អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-កូវីដ

កូវីដ១៩ ៖ អាមេរិក​អនុញ្ញាត​ឱ្យ​ចាក់វ៉ាក់សាំង Pfizer-BioNTech លើ​កុមារ​អាយុ​ពី ៥ ​ទៅ ១១ឆ្នាំ

គណៈកម្មការ​ជំនាញអាមេរិក បាន​ផ្តល់​ការ​អនុញ្ញាត​នៅ​ថ្ងៃ​អង្គារ​ទី ២៦​តុលា ឱ្យ​ប្រើ​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ​១៩​ របស់​ក្រុមហ៊ុន​ Pfizer សម្រាប់​ចាក់​លើ​កុមារ​អាយុ​ពី ៥-១១ឆ្នាំ។ ជាមួយ​សេចក្តី​អនុញ្ញាតនេះ យុទ្ធនាការចាក់​ថ្នាំ​បង្ការកូវីដ​​លើកុមារនៅ​អាមេរិក​ អាចនឹង​​ចាប់​ផ្តើម​ ពី​​ដើម​ខែ​វិច្ឆិកា​នេះទៅ​​តែ​ម្តង​។ កុមារនឹងត្រូវ​ចាក់​វ៉ាក់សាំង​ចំនួនពីរដូស ដោយ​ឃ្លាត​គ្នា​ចំនួនបី​សប្តាហ៍ ហើយ​ក្នុង​មួយដូសៗ​មាន​បរិមាណ​តិច​ជាង​ដូស​របស់​​មនុស្សធំ។

វ៉ាក់សាំងPfizer សម្រាប់កុមារអាយុ៥-១១ឆ្នាំ
វ៉ាក់សាំងPfizer សម្រាប់កុមារអាយុ៥-១១ឆ្នាំ AP
ផ្សាយពាណិជ្ជកម្ម

ប្រជុំ​ដោយ​គ្រូពេទ្យ​ជំនាញ​រោគសាស្ត្រ ជំងឺ​ឆ្លង​ ឬ​ជំងឺ​កុមារ ​គណៈកម្មការ​ឯករាជ្យអាមេរិក បាន​ពិនិត្យ​វិភាគ​ទិន្នន័យ​របស់​អាជ្ញាធរ​សុខាភិបាលជាតិ​និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងPfizer/BioNtech  ដោយ​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​អ៊ីនធ័រនែត​ និង​ប្រកាស​ទទួល​ស្គាល់​ថា​ថ្នាំ​បង្កា​រ​ពិត​ជា​បាន​ផ្តល់​ផល​ល្អដល់​ក្មេង​អាយុពី​៥-១១​ឆ្នាំ​ ច្រើន​ជាង​ផ្តល់​ផលរំខានឆ្ងាយណាស់។

បើ​តាម​គណៈកម្មការ ក្មេង​មិនប្រាកដ​ជា​រួច​ខ្លួន​យក​ឈ្នះ​កូវីដ១៩បានទេ។ នៅ​អាមេរិក​កុមារ​ ជាង​១,៩លាន​​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺកូវីដ​ ក្នុងនោះ​ជាង​៨៣០០នាក់​ឈឺធ្ងន់​ត្រូវ​ចូលសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជាង​មួយរយនាក់​បាន​ស្លាប់។ ថ្វីបើ​ក្មេង​ភាគ​ច្រើន​ គ្មាន​រោគសញ្ញា​កូវីដមែន តែ​ក្មេង​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ទៅ​មនុស្សធំ និង​ នៅ​ពេល​បាន​ឆ្លងវីរុស​​កូវីដ ក្មេង​អាច​មាន​ជំងឺ​រលាក​ផ្ទៃ​នៃ​សរសៃ​ឈាម​ syndrome inflammatoire multi-systémique pédiatrique (MIS-C)ឬ​មាន​ជំងឺ​កូវី​ដ​រ៉ាំរ៉ៃ (អស់​មេរោគ​កូវីដហើយ​ បន្ត​ឈឺ​​រយៈ​ពេល​វែង)។ នេះ​ជា​ការ​លម្អិត​របស់​គណៈកម្មការ។

បើ​តាម​លទ្ធផល​សាកល្បង​របស់​ក្រុមហ៊ុន ​ថ្នាំ​បង្ការ Pfizer មាន​ប្រសិទ្ធភាព​អាច​ការពារ​កុមារ​អាយុ៥-១១ឆ្នាំ មិន​ឱ្យ​ឆ្លង​មាន​រោគ​សញ្ញា​កូវីដ បាន​ដល់​ទៅ ៩០,៧%។ ចំណែក​ហានិភ័យ​ឬ​ផល​រំខាន​របស់​ថ្នាំបង្ការ​ បង្ក​ឱ្យ​មាន​ជំងឺរលាក​សាច់​ដុំ​បេះដូង ដែលគេ​សង្កេត​ឃើញ​មាន​កើត​​រួច​មក​ហើយ​លើ​ក្មេង​ជំទង់​ និង​ក្មេង​ពេញវ័យ​ (ភាគច្រើន​ភេទ​ប្រុស) ក្រោយ​ការ​ចាក់​វ៉ាក់សាំងPfizer និង Moderna ត្រូវ​បានលើ​កមក​ជជែក​យ៉ាង​លម្អិត។ ប៉ុន្តែ​នៅ​ក្នុង​ការ​សាកល្បង​​លើ​កុមារ​ជាង​៣០០០នាក់ គ្មាន​នរណាម្នាក់​មាន​សញ្ញា​រោគ​រលាកសាច់​ដុំ​បេះ​ដូង​ទេ។ អ្នក​ជំនាញ​គិត​ថាផលរំខាន​កម្រ​កើតមាន​លើ​កុមារ​ណាស់ ព្រោះ​ផលរំខាន​នេះ​មាន​ពាក់​ព័ន្ធ​នឹង​កំរិត​​អ័រមូន​Testerone ដែល​​ក្មេង​ជំទង់និង​ទើប​ពេញ​វ័យ​ឡើង​ខ្លាំង​។ ហានិភ័យ​សូន្យ​គ្មានទេ តែ​ថ្នាំបង្ការ​ពិត​ជា​ផ្តល់​ផល​ល្អ​ខ្លាំង​ជាង​ច្រើន។

កុមារ​ក៏​ដូច​ជាមនុស្ស​ធំ នឹងត្រូវ​ចាក់​វ៉ាក់សាំង​ចំនួនពីរដូស ដោយ​ឃ្លាត​គ្នា​ចំនួនបី​សប្តាហ៍ ហើយ​ក្នុង​មួយដូសៗ​មាន​បរិមាណ​តែ​១០មីក្រូក្រាម មិនមែន​៣០មីក្រូក្រាម​ដូច​មនុស្សធំទេ។ ប៉ុន្តែ តើ​នឹង​មានកុមារ​អាមេរិក​ប៉ុន្មាន​នាក់​ព្រមទៅ​ចាក់​ ? បើតាមការ​ស្ទង់​មតិ ឪពុកម្តាយ​ចំនួន​មួយភាគ​បី​ប្រកាស​ត្រៀម​នាំ​កូន​ទៅ​ចាក់​ភ្លាម មួយភាគបី​ កំពុង​ពិចារណា និង​មួយភាគបី​ទៀត មិន​ឱ្យ​កូន​ចាក់ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ