អានតួអត្ថបទ
NASA-អវកាស

Nasa បង្ហោះយាន ​ទៅ​សាកល្បង​​បង្វែរ​ទិស​ដុំអាចម៌ផ្កាយ​​មួយ ឲ្យ​​ចៀសឆ្ងាយ​​កុំឲ្យ​​ហោះ​មក​បុក​ផែនដី

កាលពីយប់ថ្ងៃអង្គារ ទី២៣វិច្ឆិកា ទីភ្នាក់ងារអវកាស​Nasa អាមេរិក បានបាញ់បង្ហោះយានមួយ ដែលយាន​នេះ នឹង​មានតួនាទី​ ហោះទៅបុកដុំអាចម៌ផ្កាយមួយ ស្ថិតនៅចម្ងាយ ប្រមាន​១១លានគីឡូម៉ែត្រ ពីផែនដី។ នេះគឺជាការធ្វើតេស្តសាកល្បង ដើម្បី​បង្វែរ​ទិសដៅហោះ របស់​ដុំអាចម៌ផ្កាយ កុំឲ្យវាហោះមក​បុក​នឹងផែនដី នៅថ្ងៃខាងមុខ។

យានទម្រ SpaceX Falcon 9 កំពុងបញ្ឈរចាំហោះនាំ Double Asteroid Redirection Test (DART) ឡើងទៅធ្វើបេសកកម្ម​សាកល្បង បុកដុំអាចម៌ផ្កាយ។ Vandenberg Space Force Base ថ្ងៃទី ២៣ វិច្ឆិកា ២០២១
យានទម្រ SpaceX Falcon 9 កំពុងបញ្ឈរចាំហោះនាំ Double Asteroid Redirection Test (DART) ឡើងទៅធ្វើបេសកកម្ម​សាកល្បង បុកដុំអាចម៌ផ្កាយ។ Vandenberg Space Force Base ថ្ងៃទី ២៣ វិច្ឆិកា ២០២១ © Bill Ingalls/NASA via AP
ផ្សាយពាណិជ្ជកម្ម

ម៉ោង១០ និង២១នាទីយប់ ថ្ងៃអង្គារទី​២៣វិច្ឆិកា យាន Dart (Double Asteroid Redirection Test) ត្រូវបាន​បាញ់បង្ហោះ ឡើងទៅលើ ចេញពីស្ថានីយ៍អវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រ​ញ៉ា។ យានដែលមានទំហំ ប៉ុនកូនឡាននេះ ត្រូវបានបាញ់បង្ហោះ ដោយ​យានទម្រ Falcon 9 របស់ក្រុមហ៊ុនSpaceX មុននឹងផ្តាច់ខ្លួនចេញ នៅប៉ុន្មាន​នាទីក្រោយមក។

យាន Dart នឹងបន្តដំណើរ ក្នុងរយៈចំងាយ​ប្រមាណ ១១លានគីឡូមែត្រ ដោយ​ត្រូវចំណាយពេល ចំនួន១០ខែ ដើម្បីទៅជួប​នឹងដុំអាចម៌​ផ្កាយ​មួយ ឈ្មោះ Dimorphos ដែលមានអង្កត់ផ្តិច​ ​ប្រវែងប្រមាណ​ជា​១៦០ម៉ែត្រ។ ក្នុងល្បឿន ២៤០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង យាន​Dart នឹងបោះទៅបុក Dimorphos ដើម្បី​បង្វែរទិសខ្សែគន្លងហោះ របស់​ដុំអាចម៌ផ្កាយនេះ។ Dimorphos គឺជាដុំ​អាចម៌​ផ្កាយមួយ រណបនឹងអាចម៌​ផ្កាយធំមួយទៀត ឈ្មោះ Didymos ដែលមានអង្កត់ផ្ចិតប្រមាណ​ជា​ ៧៨០ម៉ែត្រ។

យោងតាមអ្នកជំនាញ Dimorphos មានខ្សែគន្លងហោះជុំវិញ Didymos ដោយ​ប្រើរយៈពេល ១១ម៉ោង និង​៥៥នាទី។ ជាមួយនឹង​កម្លាំងបុករបស់ យាន Dart គេរំពឹងថា នឹងអាចប្តូរខ្សែគន្លងនេះ ដោយ​កាត់បន្ថយ​ចំនួន ១០នាទី។ លោក Tom Statler អ្នកជំនាញនៅ Nasa អះអាងថា ១០នាទីតិចមែន តែវាអាចគ្រប់គ្រាន់ ដើម្បីបញ្ចៀសបង្វែខ្សែគន្លងរបស់ដុំអាចម៌ផ្កាយមួយ កុំឲ្យ​វាហោះមក​បុកនឹងផែនដី។ តែយ៉ាងណា លទ្ធផលសាកល្បងបានល្អកម្រិតណា គឺវាអាស្រ័យទៅលើធាតុផ្សំនៃម៉ាសរបស់​ដុំអាចម៌ផ្កាយនោះដែ​រ ថាតើវាដុំថ្មរឹង ឬក៏ជា​ថ្មផុយ ងាយ​បែកជាកំទេចតូចៗ នៅពេលណាមានអ្វីមួយហោះទៅបុក។

យោងតាម​ ទីភ្នាក់ងារអវកាស​ Nasa ខ្សែគន្លងហោះរបស់​ដុំអាចម៌ផ្កាយ Dimorphos មិនបង្កគ្រោះថ្នាក់អ្វីដល់ផែនដីនោះទេ។ តែគេបានជ្រើសរើសវា ដើម្បីធ្វើការសាកល្បង។ Nasa អះអាងថាបើបានជោគជ័យ បច្ចេកទេសទេសនេះ នឹងអាចការពារភពផែនដី ព្រមទាំងអាយុជីវិតមនុស្សជាតិ​ ពីការហោះបុករបស់ដុំអាចម៌ផ្កាយនានា នៅក្នុងពេលអនាគត។

លោក Thomas Zurbuchen ប្រធានផ្នែកវិទ្យាសាស្ត្រនៃបេសកកម្ម តម្លៃ៣០០លានដុល្លារ​នេះ បាន​លើកឡើងថា បច្ចុប្បន្ន Nasa បានស្រង់ទិន្នន័យ​ ស្គាល់ចំនួន​អាចម៌ផ្កាយ ប្រមាណ​ជាង​ ២៧៥០០ដុំ ក្នុងទំហំធំតូចខុសៗគ្នា ដែល​នៅក្បែរ​​ផែនដី តែអាចម៌ផ្កាយ​ទាំងនេះ មិន​បង្កគ្រោះថ្នាក់អ្វីមក​លើ​ផែនដីទេ។ ក៏ប៉ុន្តែ អ្នកជំនាញរូបនេះអះអាងថា អ្នកវិទ្យាសាស្រ្ត​ស្គាល់តែ៤០% នៃចំនួនអាចម៌ផ្កាយ​ ដែលមានទំហំ ចាប់ពី១៤០ម៉ែត្រទៅតែប៉ុណ្ណោះ។ ដូច្នេះ វានៅមាន​អាចម៌ផ្កាយ​ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត ដែលគេត្រូវស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា អភិវឌ្ឍន៍​បច្ចេកទេស ការពារផែនដី កុំឲ្យ​មានដុំអាចម៌ផ្កាយ​ហោះមកបុក ទៅថ្ងៃអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ