អានតួអត្ថបទ
អាមេរិក-រថយន្តអគ្គិសនី

លោកបៃដិន​កំណត់​​បង្កើន​ការ​លក់​រថយន្ត​អគ្គិសនី​ដើម្បី​បុព្វហេតុ​អាកាស​ធាតុ

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន​ នៅថ្ងៃព្រហស្បតិ៍​ ៥ សីហា​ បាន​ចាប់​កំណត់​គោលដៅ​ បង្កើន​ការ​លក់​រថយន្ត​អគ្គិសនី​។ ក្នុង​ចំណោម​រថយន្ត​ទាំងអស់​ដែល​លក់​បាន​ក្នុង​សហរដ្ឋ​អាមេរិក​ ចាប់​ពីពេលនេះ​រហូត​ដល់ឆ្នាំ​ ២០៣០​ លោកបៃដិន​ ចង់ឲ្យ​មាន​ពាក់កណ្តាល​ជាប្រភេទ​យានយន្ត​ដែល​មិនបំភាយផ្សែងពុល​និង​ឧស្ម័នកាបូនិក​។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ Nicholas Kamm AFP/Archivos
ផ្សាយពាណិជ្ជកម្ម

គម្រោង​របស់​លោកចូ បៃដិននេះ​ ធ្លាក់មក​នៅបន្ទាប់ពីផែនការ​យុទ្ធសាស្រ្ត​ដើម្បី​បុព្វហេតុអាកាសធាតុ​ត្រូវបានព្រងើយកន្តើយយ៉ាងខ្លាំង​ក្នុង​សម័យ​គ្រប់គ្រង​ប្រទេស​របស់​លោកអតីត​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ សេតវិមាន​អាមេរិក​បាន​ប្រកាសឲ្យដឹងថា​លោក​បៃដិន​គ្រោង​​ចុះហត្ថលេខាលើក្រឹត្យមួយ​នៅថ្ងៃព្រហស្បតិ៍ទី ៥ សីហា ឆ្នាំ២០២១។ កម្មវត្ថុ​នៃក្រឹត្យនេះ​គឺ​បង្កើន​ការ​លក់​រថយន្តថ្មី​ដែល​មិនបំភាយផ្សែងពុលនិងឧស្ម័នកាបូនិក​ឲ្យបាន​ពាក់កណ្តាល​ក្នុងចំណោម​ចំនួន​រថយន្ត​ដែលលក់បាន​ទាំងអស់​ចាប់ពីពេលនេះ​រហូតដល់ឆ្នាំ​ ២០៣០​។ រថយន្តគោលដៅដែលត្រូវលក់ទាំងនោះ​រួមមាន​ ឡានអគ្គិសនី​ ឡាន Hybrides​ ដែលដោតសាកបាន​ និងឡានប្រើ​ថាមពល​អ៊ីដ្រូសែន​។

ក្រោយ​បទបញ្ជាខាងលើ​ចូលជាធរមាន​ បម្រើបម្រាស់​ឡានអគ្គិសនីរបស់អាមេរិក​នឹង​ចូលរួម​ចំណែក​ជួយដោះស្រាយ​វិបត្តិអាកាសធាតុដែលជា​បញ្ហាប្រឈមដ៏ធំបំផុតមួយរបស់ពិភពលោក។ នេះបើតាមសេតវិមានដដែល​។

ក្រុមហ៊ុនផលិតរថយន្តធំ​ៗរបស់​អាមេរិក​ បាន​គាំទ្រ​ចំពោះ​គម្រោងផែនកា​របស់​លោក​ប្រធានាធិបតី​ចូ បៃដិន​។ ក្រុមហ៊ុនចំនួនបី​រួមមាន​ ក្រុមហ៊ុន​ Ford​, General Motors​ និងក្រុមហ៊ុន​ Stellantis បានសម្តែងនូវការតាំងចិត្តរបស់ពួកគេ​ដើម្បី​សម្រេច​គោលដៅ​លក់រថយន្ត​អគ្គិសនី​ឲ្យ​បាន​ចន្លោះពី​ ៤០-៥០% នៅត្រឹមឆ្នាំ​ ២០៣០ខាងមុខ​។

គួរជ្រាបថា​ សហរដ្ឋអាមេរិក​គឺជាទីតាំង​កកើត​របស់ក្រុមហ៊ុន​ Tesla ដែល​ជា​ក្រុមហ៊ុន​នាំមុខគេ​លើពិភពលោក​ក្នុងការ​ផលិត​រថយន្តអគ្គិសនី​។ ប៉ុន្តែ​អាមេរិក​ មាន​ភាព​យឺតយ៉ាវ​ក្នុងការ​ប្រើប្រាស់​យានយន្តប្រភេទនេះ​ ជាពិសេសបើប្រៀបធៀបជាមួយប្រទេសចិន​ឬអឺរ៉ុប​។

ខណៈ​ដែល​ការ​លក់រថយន្តអគ្គិសនីនៅអឺរ៉ុប​មាន​ចំនួនប្រមាណ ១០ %​ នៅអាមេរិក​វិញ​មាន​ចំនួនតិចជាង ២ % ប៉ុណ្ណោះ​។ ដើម្បី​ជំរុញ​ដល់ការ​លក់​រថយន្តអគ្គិសនី​ក្នុងស្រុក​ លោកចូ បៃដិន​ ធ្លាប់បាន​អំពាវនាវឲ្យ​ចំណាយ​កញ្ចប់​ថវិការដ្ឋាភិបាល​ក្នុងចំនួន​ប្រមាណ​ ១៧៤​ ពាន់លានដុល្លារ​ រួមទាំងប្រាក់​លើកទឹកចិត្ត​អតិថិជនផង​ចំនួន​ ១០០ ពាន់លានដុល្លារផ្សេងទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ