អានតួអត្ថបទ
កូវីដ១៩-ថ្នាំព្យាបាល

WHO/OMS ​អនុញ្ញាត​វិធីព្យាបាល​កូវីដ​​១៩ មួយទៀត ដោយ​ការចាក់​បញ្ចូល​​អង់ទីក័រ​សិប្បនិម្មិត

អង្គការសុខភាពពិភពលោក បានសម្រេច​អនុញ្ញាតជាផ្លូវការ នូវ​វិធីសាស្ត្រព្យាបាលជំងឺកូវីដ​១៩ មួយ​មុខទៀត ដោយ​ការ​​ចាក់​បញ្ចូលអង់ទីក័រ​សិប្បនិម្មិត ផលិត​​ដោយ​​មន្ទីរពិសោធន៍ Regeneron។ តែយ៉ាងណា វិធីព្យាបាលដែលមានតម្លៃថ្លៃខ្លាំងនេះ ត្រូវបានអ្នកជំនាញ​អង្គការ​សុខភាព​​ពិភពលោក ផ្តល់អនុសាសន៍ ថាអាចប្រើបាន តែក្នុងករណី​មួយចំនួនតូចតែប៉ុណ្ណោះ មិនមែនសម្រាប់អ្នកជំងឺកូវីដ​១៩ ទូទៅគ្រប់គ្នានោះទេ។

បុគ្គលិកពេទ្យ នៅ Sarasota Memorial Urgent Care Center រដ្ឋហ្វ្លូរីដា កំពុងត្រៀមចាក់ Regeneron monoclonal antibody ទៅកាន់អ្នកជំងឺកូវីដ១៩។  ថ្ងៃទី ២៣ កញ្ញា ២០២១
បុគ្គលិកពេទ្យ នៅ Sarasota Memorial Urgent Care Center រដ្ឋហ្វ្លូរីដា កំពុងត្រៀមចាក់ Regeneron monoclonal antibody ទៅកាន់អ្នកជំងឺកូវីដ១៩។ ថ្ងៃទី ២៣ កញ្ញា ២០២១ REUTERS - SHANNON STAPLETON
ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយ​របស់ទស្សនាវត្តីវេជ្ជសាស្ត្រ The BMJ អ្នកជំនាញរបស់អង្គការសុខភាព​ពិភពលោក បានផ្តល់អនុសាសន៍ថា ការប្រើវិធីព្យាបាលដោយ​ចាក់បញ្ចូលអង់ទីក័រសិប្បនិម្មិត អាចធ្វើទៅបាន​តែក្នុង២ករណីទេ។ ករណីទី១ គឺសម្រាប់​អ្នក​ជំងឺ ទោះបីមាន​អាការៈមិនធ្ងន់ធ្ងរខ្លាំង តែជាមនុស្សងាយប្រឈមបំផុត និងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឧទាហរណ៍ ដូចជាមនុស្សចាស់ជរា ដែមាន​ប្រព័ន្ធអង់ទីក័រការពារខ្លួន ចុះខ្សោយខ្លាំង នៅក្រោយការវះកាត់ជាដើម។ ចំណែក ករណីទី២ គឺសម្រាប់អ្នកជំងឺមួយចំនួន ដែលមានអាការៈឈឺធ្ងន់ធ្ងរ ក្រោយឆ្លងកូវីដ៩ ក៏ប៉ុន្តែប្រព័ន្ធសរីរាង្គកាយ​ នៅតែមិនកម្រើកផលិត​ចេញ​ជាអង់ទីក័រ។ ដោយឡែក សម្រាប់អ្នកជំងឺកូវីដ​១៩ ទូទៅផ្សេងទៀត អ្នកជំនាញអះអាងថា ការព្យាបាលដោយ​ការចាក់អង់ទីក័រសិប្បនិម្មិតបែបនេះ គឺមិនមានប្រយោជន៍ទេ។

ការសម្រេច​របស់​អង្គការសុខភាពពិភពលោក គឺដោយ​ផ្អែកលើលទ្ធផលសិក្សាសាកល្បង ទ្រង់ទ្រាយធំមួយចំនួន ជាក់ស្តែង ការសិក្សាអង្កេត​ Recovery នៅប្រទេសអង់គ្លេស ដែលបង្ហាញថា អង់ទីក័រសិប្បនិម្មិតនេះ អាចជួយ​សង្គ្រោះជីវិត អ្នកជំងឺកូវីដ ​ដែលឈឺធ្ងន់ខ្លាំង​​ ហើយដែលសរីរាង្គ មិនបានផលិតអង់ទីករ័ទាល់តែសោះ​។

សូមបញ្ជាក់ថា អង់ទីក័រសិប្បនិម្មិត ស្រាវជ្រាវផលិតដោយមន្ទីរពិសោធន៍ Regeneron នេះ គឺផ្សំដោយ​អង់ទីក័រ២ គឺ casirivimab និង imdevimab។ ចាក់បញ្ចូលទៅក្នុងសរសៃឈាម របស់អ្នកជំងឺកូវីដ១៩ អង់ទីក័រនេះអាចទៅជួយ​ជ្រោមជ្រែង ប្រព័ន្ធសរីរាង្គការពារខ្លួន ឲ្យទប់ទល់ជាមួយ​មេរោគ Sars-CoV-2។ គឺអង់ទីក័រនេះហើយ ដែលគេបាន​ចាក់សាកល្បង ទៅឲ្យ​លោកដូណាល់​ត្រាំ កាលពីពេលលោក​ឆ្លងកូវីដ​១៩ នៅ​ខែកញ្ញា ឆ្នាំ២០២០។

ចែកចាយ​ដោយ​មន្ទីរពិសោធន៍ Roche ដោយដាក់ឈ្មោះថា Ronapreve អង់ទីក័រសិប្បនិម្មិតនេះ មានតម្លៃប្រមាណ​ជា​ ២០០០ដុល្លារក្នុងមួយដូស។ ពោលគឺជាតម្លៃដ៏ថ្លៃ ហើយ​ដែលត្រូវ​អង្គការមួយចំនួន​រិះគន់ ព្រោះប្រជាជននៅតាម​ប្រទេសក្រីក្រ ដែលគ្មាន​ប្រព័ន្ធសុខាភិបាលរឹងមាំ នឹងគ្មានលទ្ធភាព​ បានវាមកព្យាបាលទេ។ ដោយហេតុនេះហើយ អង្គការសុខភាពពិភពលោក សហការជាមួយ ទីភ្នាក់ងារជាវឱសថអន្តរជាតិ Unitaid កំពុងតែចរចាជាមួយមន្ទីរពិសោធន៍ Roche ដើម្បីចរចាបញ្ចុះតម្លៃ។ អង្គការសុខភាពពិភពលោក ក៏បានស្នើសុំផងដែរ ឲ្យមន្ទីរពិសោធន៍នេះ ផ្ទេរបច្ចេកវិទ្យា ដើម្បីអនុញ្ញាតឲ្យគេអាចផលិត​ អង់ទីក័រប្រភេទនេះ ឲ្យ​បានច្រើន។

សូមរំលឹកថា វិធីព្យាបាល​កូវីដ​១៩ ដោយ​ការចាក់បញ្ចូល​អង់ទីក័រសិប្បនិម្មិតនេះ គឺជា​វិធីព្យាបាល​ទី៣ហើយ ដែលអង្គការសុខភាពពិភពលោកអនុញ្ញាតជាផ្លូវការ។ វិធីទីមួយ គឺជាប្រភេទថ្នាំ Corticoïdes និងទី២ គឺជាការផ្សំរវាង​ថ្នាំ Antagonistes de l'interleukine 6 ជាមួយនឹង​ថ្នាំ Corticoïdes៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ