អានតួអត្ថបទ
អាមេរិក-អវកាស

SpaceX ៖ អ្នកដំណើរទៅលេង​អវកាស​ទាំង៤នាក់​ បានធ្វើ​ដំណើរ​មកដល់​ផែនដី​វិញ​ដោយ​សុវត្ថិភាព

អ្នកទេសចរណ៍អវកាស ទាំង៤នាក់ ដែលបានធ្វើដំណើរឡើងទៅលើអវកាស រយៈពេល​៣ថ្ងៃ ជាមួយនឹងយាន SpaceX បានចុះមកដល់ផែនដីវិញ ដោយសុវត្ថិភាព នៅថ្ងៃអាទិត្យ ទី​១៩កញ្ញានេះ។ នេះគឺជាការធ្វើដំណើរទៅកាន់​អវកាស ជាលើកទី១ ដោយ​គ្មានវត្តមាន​អវកាសយានិកជំនាញនៅក្នុងយាន។ ភាពជោគជ័យនេះ របស់ក្រុមហ៊ុន SpaceX នឹងបើកទំព័រសករាជថ្មី សម្រាប់វិស័យទេសចរណ៍អវកាស។

យាន SpaceX Crew Dragon ពេលចុះមកដល់សមុទ្រ ដោយ​មាន​ជំនួយ​ពីឆ័ត្រយោងធំ៤។ ថ្ងៃទី ១៨ កញ្ញា ២០២១
យាន SpaceX Crew Dragon ពេលចុះមកដល់សមុទ្រ ដោយ​មាន​ជំនួយ​ពីឆ័ត្រយោងធំ៤។ ថ្ងៃទី ១៨ កញ្ញា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

យាន SpaceX Crew Dragon បានចុះមកដល់ ផ្ទៃសមុទ្រអាត្លង់ទិក រដ្ឋហ្លូរីដា ម៉ោង៧ និង៦វិនាទី យប់ថ្ងៃសៅរ៍ ទី​១៨កញ្ញា។ អ្នកដំណើរទាំង៤នាក់ បានចេញ​ម្នាក់ម្តងៗ ពីយាននោះ ឡើងលើ​នាវាមួយទៀត ដែលគេសំចតចាំ ដើម្បីដឹកពួកគេ ទៅកាន់មជ្ឈមណ្ឌល​អវកាស Kennedy Cap Canaveral ។

នៅក្នុងសន្និសីទកាសែត តាមទូរស័ព្ទ បន្ទាប់ពី​ការត្រលប់មកដល់ របស់អ្នកទេសចរណ៍អវកាស លោក Todd Ericson អគ្គនាយក​ក្រុមហ៊ុន Inspiration4 ដែលជាអ្នកទទួលបន្ទុកចាត់ចែងប្រតិបត្តិការ​​ធ្វើដំណើរ របស់អ្នកទេសចរណ៍អវកាសនេះ បាន​ថ្លែងថា « សូមស្វាគមន៍ មកកាន់ ទំព័រទី២ នៃវិស័យអវកាស »។ ទំព័រទី២ ដែលជាទំព័រ នៃទេសចរណ៍អវកាស។

គួរបញ្ជាក់ថា នេះគឺលើកទី១ហើយ ដែលយានអវកាស បានដឹកមនុស្ស​ឡើងទៅលើខ្សែគន្លងផែនដី ដោយ​គ្មានវត្តមានអ្នកអវកាសយានិក ទៅជាមួយ។ យាន SpaceX បានចេកចេញពីផែនដី នាំយកអ្នកទេសចរណ៍ទាំង​៤នាក់ កាលពី​ថ្ងៃពុធទី១៥កញ្ញា វេលាម៉ោង៨យប់។ អ្នកដំណើរទាំង៤នាក់​ ដែលក្នុងនោះ មាន​មហាសេដ្ឋី Jared Isaacman សុទ្ធតែជាមនុស្សសាមញ្ញ មិនមានជំនាញ​អវកាសទេ។ តែមុននឹងឡើងទៅ អ្នកដំណើរទាំង៤នាក់ ត្រូវបាន​ទទួលការហ្វឹកហាត់សម រយៈពេល​៥ខែ ដើម្បីឲ្យស៊ាំជាមួយជីវិតលើអវកាស និងអាចដោះស្រាយបញ្ហាបន្ទាន់នានា នៅក្នុងយាននោះ។

គួរកត់សំគាល់ថា ទំព័រសករាជថ្មីនៃវិស័យអវកាស បានចាប់ផ្តើមបើក​ហើយ ជាមួយ​នឹង​ការហោះធ្វើដំណើរ ដឹកយកអ្នកទេសចរណ៍ឡើងទៅ។ កាលពីខែកក្កដាកន្លងទៅ យានរបស់ក្រុមហ៊ុន Virgin Galactic និងយានមួយទៀត របស់ក្រុមហ៊ុន Blue Origin ក៏បាននាំយកអ្នកទេសចរណ៍ ឡើងទៅលើអវកាសដែរ តែមានរយៈពេល​តែប៉ុន្មាននាទីតែប៉ុណ្ណោះ។

មានតែយានរបស់ក្រុមហ៊ុន​ SpaceX ទេ ដែលបាន​អនុញ្ញាតឲ្យអ្នកទេសចរណ៍ ស្ថិតនៅច្រើនថ្ងៃ នៅលើអវកាស។ ក្រុមហ៊ុន SpaceX បានអះអាងថា ជាមួយ​នឹងជោគជ័យនេះ មានមនុស្សកាន់តែច្រើន បានទាក់ទង ចង់ទិញសំបុត្រឡើងទៅ​អវកាស។ ជើងហោះហើរលើកក្រោយ ត្រូវគេគ្រោងធ្វើនៅ​ខែ​មករា ដើមឆ្នាំ​២០២២ ដោយ​ក្នុងនោះមាន​អ្នកដំណើរ សេដ្ឋីអ្នកជំនួញចំនួន​៣នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ