជា​អ្នក​រៀប​ចំ​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ត្រូវ​មកចូលរួម​។ បើ​តាម​លោក​ ស៊ែរហ្គៃ ឡាវ្រូវ ក្នុង​ខណៈ​ដែល​ពិភពលោក​ត្រូវ​មាន​​កម្មវត្ថុ​រួមតែមួយ​ ស្រាប់​តែ​មាន​​​ស្នាម​ប្រេះឆា​​លេច​ឡើង។ នេះជា​ហានិភ័យ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ទំនាក់ទំនង​អន្តរជាតិ​តាន​តឹង​ខ្លាំង។

ចំណែកលោក​ អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេស​អាមេរិក​វិញ បាន​លើក​ឡើងដោយ​មិនដៅ​ឈ្មោះ​រុស្ស៊ី​និង​ចិន​ថា វ៉ាស៊ីនតោន​បន្ត​ប្រឆាំង​ដាច់​ខាត​នឹង​ប្រទេស​ណា​ដែលធ្វើ​ឱ្យ​ខូច​​សណ្តាប់​ធ្នាប់​អន្តរជាតិ​ ដោយ​ការ​រំលោភបំពាន​ឥតលាក់​លៀម ឬ​ដោយ​សំអាង​ថា​គ្មាន​ច្បាប់​រួម​ក៏​ដោយ។ អ្នកខ្លះ​គិត​ថា រដ្ឋាភិបាល​អាច​ធ្វើ​អ្វី​ស្រេច​តែ​ខ្លួន​ចង់​នៅក្នុង​ប្រទេស​ខ្លួន​ ហើយ​សិទ្ធិមនុស្សគ្មានតម្លៃពិត​ប្រាកដ​ដោយ​​អា​ចប្រែប្រួលពី​សង្គមមួយ​ទៅសង្គម​មួយ​ ប៉ុន្តែគ្មាន​រដ្ឋ​ណា​អាច​​យក​​ច្បាប់ជាតិមក​បំរើ​ប្រយោជន៍ ធ្វើ​ទុក្ខ ទារុណកម្ម​ លុបបំបាត់ កម្ចាត់​ជាតិ​ពន្ធុ ជនជាតិ​ណាមួយជា​ពលរដ្ឋ​ឯង​ ឬ​រំលោភសិទ្ធិមនុស្ស​បានឡើយ។ ​នេះ​ជាកំណត់​សម្គាល់​របស់​ប្រមុខ​ការទូត​អាមេរិក​ដែលជាពាក្យ​វាយប្រហារ​ដោយ​ប្រយោល​លើ​ចិន។ ដោយ​សំដៅ​លើ​រុស្ស៊ី និង​ការ​ក្រសោប​យក​ដែនដីគ្រីមេ​របស់​អ៊ុយក្រែន លោក ប្លីនគីន​ បន្ទោស​ថា​មាន​រដ្ឋ​ខ្លះ​ចង់​គូស​បន្ទាត់ព្រំដែន​ឱ្យ​ប្រទេស​មួយ​ផ្សេង​ទៀត។

ទាក់ទង​នឹង​សំណើ​របស់​បារាំងនិង​អាល្លឺម៉ង់​​វិញ លោក​ប្រមុខ​ការទូត​អាមរិក​យល់​ថា​ការ​បង្កើត​សម្ព័ន្ធ​ដើម្បី​ពហុជាតិនិយម​ជា​គំនិត​ល្អ​ តែ​សម្រាប់​រុស្ស៊ី​ ដែលបាន​ការ​គាំទ្រ​បន្ថែម​​ពី​ចិន យក​សហភាពអឺរ៉ុប​ធ្វើ​គ្រឹះពហុជាតិ​និយម ជា​ការម៉ាក់ងាយ​សមភាព​នៃ​រដ្ឋ​នីមួយៗ និង​កំពុង​យក​គោលការណ៍​​ពហុជាតិ​និយម​មកធ្វើ​លេស​សម្រាប់​ដាក់​បង្ខំ​ឱ្យ​គេ​គោរព​ច្បាប់​របស់​ខ្លួន​។ ប្រមុខ​ការទូត​ចិន​លោក វ៉ង់ យី បាន​ចាត់​ទុក​ការ​បែង​ចែកពិភពលោក​ តាមទ្រឹស្តី​មនោគមវិជ្ជា ផ្ទុយ​ទាំងស្រុង​ពី​គោលការណ៍ពហុជាតិ​និយម និង​បាន​ស្នើ​សុំ​ឱ្យ​សមាជិក​អង្គការ​សហប្រជាជាតិទាំងអស់​ ស្វែងរក​សមភាព​និងយុត្តិធម៌ ព្រមទាំងប្រព័ន្ធគ្រប់គ្រង​ពិភពលោក ត្រឹមត្រូវ​និងស្មើ​ភាព​ជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ