អានតួអត្ថបទ
អាមេរិក-នយោបាយ

លោក​បៃដិន​ត្រូវ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​នៅ​មុខ​សភា​ពេញ​អង្គ​ក្នុង​បរិបទ​នៃ​វិបត្តិ​ជុំទិស

នៅថ្ងៃ​អង្គារ​ ទី១ មីនា ឆ្នាំ២០២២​នេះ ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន​ នឹង​ត្រូវ​ថ្លែង​សុន្ទរក​ថា​ប្រចាំឆ្នាំ​នៅ​ចំពោះ​មុខសភា​ពេញអង្គ​។ ប្លែក​ជាង​សព្វដង​ សុន្ទរកថា​របស់​លោក​បៃដិននៅ​ពេលនេះ​ធ្វើឡើង​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​ជុំទិស​រួម​មាន​ទាំង​សង្រ្គាម​អ៊ុយក្រែន និង​បញ្ហា​នយោបាយ​ក្នុង​សហរដ្ឋអាមេរិកផង​។

លោកចូ បៃដិន ប្រធានាធិបតីអាមេរិក។
លោកចូ បៃដិន ប្រធានាធិបតីអាមេរិក។ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

ឡើង​គ្រប់គ្រង​ប្រទេស​អាមេរិករយៈពេល​មួយឆ្នាំមកនេះ​ លោកចូ បៃដិនបាន​ជួប​ប្រឈម​បញ្ហា​ជាច្រើន​មានតាំងពី​វិបត្តិនយោបាយនៅក្នុងប្រទេស​ ការសម្រេច​ដកកងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន វិបត្តិកូវីដ១៩ ហើយ​ថ្មីចុងក្រោយបង្អស់គេនេះ​គឺការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​។ សង្គ្រាមនៅអ៊ុយក្រែន​ដែល​បាន​រុញច្រានឲ្យទំនាក់ទំនងអាមេរិក-រុស្ស៊ីធ្លាក់ចុះ​ខ្លាំង​ហៅ​លែង​ឮរាប់​ចាប់​តាំ​ពី​សម័យ​ចាប់​តាំងពីសង្គ្រាមត្រជាក់មក​។

ទោះជាបែបនេះក្តី​ គេរំពឹងថា​នៅពេល​ថ្លែងនៅមុខ​សភាពេញអង្គ​នាថ្ងៃអង្គារនេះ​ លោក​ប្រធានាធិបតីអាមេរិកបៃដិននឹង​និយាយសង្កត់ធ្ងន់​ពី​ភាពវិជ្ជមាន​ដោយជំរុញ​​ស្ដារ​សុទិដ្ឋិនិយម ​ក្នុងចំណោម​ពលរដ្ឋអាមេរិក​ឡើងវិញ​។

ជាកស្តែង នៅពេលដែលត្រូវបាន​អ្នកសារព័ត៌មាន​ ABC News សួរ​ថាតើអ្វីជាចំណុចសំខាន់​ដែល​នឹង​មាន​នៅ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​អាមេរិកវ័យ ៧៩ឆ្នាំ?​ អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី​ ជែន សាគី ឆ្លើយតបវិញថា​គឺជំនឿ​របស់លោក​លើភាពខ្លាំង​ធន់​របស់​ពលរដ្ឋ​អាមេរិក​និងកម្លាំង​របស់ពលរដ្ឋអាមេរិក​។

គួរជ្រាបថា​ ក្រៅតែវិបត្តិខាងក្រៅ​ប្រទេស នៅក្នុង​សហរដ្ឋអាមេរិកផ្ទាល់​ក៏​មាន​បញ្ហា​នយោបាយ​ បញ្ហា​លទ្ធិប្រជាធិបតេយ្យ​អាមេរិកដែលរង​ការគំរាមកំហែង​ ចំណែក​ការការបែកបាក់គ្នា​ក្នុង​ចំណោម​ប្រជាជនអាមេរិកាំងនៅតែមាន​ដែរចាប់តាំងពី​ហេតុការណ៍​ចូលលុកលុយ​វិមាន​កាពីតូល​កាលពីខែមករា ​ឆ្នាំ ២០២១មក​។

ម្ចាស់​សេតវិមានអាមេរិក​លោក បៃដិន អះអាងថា​រដ្ឋបាល​របស់​លោក​កំពុង​បំពេញ​ពាក្យ​សន្យាដ៏ធំ​រួមមានតាំងពី​ការ​បង្រួបបង្រួមជាតិ​ បញ្ចប់វិបត្តិកូវីដ និង​ការ​ស្ដារកិត្យានុភាព​អាមេរិក​នៅលើ​ពិភពលោក​។

នៅក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ចុងសប្តាហ៍​កន្លងទៅនេះ​ លោកចូ បៃដិន បាន​លើកឡើង​ពី​មតិ​របស់​លោក​ដែលថា​សហរដ្ឋអាមេរិក​កំពុងដើរ​ចេញពី​បញ្ហាមួយចំនួនបើទោះបីជា​វាមាន​ដំណើរយឺត​ក៏ដោយចុះ​ តែវាដើរ​ឆ្ពោះទៅមុខ​សន្សឹមៗហើយ​។ ក៏​ប៉ុន្តែ​ពលរដ្ឋអាមេរិក​មិន​យល់​ស្របឡើយទៅនឹង​ការ​លើកឡើង​របស់​លោកនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ