អានតួអត្ថបទ
អាមេរិក-កូវីដ១៩

អាមេរិក៖ពលរដ្ឋចាក់វ៉ាក់សាំងគ្រប់ចំនួនដូសមិនចាំបាច់ពាក់ម៉ាសនៅកន្លែងបិទជិតទៀតទេ

នៅ​អាមេរិក ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូស​មិន​ចាំ​បាច់​ពាក់​ម៉ាស​ទៀត​ទេ​នៅ​កន្លែង​បិទជិត។ នេះ​ជា​សេចក្តីសម្រេច​របស់​រដ្ឋអំណាច​សុខាភិបាល​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា។ ប្រធានាធិបតី​លោក​ចូ បៃដិន​បាន​សាទរ​ចំពោះ​ដំណឹង​ល្អ​នេះ​ដោយ​លោក​ចាត់​ទុក​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​អាមេរិក។ តែ​ទន្ទឹម​គ្នា​នេះ លោក​បៃដិន​បាន​អំពាវនាវ​ឲ្យ​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដោយ​លោក​សង្ឃឹម​ថា វិធានការ​បន្ធូរបន្ធយ​ការ​ពាក់ម៉ាស​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូស​នេះ​នឹង​ជួយ​ជំនះ​អ្នក​ដែល​នៅ​បន្ត​រារែក អល់អែក​មិន​ចង់​ចាក់​វ៉ាក់សាំង។

Tổng thống Mỹ Joe Biden (P) phát biểu tại Nhà Trắng, Washington, Hoa kỳ, ngày 13/05/2021.
Tổng thống Mỹ Joe Biden (P) phát biểu tại Nhà Trắng, Washington, Hoa kỳ, ngày 13/05/2021. © AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

« មនុស្ស​គ្រប់រូប​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូស​អាច​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ធំ ឬ​តូច រៀបចំ​នៅ​ខាង​ក្នុង ឬ​ខាង​ក្រៅ​ដោយ​មិន​ចាំ​បាច់​ពាក់​ម៉ាស ឬ​រក្សា​គម្លាត​សុវត្ថិភាព​ទៀត​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី Rochelle Walensky នាយិកា​នៃ​មជ្ឈមណ្ឌល​បង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺ។ តែ​ទន្ទឹម​គ្នា​នេះ លោកស្រី Walensky បាន​ផ្តល់​អនុសាសន៍​ឲ្យ​បន្ត​ពាក់​ម៉ាស​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ រថយន្តក្រុង រទេះភ្លើង រួម​ទាំង​នៅ​តាម​អាកាសយាន្តដ្ឋាន និង​ស្ថានីយ៍រថភ្លើង។ តាម​លោកស្រី Rochelle Walensky ការ​សម្រេច​របស់​មជ្ឈមណ្ឌល​បង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​បាន​ធ្វើ​ឡើង​ដោយ​សំអាង​លើ​ការ​សិក្សា​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ដែល​ថា វ៉ាក់សាំង​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​ការ​ឆ្លង​ដែល​គ្មាន​រោគសញ្ញា និង​ការ​ធ្វើ​ចរាចរ​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី។

តែ​លោកស្រី Rochelle Walensky មិន​ភ្លេច​ព្រមាន​ថា បើ​ស្ថានការណ៍​នៃ​ការ​ឆ្លង​កូវីដ១៩ បែរ​ជា​បាន​ធ្លាក់​ដុនដាប​ឡើង​វិញ វិធានការ​គ្រវែង​ម៉ាស​ចោល​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ចំនួន​ដូស​ក៏​នឹង​ត្រូវ​លុប​ចោល​វិញ​ដែរ។ ក្រោយ​ការ​ប្រកាស​របស់​លោកស្រី Rochelle Walensky ក្រុម​សមាជិក​សភា និង​ព្រឹទ្ធសភា​បាន​ដក​ម៉ាស​ចេញ​វិញ​នៅ​ពេល​ប្រជុំ។ « ទីបំផុត សេរីភាព  » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា។ ចំណែក​ប្រធានាធិបតី​លោក​ចូ បៃដិន​បាន​សាទរ​ចំពោះ​ដំណឹង​ថ្មី​នេះ​ដោយ​ចាត់​ទុក​ជា​ថ្ងៃ​អស្ចារ្យ​របស់​អាមេរិក​នៃ​យុទ្ធនាការ​ដ៏​យូរ​ក្នុង​ការ​ប្រឆាំង​នឹង​កូវីដ១៩។

តែ​លោក​បៃដិន​មិន​ភ្លេច​រម្លឹក​ឲ្យ​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជា​បន្ត​ទៀត​ទេ និង​សង្ឃឹម​ថា ការ​បន្ធូរបន្ធយ​រឿង​ពាក់ម៉ាស​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូស​នឹង​ជួយ​ជំនះ​អ្នក​ដែល​បន្ត​រារែក អល់អែក​ក្នុង​ការ​ចាក់​វ៉ាក់សាំង។ គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃទី១៣ ឧសភា មាន​ពលរដ្ឋ​អាមេរិក​ជាង ១៥៣លាននាក់​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី១ ក្នុង​នោះ មាន​ជាង ១១៧លាននាក់​បាន​ចាក់​គ្រប់​ចំនួន​ដូស​ដែល​ចាក់​ពីរ​ដូស​សម្រាប់​វ៉ាក់សាំង Pfizer ឬ Moderna និង​តែ​មួយ​ដូស​សម្រាប់​វ៉ាក់សាំង Johnson & Johnson។ ដោយឡែក​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា អាមេរិក​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​លើ​កូនក្មេង​មាន​អាយុ​ចន្លោះ ១២ និង ១៥ឆ្នាំ​ដោយ​ប្រើ​វ៉ាក់សាំង Pfizer៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ