អានតួអត្ថបទ
សហរដ្ឋអាមេរិក-ភេរវកម្ម

សហរដ្ឋអាមេរិក រំឮកខួប២០ឆ្នាំ នៃព្រឹត្តិការណ៍ភេរវកម្ម ១១ កញ្ញា ២០២១

ព្រឹត្តិការណ៍ភេរវកម្ម ១១ កញ្ញា ឆ្នាំ២០០១ ជាអំពើភេរវកម្ម ដែល​មានទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ភេរវជន ដែលជាសមាជិក​បណ្តាញ​អាល់កៃដា បាន​ប្លន់យន្តហោះចំនួន៤គ្រឿង ២គ្រឿងបានហោះទៅបុក អាគារភ្លោះ World Trad Center ទីក្រុងញូយ៉ក មួយគ្រឿងហោះទៅបុក​អាគារមន្ទីរបញ្ចកោណ ក្រសួងការពារជាតិអាមេរិក និង​ មួយគ្រឿងទៀតដែលភេរវជនមានគម្រោង បង្ហោះទៅបុកវិមានកាពីតូល នៅ​ក្រុងវ៉ាស៊ីនតោន តែត្រូវបាន​អ្នកដំណើរក្នុងយន្តហោះ រារាំង រហូតទាល់តែធ្លាក់នៅក្នុងរដ្ឋភែនស៊ីលវ៉ានី។ គឺនៅក្រោយ​ហេតុការណ៍ដ៏តក់ស្លុតនេះហើយ ទើបអាមេរិក បានប្រកាសសង្រ្គាម​ប្រឆាំងភេរវកម្ម និងបាន​លើកទ័ពចូលទៅអាហ្វហ្កានីស្ថាន ដើម្បី​កំទេចបណ្តាញ​អាល់កៃដា។ នៅក្នុងឱកាសខួប២០ឆ្នាំនេះ ក៏ជាទិវាពិសេសផងដែរ ព្រោះសហរដ្ឋអាមេរិក ទើបតែបាន​ដកទ័ពចេញទាំងស្រុង ពីអាហ្វហ្កានីស្ថាន។

ផ្កា និង ទង់ជាតិអាមេរិកអាមេរិក ត្រូវគេដាក់នៅទីបូជនីយដ្ឋាន​រំលឹកវិញ្ញាណក្ខន្ធ "Ground Zero" អតីតទីតាំងអាគារភ្លោះ World Trad Center ទីក្រុងញូយ៉ក
ផ្កា និង ទង់ជាតិអាមេរិកអាមេរិក ត្រូវគេដាក់នៅទីបូជនីយដ្ឋាន​រំលឹកវិញ្ញាណក្ខន្ធ "Ground Zero" អតីតទីតាំងអាគារភ្លោះ World Trad Center ទីក្រុងញូយ៉ក © AP/John Minchillo
ផ្សាយពាណិជ្ជកម្ម

នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ម៉ោងនៅទីក្រុងញូយ៉ក ដែលត្រូវនឹងម៉ោង ៧និង៣០នាទីយប់ម៉ោងនៅភ្នំពេញ លោក​ប្រធានាធិបតី ចូ បៃដិន ​ធ្វើដំណើរទៅដល់ អតីត ទីតាំងអាគារភ្លោះ World Trad Center ទីក្រុងញូយ៉ក ដែលបច្ចុប្បន្ន បានក្លាយ​ទៅជាសារៈមន្ទីរ និងជា​ទីបូជនីយដ្ឋាន​ រំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។

ពិធីរំលឹកវិញ្ញាណក្ខន្ធ នឹងចាប់ផ្តើម ដោយ​ការស្មឹងស្មាតចំនួន​នាទី នៅវេលាម៉ោង ៨និង៤៦នាទី ជាម៉ោងដែលយន្តហោះទីមួយ ត្រូវបាន​ភេរវជនបង្ហោះបំបុកអាគារ World Trad Center ខាងជើង។ នាទីទាំង៦ គឺជានិម្មិតរូបនៃហេតុការណ៍ដែលកើតឡើង នៅ​ថ្ងៃទី​១១ កញ្ញា យន្តហោះហោះបុកអាគារ World Trad Centerទាំង២ យន្តហោះ​ហោះបុកអាគារមន្ទីរបញ្ចកោណ យន្តហោះធ្លាក់នៅក្បែរក្រុង Shanksville និង​ នៅពេល​អាគារភ្លោះទាំង២ បានបាក់រលំបាត់រូបរាង។

បន្ទាប់ពីការស្មឹងស្មាត នឹងមាន​​កម្ម​វិធីប្រគុំតន្ត្រី រហូតដល់ម៉ោង ១២និង៣០នាទី ដើម្បី​ឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ ក្នុងព្រឹត្តិការណ៍ វាយប្រហារភេរវកម្ម ១១ កញ្ញា ២០០១។ ដូចឆ្នាំមុនៗ ឈ្មោះជនរងគ្រោះទាំង ២៩៧៧នាក់ នឹងត្រូវហៅ រំលឹក នៅក្នុងឱកាសនេះ។ នៅឯទីតាំង Time Square បេះដូងកណ្តាលក្រុងញូយ៉ក ក៏នឹងមាន​កម្មវិធី​ជួបជុំ ដើម្បីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះផងដែរ។

ចេញពីក្រុងញូយ៉ក លោកប្រធានាធិបតី ចូ បៃដិន នឹងបន្តដំណើរទៅ ជាយក្រុង Shanksville ក្នុងរដ្ឋ Pennsylvanie ជាទីដែល​យន្តហោះ ជើងហោះហើរ United Airline 93 បានធ្លាក់ បណ្តាលឲ្យស្លាប់អ្នកដំណើរទាំង​៤៤នាក់។ វីរៈភាព របស់អ្នកដំណើរលើយន្តហោះនេះ បាន​រារាំងភេរវជន មិន​ឲ្យ​បង្ហោះយន្តហោះឆ្ពោះទៅកាន់វិមានកាពីតូលក្រុងវ៉ាស៊ីនតោន។ កម្មវិធី​រំលឹកខួប២០ឆ្នាំ នៅថ្ងៃនេះ នឹងត្រូវបិទបញ្ចប់ ដោយ​ដំណើរទៅកាន់វិមាន​បញ្ចកោណ និម្មិតរូបនៃអំណាចយោធាអាមេរិក ដែល​ត្រូវបាន​ភេរវជន ប្រើយន្តហោះបុកកំទេចមួយផ្នែក នៅថ្ងៃទី​១១កញ្ញា ២០០១។

មិនខុសពី ព្រឹត្តិការណ៍វាយប្រហារ ដោយកងទ័ពជប៉ុន ទៅ​លើមូលដ្ឋានទ័ពជើងទឹកអាមេរិក នៅកោះPearl Harbor ក្នុងសម័យសង្រ្គាមលោក​លើកទី២ និងហេតុការណ៍បាញ់សម្លាប់លោកប្រធានាធិបតី កេណឺឌី ព្រឹត្តិការណ៍ភេរវកម្ម ថ្ងៃទី១១ កញ្ញា ២០០១ បានចារ ស្ថិតក្នុងការចងចាំរួម របស់​ប្រជាជនអាមេរិក។ សម្រាប់ពិភពលោកយើងទាំងមូល ទំព័រសករាជថ្មីបានចាប់បើកឡើង ​នៅក្រោយ​ថ្ងៃទី​១១ កញ្ញា ២០០១ ជាមួយនឹងសង្រ្គាម​ប្រឆាំងចលនាភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ