អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

Zalmay Khalilzad ប្រេសិត​អាេមរិក​ក្នុងកិច្ចការ​អាហ្វហ្កានីស្ថាន លាឈប់​ពី​តំណែង ក្រោយ​​បរាជ័យ​​ដ៏អាម៉ាស

លោក Zalmay Khalilzad ប្រេសិតតំណាងសហរដ្ឋអាេមរិក ក្នុង​ការចរចាសន្តិភាព​ នៅអាហ្វហ្កានីស្ថាន បានសម្រេចចិត្តលាឈប់ពីមុខងារនេះហើយ។ នេះបើយោងតាម​ការបញ្ជាក់ ពីលោករដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃចន្ទ ទី​១៨តុលា ម្សិលមិញ។ លោក​ Zalmay Khalilzad គឺជា​អ្នកដឹកនាំ​ការចរចា ឈានទៅសម្រេច​កិច្ចព្រមព្រៀងសន្តិភាព​ ជាមួយ​ក្រុមតាលីបង់ កាលពីខែកុម្ភៈ ឆ្នាំ​២០២០ តែទីបំផុតក្រុមតាលីបង់បានឈានមកកាន់អំណាចវិញដោយផ្តាច់មុខ រីឯអាមេរិក ត្រូវដកទ័ព និងជម្លៀសមនុស្សយ៉ាងតក់ក្រហល់បំផុត កាលពីចុងខែ​សីហាកន្លងទៅ។

លោក Zalmay Khalilzad ឆ្លើយ​បំភ្លឺនៅមុខ​សភាអាមេរិក អំពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាងអាមេរិក និង​ក្រុមតាលីបង់។ ថ្ងៃទី ២០ ឧសភា ២០២១
លោក Zalmay Khalilzad ឆ្លើយ​បំភ្លឺនៅមុខ​សភាអាមេរិក អំពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាងអាមេរិក និង​ក្រុមតាលីបង់។ ថ្ងៃទី ២០ ឧសភា ២០២១ AP - Jose Luis Magana
ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនេះទៅ មុខងារប្រេសិតពិសេសតំណាងរដ្ឋាភិបាលអាមេរិក ក្នុងកិច្ចការអាហ្វហ្កានីស្ថាន នឹងត្រូវប្រគល់ទៅឲ្យ​លោក Thomas West ដែលធ្លាប់ជាអតីតទីប្រឹក្សា​សេតវិមាន​ កាលពីក្នុងអាណត្តិលោក​អូបាម៉ា។ នេះបើតាមការបញ្ជាក់ ក្នុងលិខិតប្រកាសដ៏ខ្លី របស់​លោក អង់តូនី ប្លីងកិន ប្រមុខការបរទេសអាមេរិក។

នៅក្នុងលិខិតលាឈប់ ​លោក Zalmay Khalilzad បាន​លើកឡើងការពារ​អ្វីដែលសម្រេចបាន នៅក្នុង​បេសកកម្ម​កន្លងមក ក្នុងសំណុំរឿងអាហ្វហ្កានីស្ថាន តែលោកក៏បាន​ទទួលស្គាល់ផងដែរអំពីបរាជ័យ។ លោក​​បានសរសេរថា៖ « កិច្ចព្រមព្រៀងសន្តិភាព​ជាមួយ​ក្រុមតាលីបង់ មិនបាន​ប្រព្រឹត្តិធ្វើទៅ ដូចអ្វីដែលបានគ្រោងទុកទេ។ វាបណ្តាល​មកពី​ ហេតុផលស្មុគស្មាញច្រើនណាស់ ដែលខ្ញុំនឹងជំរាបឲ្យ​ដឹង ពីការយល់ឃើញ របស់ខ្ញុំនៅពេលក្រោយ »។

សូមបញ្ជាក់ថា លោក Zalmay Khalilzad ដែលមានដើមកំណើតអាហ្វហ្កានីស្ថាន បច្ចុប្បន្នអាយុ៧០ឆ្នាំ ត្រូវបាន​គេស្គាល់ថា​ ជា​អ្នកការទូតដ៏ឆ្នើមម្នាក់ តាំងពីជំនាន់អាណត្តិលោក George W. Bush។ លោកធ្លាប់ជាអគ្គរដ្ឋទូតអាេមរិក ប្រចាំអាហ្វហ្កានីស្ថាន រវាងឆ្នាំ២០០៣-២០០៥។ នៅឆ្នាំ​២០១៨ លោកដូណាល់ ត្រាំ បានតែងតាំងលោកឲ្យធ្វើជាប្រេសិត​ពិសេស ដឹកនាំការចរចាសន្តិភាពជាមួយ​ក្រុមតាលីបង់ដោយ​ផ្ទាល់តែម្តង។

ថ្ងៃទី២៩ កុម្ភៈ ២០២០ នៅទីក្រុងដូហា អាមេរិកបានចុះកិច្ចព្រមព្រៀងសន្តិភាព ​ជាមួយ​ក្រុមតាលីបង់ ដោយអាេមរិកសន្យាដកទ័ពចេញ ចុងខែ​ឧសភាឆ្នាំ​២០២១ រីឯក្រុមតាលីបង់វិញសន្យាមិនវាយ​ប្រហារអាមេរិក និងសម្ព័ន្ធមិត្ត ហើយ​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុមភេរវកម្មទាំងអស់ រាប់ទាំងក្រុមអាល់កៃដា និងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ លោក Zalmay Khalilzad តែងតែបានអះអាងជានិច្ច ថាក្រុមតាលីបង់ នឹងគោរពការ​សន្យា ហើយព្រមធ្វើសម្បទាន ដើម្បី​រៀបចំសន្តិភាព​នៅ​អាហ្វហ្កានីស្ថាន។ តែទីបំផុត ការពិតជាក់ស្តែង គឺក្រុម​តាលីបង់ បានត្រលប់មកកាន់អំណាច​វិញ ដោយ​ដាច់មុខតែម្នាក់ឯង និងដោយ​មិនគោរពការសន្យាទាំងឡាយ នៅក្នុងកិច្ចព្រមព្រៀងក្រុងដូហា។ រូបភាព​នៃការដកទ័ព ជម្លៀសមនុស្ស​យ៉ាកតក់ក្រហល់ ចេញ​ពីក្រុងកាប៊ុល កាលពីចុងខែសីហា បាន​ក្លាយ​ជាភាពអាម៉ាសដ៏ជូរចត់របស់អាមេរិក ក្នុងរយៈពេល​២០ឆ្នាំនៃសង្គ្រាមអាហ្វហ្កានីស្ថាន។

គួរកត់សំគាល់ដែរថា អំណេះតទៅ សំណុំរឿងអាហ្វហ្កានីស្ថាន ហាក់កំពុងតែធ្លាក់ទៅក្នុងដៃរុស្ស៊ី និង​ ចិនហើយ។ នៅថ្ងៃអង្គារទី​១៩តុលានេះ នៅក្រុងម៉ូស្គូ រុស្ស៊ីនឹងចាប់ផ្តើម​បើក​ការ​ប្រជុំចរចា លើសំណុំរឿងអាហ្វហ្កានីស្ថាន ដោយ​មាន ចិន និងប៉ាគីស្ថានចូលរួមដែរ​។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាេមរិក បានបញ្ជាក់ថា អាមេរិកនឹងមិនចូលរួម​ក្នុងកិច្ចប្រជុំនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ