អានតួអត្ថបទ
អាមេរិក-បាក់អគារ

បាក់​អគារ​នៅ​ហ្វ្លរីដា​៖ អ្នក​ជំនាញ​ធ្លាប់​បាន​ព្រមាន​ពី​បញ្ហា​គ្រោង​អគារ​មុន​ហេតុការណ៍​បាក់​រលំ

ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះកំពុង​ខ្នះខ្នែង​ស្វែងរក​អ្នកបាត់ខ្លួនប្រមាណ​ ១៥៩នាក់​ របាយការណ៍​ថ្មីមួយ​បានចេញផ្សាយ​នៅថ្ងៃសៅរ៍ ២៦ មិថុនាថា​វិស្វករ​ជំនាញ​មួយរូប​ធ្លាប់​បាន​ព្រមាន​កាលពី៣ ឆ្នាំមុន​ អំពី​បញ្ហាធំៗ​របស់​អគារនៅរដ្ឋហ្វ្លរីដានៃសហរដ្ឋអាមេរិក​មុនដួលរលំ​​។ តើ​បញ្ហា​ទាំងនោះ​មាន​អ្វីខ្លះ​?

អ្នកជំនាញ ធ្លាប់បានព្រមានពីបញ្ហាគ្រោងអគារមុនហេតុការណ៍បាក់រលំនាថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២១។
អ្នកជំនាញ ធ្លាប់បានព្រមានពីបញ្ហាគ្រោងអគារមុនហេតុការណ៍បាក់រលំនាថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២១។ AP
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​វិភាគ​សំណង់អគារ​ដែល​រៀបរៀងឡើងកាលពី​ខែតុលា​ ឆ្នាំ​ ២០១៨​ បាន​រំលេច​ពីបញ្ហាដ៏ចំបង​នៅក្នុង​ប្លុកអគារ​ Champlain Towers ដែល​មាន​កម្ពស់​ ១២ ជាន់​ និង​ដែល​បាន​បាក់រលំ​ក្នុង​ជាយ​ក្រុងម៉ៃអាមីរដ្ឋហ្វ្លរីដា​កាលពី​ថ្ងៃព្រហស្បត៍ ទី២៤ មិថុនា​។

អាជ្ញាធរ​ និង​ក្រុម​អ្នកជំនាញ​អាមេរិក​នៅមិនទាន់រកឃើញ​ មូលហេតុ​នៅពី​ក្រោយ​ការ​ដួលរលំ​អគារនៅឡើយទេ​ ហើយថា​ពួកគេត្រូវ​ការពេលវេលា​បន្ថែមទៀត​ដើម្បីស៊ើបអង្កេត​។ ប៉ុន្តែ​ ដោយ​សារមាន​សំណួរចោទ​សួរកាន់តែច្រើនៗ កាសែត​ញូវយ៉កថែមស៍​បាន​ចុះផ្សាយរបាយការណ៍​មួយ​ដែលថា​វិស្វករ​ជំនាញម្នាក់​បាន​រក​ចំណុច​ខូចខាត​សំខាន់ៗ​មួយចំនួន​ដូចជា​ ការ​ខូចខាត​បន្ទះ​បេតុង​នៅខាងក្រោម​អាង​ហែលទឹក​ និង​ស្នាមប្រេះ​ជាច្រើន​នៅ​ចំណត​រថយន្តក្រោមដី​នៃអគារ​។

វិស្វករ​ជំនាញ​លោក​ Frank​ Morabito​ បាន​សរសេរ​នៅក្នុង​របាយការណ៍​កាលពីឆ្នាំ ២០១៨​ ថា​ ទោះបីជា​ការ​ខូចខាតមួយចំនួន​មាន​ទ្រង់ទ្រាយ​តូចក៏ដោយ​ ក៏ភាគច្រើន​នៃ​បេតុង​ដែល​សភាពចាស់​ទ្រុឌទ្រោម​ត្រូវការ​ជួសជុលឲ្យ​ទាន់ពេល​វេលា​។

យោងតាមកាសែត​ញូវយ៉កថែមស៍​ដដែល​ ការ​ខូចខាត​ភាគច្រើន​គឺទំនងជា​បណ្តាលមកពី​ការប៉ះទង្គិច​នឹងខ្យល់​នៅតាម​បណ្តោយឆ្នេរ​ភាគខាងត្បូង​រដ្ឋហ្វ្លរីដា​ដែលមានជាតិអំបិល ​។ ខ្យល់​ដែលមានជាតិអំបិលនេះ​អាចធ្វើឲ្យផ្នែកខ្លះ​នៃសំណង់អគារងាយនឹង​ច្រេះរបេះ​ចេញបន្តិចម្តងៗ​។

យ៉ាងណាក៏ដោយ​ នៅក្នុងរបាយការណ៍ខាងលើ​ គេមិនឃើញមានខ្លឹមសារណាដែល​ថាវិស្វករ​ប្រឹក្សាជំនាញ​ទាញសញ្ញាប្រាប់ថា​ អគារដែលមានអាយុ ៤០ ឆ្នាំនេះ​ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដួលរលំនោះទេ។ ប៉ុន្តែ​គេ​ត្រូវការជួសជុល​ដើម្បី​រក្សាភាពរឹងមាំរបស់អគារ​។

គួរជ្រាបថា​ គិតត្រឹមយប់ថ្ងៃសៅរ៍ ទី២៦ មិថុនា​ គ្រោះ​បាក់​រលំ​អគារ​ Champlain Towers នៅ​ទីក្រុង​ម៉ៃអាមី​រដ្ឋហ្វ្លរីដា​ បាន​សម្លាប់​មនុស្សចំនួន​ ៤ នាក់​ ហើយ​មនុស្ស​រាប់សិបនាក់ផ្សេងទៀត​ ត្រូវ​បាន​រាយការណ៍ថា​បាត់​ខ្លួន​នៅក្រោមគំនរ​អគារបាក់បែក​។ ការណ៍នេះ​ជំរុញ​មាន​ការបារម្ភ​អំពី​ការកើនឡើង​នូវចំនួនអ្នកស្លាប់​ ចំណែក​បងប្អូន​ជនរងគ្រោះវិញ​ មាន​អារម្មណ៍កាន់​តែតានតឹង​ និង​ភ័យព្រួយទ្វេដង​ក្នុងការ​រងចាំ​ដំណឹង​ពី​សាច់ញាតិ​របស់ពួកគេ​ដែលបាត់ខ្លួនទៅ​ជាង ២ ថ្ងៃមកហើយនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ