អានតួអត្ថបទ
ចិន-អាហ្សង់ទីន

អាហ្សងទីន​ចុះ​កិច្ចព្រមព្រៀង​ជាមួយចិន ចូលរួម​​ក្នុង​​គម្រោង​ផ្លូវមួយ​​ខ្សែ​ក្រវ៉ាត់​មួយ

កាលពីថ្ងៃទី៦កុម្ភៈ អាហ្សង់ទីន បានចុះកិច្ចព្រមព្រៀងជាមួយចិន ដើម្បីចូលរួម​ក្នុងគម្រោង​ផ្លូវសូត្រថ្មី ឬហៅថាផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ។ ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបាន​ធ្វើឡើង ដោយ​លោក​ប្រធានាធិបតី​អាហ្សង់ទីន ជាមួយ​និងលោក​ស៊ី ជីនពីង ក្នុងពេលដែល​លោក បានទៅ​ចូលរួម​កម្មវិធី​សម្ពោធកីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង។

លោក​ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez និង លោកប្រធានាធិបតីចិន ក្នុងពេលជួប​គ្នា​នៅទីក្រុងប៉េកាំង ថ្ងៃទី ៦ កុម្ភៈ ២០២២
លោក​ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez និង លោកប្រធានាធិបតីចិន ក្នុងពេលជួប​គ្នា​នៅទីក្រុងប៉េកាំង ថ្ងៃទី ៦ កុម្ភៈ ២០២២ AFP - -
ផ្សាយពាណិជ្ជកម្ម

យោងតាមការ​ផ្សាយ​របស់ទូរទស្សន៍ចិន CCTV កាលពីថ្ងៃអាទិត្យ​ទី​៦កុម្ភៈ លោក Alberto Fernandez ប្រធានាធិបតី​អាហ្សង់ទីន បានចុះហត្ថលេខាជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​ ​នៅទីក្រុង​ប៉េកាំង លើកិច្ចព្រមព្រៀង រួមសហការគ្នាលើកកំពស់មហាគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់​មួយ​។ ចាប់ពីពេលនេះទៅ អាហ្សង់ទីន នឹងចូលរួមជាផ្លូវការនៅក្នុងគម្រោង​ផ្លូវសូត្រថ្មីរបស់ចិន​។

គួររំលឹកថា គម្រោង​ផ្លូវសូត្រថ្មី ឬហៅថា​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយរបស់ចិន គឺជាគម្រោងដ៏ធំមហាសាល ដែលចិនមានបំណងតភ្ជាប់ ខ្សែបណ្តាញ​ ហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់ទ្វីបទាំងអស់។ តាមរយៈការសាងសង់ផ្លូវថ្នល់ ស្ពាន កំពង់ផែ ព្រលាន​យន្តហោះ​ និងសួន​ឧស្សាហកម្មធំៗ នៅតាម​ប្រទេសនានាដែលចូលរួម គម្រោងនេះ​នឹងបើក​ផ្លូវ​ តភ្ជាប់​បណ្តាញពាណិជ្ជកម្ម​ និងទីផ្សារដ៏ធំទូលាយ​សម្រាប់សេដ្ឋកិច្ចចិន។

យោងតាមតួលេខផ្លូវការ គិតមកត្រឹមពេលនេះ ចិន​បានចុះកិច្ចព្រមព្រៀងជាមួយ​ប្រទេសចំនួន​ ១៥០ប្រទេសហើយ។ ក្រសួងពាណិជ្ជកម្មចិនអះអាងថា ក្នុងឆ្នាំ​២០២១កន្លងទៅ ក្រុមហ៊ុន​ចិន​បានវិនិយោគចំនួន ប្រមាណ​២ម៉ឺនលានដុល្លារ នៅក្នុង​ផែនការ​នានា ស្ថិតក្នុង​គម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ​។​

តែយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ​មួយចំនួន គម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន បានតម្រូវឲ្យ​មាន​វិនិយោគសាងសង់ដ៏ច្រើនសន្ធឹកសន្ធាប់​ តាមរយៈថវិកាកម្ចីដែលប្រទេសសាម៉ី ត្រូវចុះកិច្ចសន្យាជាមួយ​ចិន ឬក្រុមហ៊ុនចិន។ សំណង់ហេដ្ឋារចនាសម្ព័ន្ធខ្លះ មិនបាន​ផ្តល់​ផល​ប្រយោជន៍ជាក់ស្តែង ទៅឲ្យ​ប្រជាជនម្ចាស់ស្រុកទេ។ សម្រាប់ប្រទេសក្រីក្រ​មួយចំនួន ផែនការវិនិយោគរបស់ចិន អាចជា​អន្ទាក់បំណុល ដែលទីបំផុត ចិន​អាចប្រមូលក្តោបក្តាប់ គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រតែម្តង។ ជាក់ស្តែងដូចករណីនៅស្រីលង្ការ ដែលក្រោយ​ពេល​គ្មា​នប្រាក់​សងការប្រាក់ រដ្ឋស្រីលង្ការត្រូវបង្ខំចិត្តប្រគល់កំពង់ផែដ៏ធំរបស់ខ្លួន ឲ្យ​ចិនគ្រប់គ្រង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ