អានតួអត្ថបទ
អវកាស-បច្ចេកវិទ្យា-ទេសចរណ៍

លោក​​Jeff Bezos ស្ថាបនិក​Amazon នឹង​ចូលរួម​ក្នុង​ដំណើរ​ទេសចរណ៍​អវកាស ជា​លើក​ទីមួយ

លោក​Jeff Bezos ស្ថាបនិកAmazon នឹងចូលរួមក្នុងដំណើរទេសចរណ៍អវកាស ជាលើកទីមួយ ជាមួយនឹងប្អូនប្រុសរបស់លោក តាមរយៈយាន New Shepard របស់​ក្រុមហ៊ុន​ Blue Origin។ អ្នកដំណើរម្នាក់ទៀត ដែលឈ្នះការដេញថ្លៃសំបុត្រ នឹងចូលរួមក្នុងដំណើរនេះ ដែលនឹងប្រព្រឹត្តិធ្វើទៅ នៅថ្ងៃទី ២០កក្កដា។ នេះគឺជាការបើកទំព័រដំបូងបង្អស់ នៃការ​ធ្វើដំណើរទេសចរណ៍ ជាលក្ខណៈពាណិជ្ជកម្ម ទៅលើអវកាស។

លោក Jeff Bezos អគ្គនាយកក្រុមហ៊ុន Amazon CEO ធ្វើការបង្ហាញយានបង្ហោះថ្មី របស់ក្រុមហ៊ុន new Blue Origin ខណៈលោក Rick Scott អភិបាលរដ្ឋហ្វ្ល័រីដា ទះដៃអបអរសាទរ។ ថ្ងៃទី ១៥ កញ្ញា ២០១៥
លោក Jeff Bezos អគ្គនាយកក្រុមហ៊ុន Amazon CEO ធ្វើការបង្ហាញយានបង្ហោះថ្មី របស់ក្រុមហ៊ុន new Blue Origin ខណៈលោក Rick Scott អភិបាលរដ្ឋហ្វ្ល័រីដា ទះដៃអបអរសាទរ។ ថ្ងៃទី ១៥ កញ្ញា ២០១៥ AP - Phelan M. Ebenhack
ផ្សាយពាណិជ្ជកម្ម

លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានប្រកាសនៅលើទំព័រ Instagram របស់​លោក ថាលោកនឹងធ្វើដំណើរឡើងទៅលើអវកាស ជាមួយ​ប្អូនប្រុសរបស់លោក ឈ្មោះ Mark Bezos តាមរយៈយាន New Shepard របស់​ក្រុមហ៊ុន Blue Origin។ លោកបានបញ្ជាក់ថា ការឡើងទៅលើអវកាស គឺជាក្តីស្រម៉ៃរបស់​លោក តាំងតែពីវ័យកុមារ។

តាមការគ្រោងទុក ក្រុមហ៊ុន Blue Origin ដែលត្រូវបានបង្កើតឡើង ដោយស្ថាបនិកក្រុមហ៊ុន Amazon នឹងបាញ់បង្ហោះ នាំអ្នកទេសចរណ៍អវកាស ជាលើកទី១ នៅថ្ងៃទី​២០ កក្កដា។ ក្នុងដំណើរទេសចរណ៍អវកាស បើកឆាកលើកទី១នេះ នឹងមានអ្នកដំណើរ៣នាក់ ដោយអ្នកទី៣ គឺជាអ្នកដែលត្រូវបាន​ជ្រើសរើស តាមរយៈការដេញថ្លៃសំបុត្រ។ ការដេញថ្លៃ ដែលមាន​៣​ដំណាក់កាល​ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី១២ មិថុនាខាងមុខ។

​ក្រុមហ៊ុន Blue Origin អះអាងថា មាន​មនុស្ស​ប្រមាណជិង៦០០០នាក់ មកពី១៤៣ប្រទេស បានចូលរួម​ក្នុងការដេញថ្លៃ ហើយ​បច្ចុប្បន្ននេះ តម្លៃសំបុត្របានឡើងដល់ ២.៨លាន​ដុល្លារ។ ថវិកាដែលប្រមូលបាន នឹងផ្ទេរទាំងស្រុង ទៅឲ្យ​មូលនិធិ Club for the future ដែលត្រូវបានបង្កើតឡើងដោយ Blue Origin ក្នុងកម្មវត្ថុបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យ​ចាប់យកជំនាញវិទ្យាសាស្ត្រ។

សូមបញ្ជាក់ថា យោងតាមការប្រកាសរបស់ Blue Origin យាន New Shepard នឹងហោះចេញ ពីផែនដី ឡើងដល់កំពស់​ប្រមាណ​៧៥គីឡូម៉ែត្រ ទើបផ្តាច់​ក្បាលកាប់ស៊ុលដែលផ្ទុកអ្នកដំណើរ មុននឹងហោះទំលាក់ខ្លួន​មកចុះចត បញ្ឈរនៅលើផែន​ដីវិញ។ ចំណែកក្បាលកាប់ស៊ុល ដែលផ្ទុកអ្នកដំណើរ នឹងហោះ​ឡើងដល់កំពស់ ប្រមាណ​១០០គីឡូម៉ែត្រ ពីផែនដី បន្ទាប់មក ធ្លាក់មកផែនដីវិញ ដោយមានជំនួយ​ ពីឆ័ត្រយោងធំៗ៣។

ផ្អែកតាមសាកល្បង ដំណើរទេសចរណ៍អវកាសនេះ មានរយៈពេលត្រឹមតែជាង១០នាទីប៉ុណ្ណោះ គិតចាប់ពី​ពេលហោះចេញ រហូតដល់ចុះមកដល់ដីវិញ។ តែយ៉ាងណា ក្រុមហ៊ុន Blue Origin បានអះអាងថា នេះគឺជាបទពិសោធន៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់អ្នកដំណើរ ដែល​មានសំណាង បា​នឡើងទៅដល់កំពស់១០០គីឡូម៉ែត្រ ក្នុងសុញ្ញកាស និងបានគយគន់មើលផែនដី​ពីចំងាយ។ អ្នកដំណើរដែលឡើងដល់កំពស់នេះ ពេលចុះមកវិញ នឹងត្រូវបានភ្នាក់ងារអវកាសអាមេរិក ទទួលស្គាល់ថាជាអ្នកអវកាស។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាមេរិកមួយទៀត ឈ្មោះ Virgin Galactic ក៏មានគម្រោងរកស៊ី បង្ហោះអ្នកដំណើរទេសចរណ៍អវកាស នៅក្នុងឆ្ន​២០២១នេះដែរ តាមរយៈយានដែលមានឈ្មោះ SpaceShipTwo។ តែ​យាននេះ អាចបង្ហោះអ្នកដំណើរទៅ បានត្រឹមកំពស់៨០គីឡូម៉ែត្រ ពីផែនដីប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ