អានតួអត្ថបទ
វ៉េណេស៊ុយអេឡា-អាមេរិក

វ៉េណេស៊ុយអេឡា ​ដោះលែង​អ្នកទោស​​ជនជាតិ​​អាមេរិក​២នាក់ ក្រោយ​​ប្រេសិត​​អាមេរិក​ទៅជួប​​​លោក​​ម៉ាឌូរ៉ូ

នៅថ្ងៃពុធទី៩មីនា ក្រសួងការបរទេសអាមេរិក បានបញ្ជាក់​ឲ្យដឹងថា វេណេស៊ុយអេឡា បានដោះលែងអ្នកទោស ជនជាតិអាមេរិក ចំនួន​២នាក់។ នេះគឺជាការបោះជំហាន​ថ្មី ក្នុងការស្តារទំនាក់ទំនង រវាង​វ៉េណេស៊ុយអេឡា និង​សហរដ្ឋអាមេរិក បន្ទាប់ពី​ប្រេសិត តំណាងលោកចូ បៃដិន បានទៅជួប​លោក​ នីកូឡា ម៉ាឌូរ៉ូ កាលពី​ថ្ងៃចន្ទដើម​សប្ដាហ៍​​នេះ​។ វាជាអាចមធ្យោបាយ​មួយសម្រាប់អាមេរិក ដើម្បីចាប់ផ្តើម​នាំចូល​ប្រេងពីវ៉េណេស៊ុយអេឡាឡើងវិញ​ ខណៈដែលខ្លួន ទើបតែ​បាន​សម្រេច​ឈប់នាំចូលប្រេងរបស់រុស្ស៊ី។

រូបថតបង្ហោះដោយ​ក្រសួង​ការបរទេសវ៉េណេស៊ុយអេឡា នៅលើបណ្តាញ​ Twitter ថ្ងៃទី ៨ មិថុនា ២០២០ បង្ហាញឲ្យ​អ្នកទោស​ទាំង៦នាក់ ដែលជាបុគ្គលិក​របស់​​ក្រុមហ៊ុន​ប្រេង  CITGO ហើយដែលត្រូវតុលាការវ៉េណេស៊ុយអេឡា ចោទពីបទពុករលួយ។​
រូបថតបង្ហោះដោយ​ក្រសួង​ការបរទេសវ៉េណេស៊ុយអេឡា នៅលើបណ្តាញ​ Twitter ថ្ងៃទី ៨ មិថុនា ២០២០ បង្ហាញឲ្យ​អ្នកទោស​ទាំង៦នាក់ ដែលជាបុគ្គលិក​របស់​​ក្រុមហ៊ុន​ប្រេង CITGO ហើយដែលត្រូវតុលាការវ៉េណេស៊ុយអេឡា ចោទពីបទពុករលួយ។​ AP
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាសរបស់​លោក​អង់តូនី ប្លីងកិន អ្នកទោសជនជាតិអាមេរិក ចំនួន​២នាក់ត្រូវបាន​អាជ្ញាធរវ៉េណេស៊ុយអេឡា ដោះលែង និងបានធ្វើដំណើរមកដល់សហរដ្ឋវិញហើយ នៅថ្ងៃពុធទី​៩មីនា។ អ្នកទោសទាំង២នាក់នោះ គឺ ឈ្មោះ Gustavo Cardenas និង Jorge Alberto Fernandez។ លោក អង់តូនី ប្លីងកិន បានសម្ដែង​ការអបអរ និងបានអំពាវនាវ ឲ្យ​វ៉េណេស៊ុយអេឡា ដោះលែងអ្នកទោសអាមេរិកទាំងអស់​​ ដែល​វ៉េណេស៊ុយអេឡា បានចាប់បង្ឃាំងដោយ​អយុត្តិធម៌។

គួរបញ្ជាក់ថា លោក Gustavo Cardenas គឺជាអតីតនាយក​សាខា​ក្រុមហ៊ុន​ប្រេងជាតិវ៉េណេស៊ុយអេឡា  PDVSA ប្រចាំនៅសហរដ្ឋអាមេរិក។ លោកត្រូវបាន​តុលាការ​វ៉េណេស៊ុយអេឡា ផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារ ដោយចោទពីបទពុករលួយ កាលពីឆ្នាំ២០១៧ ជាមួយនឹងមនុស្ស​៥នាក់ផ្សេងទៀត ក្នុងនោះជនជាតិអាមេរិក ដើមកំណើតវ៉េ​ណេស៊ុយអេឡា ៤នាក់ និងជនជាតិវ៉េណេស៊ុយអេឡា កាន់បណ្ណស្នាក់នៅអចិន្ត្រៃយ៍អាមេរិក១នាក់ផងដែរ​​។ អង្គការសិទ្ធិមនុស្សមួយឈ្មោះ Foro Penal បានចាត់ទុក​អ្នកទោសទាំង៦នាក់នេះ ជាអ្នកទោសនយោបាយ​ ក្នុងចំណោម​អ្នកទោសនយោបាយទាំងអស់ ២៥១នាក់ ដែល​របបផ្តាច់ការរបស់​​លោកម៉ាឌូរ៉ូ បានចាប់បង្ឃាំងដោយ​អយុត្តិធម៌ ដើម្បី​បំបិតមាត់​បក្សប្រឆាំង។

ចំណែកលោក Jorge Alberto Fernandez គឺជាជនជាតិអាមេរិកដើមកំណើតគុយបា ត្រូវបានអាជ្ញាធរវ៉េណេស៊ុយអេឡា ចាប់ខ្លួន​នៅដើមឆ្នាំ​២០២១ ដោយចោទពីបទភេរវកម្ម។

គួររំលឹកថា ទំនាក់ទំនងរវាងអាមេរិក និងវ៉េណេស៊ុយអេឡា បាន​ជួប​ភាពរកាំរកូសខ្លាំងបំផុត បន្ទាប់ពីអាមេរិក បាន​បដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅឆ្នាំ​២០១៨ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើរបបផ្តាច់ការរបស់​លោកម៉ាឌូរ៉ូ។ មុននឹង​ការផ្តាច់ចំណងនេះ អាមេរិកធ្លាប់ជាអតិថិជនទិញប្រេង ដ៏ធំបំផុត របស់វ៉េណេស៊ុយអេឡា។ ៩០%នៃចំណូលរបស់ប្រទេសនេះ គឺបានមកពីការលក់ប្រេង។

ថ្មីៗនេះ គេសង្កេតឃើញ រដ្ឋាភិបាល​លោកចូ បៃដិន បានព្យាយាមបោះដៃចាប់របបរបស់​លោក​ម៉ាឌូរ៉ូវិញ។ ជាក់ស្ដែង កាលពីថ្ងៃចន្ទកន្លងទៅ ប្រេសិតពិសេសតំណាងលោកចូ បៃដិន បានទៅជួប​ជាមួយ​លោក​ម៉ាឌូរ៉ូ ដល់ទីក្រុងការ៉ាកាស។ ជាជំនួប​ដែល​លោក​ប្រធានាធិបតីវ៉េណេស៊ុយអេឡា អះអាងថា បានធ្វើឡើងដោយ​ការគោរពគ្នា ក្នុង​ន័យការទូត តែដោយ​មិនបញ្ជាក់លំអិតអំពីខ្លឹមសារនៃការនិយាយគ្នាទេ។ ដោយឡែក លោកស្រី ជែន សាគី អ្នកនាំពាក្យសេតវិមាន បានអះអាងថា ប្រេសិតរបស់អាមេរិក បាននិយាយច្រើនរឿងណាស់ ជាមួយ​លោក​ម៉ាឌូរ៉ូ ហើយ​ក្នុងនោះក៏មានសំណុំរឿងថាមពលដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ រដ្ឋាភិបាល​លោកចូ បៃដិន បា​នប្រកាសឈប់ទិញប្រេងរបស់រុស្ស៊ី ដើម្បីជាការបន្ថែមទណ្ឌកម្មសំពងលើលោកពូទីន ដែលបាន​ធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ជាមធ្យម អាមេរិកនាំចូលប្រេងពីរុស្ស៊ីប្រមាណជា​៨% នៃតម្រូវការក្នុងស្រុក។ ការងាកទៅចាប់ដៃជាមួយវ៉េណេស៊ុយអេឡា ឡើងវិញនេះ អាចជា​មធ្យោបាយ ដើម្បី​បានទិញប្រេងពីប្រទេសនេះ មកបំពេញតម្រូវការរបស់អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ