អានតួអត្ថបទ
ហៃទី-ឃាតកម្ម

ក្រុុម​ឃាតករ​​សម្លាប់​ប្រធានាធិបតីហៃទី ជា​បរទេស​ជាតិ​កូឡុំប៊ី​និ​ងអាមេរិក

ពីរ​ថ្ងៃ​ក្រោយឃាតកម្មសម្លាប់​​លោក​ប្រធានាធិបតី​ហៃទី នៅក្នុង​គេហដ្ឋាន ប៉ូលិស​ហៃទី​ចាប់​ផ្តើម​ស្គាល់​អត្តសញ្ញាណក្រុម​ដៃដល់​បណ្តើរៗ​ហើយ។ នៅថ្ងៃព្រហស្បតិ៍​ទី ៨​កក្កដា អាជ្ញាធរ​ហៃទី​ បាន​ប្រកាស​បន្ត​បើក​​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​ក្រុមដៃដល់​ប្រដាប់អាវុធសម្លាប់​ប្រធានាធិបតី​ និង​បាន​អះអាង​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ដៃ​ដល់​សម្លាប់​ប្រធានាធិបតី ​មាន​គ្នា​ ២៨​នាក់ ក្នុង​នោះ​២៦​នាក់​ជា​ជនជាតិ​កូឡុំ​ប៊ី និង​ពីរ​នាក់​ជាពលរដ្ឋ​​អាមេរិក​ដើម​កំណើត​ហៃទី។

ប៉ូលិស​ហៃទី ក្រោយ​ប្រតិបត្តិការ​ចាប់​ក្រុម​ដៃដល់​ដែល​​ធ្វើ​ឃាត​ប្រធានាធិបតី​ ហ្សូវឺណែល ម៉ូអ៊ីស៍
ប៉ូលិស​ហៃទី ក្រោយ​ប្រតិបត្តិការ​ចាប់​ក្រុម​ដៃដល់​ដែល​​ធ្វើ​ឃាត​ប្រធានាធិបតី​ ហ្សូវឺណែល ម៉ូអ៊ីស៍ AFP - VALERIE BAERISWYL
ផ្សាយពាណិជ្ជកម្ម

​កងកម្មង់ដូ​ដែល​លប​ចូល​ទៅ​ធ្វើ​ឃាត​ប្រធានាធិបតី​ហៃទី​លោក ហ្សូវឺណែល​ ម៉ូអ៊ីស៍ កាលពី​ថ្ងៃទី ៧​កក្កដា២០២១ ជា​ក្រុមឃាតករអាជីព​ដែល​មាន​សមាសភាព​២៨​នាក់​ ក្នុង​នោះ​២៦​នាក់​ជា​ជនជាតិ​កូឡុំប៊ី។ នេះ​បើ​តាម​គូស​បញ្ជាក់​របស់​អគ្គស្នង​ការ​ប៉ូលិស​ហៃទី លោក ឡេអុង ឆាល Leon Charles នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ ដោយ​លម្អិត​ថា ក្រុមឃាតករ​បរទេស​បាន​ចូល​ក្នុង​ប្រទេស​ហៃទី​ដើម្បី​សម្លាប់​ប្រធានាធិបតី​។ ពេល​នេះ​ប៉ូលិស​ហៃទី​ចាប់​បាន​ ពលរដ្ឋ​​អាមេរិក​ដើម​កំណើត​ហៃទីពីរ​នាក់ ​ជនជាតិ​កូឡុំប៊ី​១១នាក់។ ជនដៃដល់​ជាតិ​កូឡុំប៊ី​បីនាក់​ត្រូវ​បាន​សម្លាប់ នៅក្នុង​ប្រតិបត្តិការ​តាម​ចាប់​ដែល​មាន​ការ​បាញ់​តប​ត​គ្នា​យ៉ាង​ខ្លាំង និង​៨​នាក់​ផ្សេង​ទៀត កំពុង​រត់​គេច​ខ្លួន​។

ចំណែក​ខាង​តៃវ៉ាន់វិញ តៃវ៉ាន់​បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​សុក្រ​ទី ៩ កក្កដា ថា​មាន​ជនសង្ស័យ​​ចំនួន​១១​នាក់​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​ប្រធានាធិបតី​ហៃទី បាន​លួច​ចូល​មក​សំងំ​នៅ​ក្នុង​ទីធ្លា​ស្ថានទូត​តៃវ៉ាន់​ប្រចាំ​ក្រុង​ព័រអូប្រាំង មុន​នឹង​ត្រូវ​បាន​ប៉ូលិស​ហៃទី​ចាប់​ខ្លួន។

ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​ចំណោម​ក្រុម​កម្មង់ដូទាំង​២៨នាក់ មាន​យ៉ាង​ហោច​ណាស់​ក៏៦នាក់​ ជា​អតីត​នាយទាហាន​កូឡុំ​ប៊ី​។ នេះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍​របស់រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​កូឡុំប៊ី លោក Diego Molano។ ចំណែក​សហរដ្ឋ​អាមេរិក​ ដោយ​មិន​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន​ជនជាតិ​អាមេរិក​ដើម​កំណើត​ហៃទី អាមេរិក​បាន​ប្រកាស​ព្រម​​ជួយ​ធ្វើ​អង្កេត​ឱ្យ​ហៃទី។

ក្នុង​សន្និសីទ​កាសែត​ នាយករដ្ឋមន្ត្រី​ស្តីទី​ហៃទី លោក ក្លូត ហ្សូហ្សេ និង​អគ្គស្នងការ​ប៉ូលិស​ ឡេអុង ឆាល បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ហៃទី​ទាំង​អស់ រក្សា​ភាព​ស្ងប់​ស្ងាត់ និង​កុំ​ដើរ​តួ​ជា​ចៅក្រម​រក​យុត្តិធម៌​ឱ្យ​ប្រធានាធិបតី​ខ្លួន​ឯង តែ​ត្រូវ​ទុក​ភារកិច្ច​ឱ្យ​ប៉ូលិស​និង​តុលាការ​បំពេញ​ការងារ​អង្កេត​ត្រឹម​ត្រូវ។ នាយករដ្ឋមន្ត្រី​ស្តីទី ក៏​បានបញ្ជា​ឱ្យ​បើក​អាកាសយានដ្ឋាន​អន្តរជាតិឡើង​វិញ និង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ហៃទី​បើក​ហាង​និង​ត្រលប់​ទៅ​ធ្វើ​ការ​ជា​ធម្មតា​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ